យោធាអ៊ីស្រាអែលបន្តវាយប្រហារក្រុម Hezbollah ជាសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅក្នុងទីក្រុងបៃរ៉ូតប្រទេសលីបង់! ក្រោយពីរយៈពេល៥ថ្ងៃនៃជម្លោះរបស់ពួកគេបានសម្លាប់មនុស្សជិត៨០០នាក់ហើយ

មានករណីបំផ្ទុះដ៏ធំមួយបានបញ្ចេញពពកផ្សែងខ្មៅឡើងទៅលើផ្ទៃមេឃនាព្រឹកថ្ងៃពុធនេះនៅក្នុងទីក្រុងបៃរូត។ យោងតាមរូបភាពវីដេអូដែលថតដោយសារព័ត៌មាន AP បានបង្ហាញពីផ្សែងហុយយ៉ាងក្រាស់ពីជាយក្រុង Haret Hreik (ហារ៉េត អារិក) ភាគខាងត្បូងនៃទីក្រុងបៃរូតផងដែរ។ ទីក្រុងបៃរូតត្រូវរំខានទាំងព្រឹកព្រលឹមជាមួយនឹងសំឡេងយន្តហោះគ្មានមនុស្សបើក ហោះពីលើពាសពេញអាកាស។ នោះជាការព្រមានរបស់យោធាអ៊ីស្រាអែលសម្រាប់ប្រជាជនក្នុងតំបន់ជាយក្រុងភាគខាងត្បូងឱ្យរត់គេចខ្លួនមុនពេលពួកគេចាប់ផ្តើមវាយប្រហារតាមអាកាសទៅលើក្រុមហេបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ បន្ទាប់មកមានប្រជាជនដែលភៀសខ្លួនកាន់តែច្រើនកំពុងរត់គេចពីជម្លោះរបស់ពួកគេហូរចូលទៅក្នុងរដ្ឋធានីដើម្បីស្វែងរកជម្រកសុវត្ថិភាព។ រយៈពេល៥ថ្ងៃនៃសង្គ្រាមដែលប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថាអាចមានរយៈពេលមួយខែ ឬយូរជាងនេះ បានបណ្តាលឲ្យមនុស្សជិត ៨០ នាក់បានស្លាប់ ភាគច្រើនក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងអ្នកផ្សេងទៀត ដែលលោក Trump បានចាត់ទុកថាជាមេដឹកនាំនាពេលអនាគតរបស់ប្រទេសនេះដែរ។ ហេតុការណ៍បំផ្ទុះដោយវាយប្រហារលើប្រទេសលីបង់ ជាទីតាំងដែលអ៊ីស្រាអែលបាននិយាយរួចហើយថាខ្លួនកំពុងសងសឹកប្រឆាំងនឹងពួកសកម្មប្រយុទ្ធ Hezbollah លាក់ខ្លួនតែប៉ុណ្ណោះ តែសម្រាប់លីបង់វិញ ជាការខូចខាតដ៏ធំ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់បានរាយការណ៍ថាយ៉ាងហោចណាស់មនុស្ស៤នាក់ត្រូវបានស្លាប់បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែលលើអគារលំនៅដ្ឋានមួយនៅក្នុងទីក្រុង Baalbeck (បាល់បិក)៕

សម្រួលអត្ថបទ៖ សុផារិន្ទ