អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នអញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវ «អគារថ្មីមួយខ្នង នៃមន្ទីរពេទ្យបង្អែកជ័យជម្នះ ក្រុងតាខ្មៅ»ខេត្តកណ្តាល

ថ្ងៃទី០៤ខែមិនាឆ្នាំ២០២៦អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាលពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវ «អគារថ្មីមួយខ្នង នៃមន្ទីរពេទ្យបង្អែកជ័យជម្នះ ក្រុងតាខ្មៅខេត្តកណ្តាល។
មានប្រសាសន៍សំណេះសំណាលនាឱកាសនេះអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន
បានបញ្ជាក់ថាក្នុងរយៈពេលជិត ៣ ទសវត្សរ៍ ចុងក្រោយ, តាមរយៈការខិតខំឥតស្រាកស្រាន្ត និង ការកែទម្រង់មុតស្រួចឥតងាករេ លើគ្រប់វិស័យ របស់រាជរដ្ឋាភិបាល, ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយជវភាព និង ភាពប្រាកដនិយម របស់ សម្តេចអគ្គមហាសេនាបតី-តេជោ ហ៊ុន សែន, អតីត នាយករដ្ឋមន្រ្តី និង បច្ចុប្បន្នជា ប្រធានព្រឹទ្ធសភា, និង ការ-បន្តវេនដឹកនាំ ដ៏ត្រឹមត្រូវ និង ប៉ិនប្រសប់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេច-មហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នេះ នៃរដ្ឋសភា, កម្ពុជា បន្ដសម្រេចបាននូវសមិទ្ធផលដ៏​ធំធេងជាច្រើន និង បានផ្លាស់ប្ដូរ​មុខមាត់ គួរជាទីមោទនៈ ​ដោយរក្សាបានយ៉ាងគត់មត់ នូវស្ថិរភាពនយោបាយ, សណ្តាប់ធ្នាប់សង្គម, សន្តិសុខ, សុវត្ថិភាព, ព្រមទាំង ធានាបានយ៉ាងរឹងមាំ នូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ ។ បន្ថែមលើនេះ, សេដ្ឋកិច្ចកម្ពុជា បានស្ទុះងើបឡើងវិញយ៉ាងរហ័ស និង បន្តឈរលើមាគ៌ានៃកំណើនដ៏រឹងមាំ បន្ទាប់ពីវិបត្តិនៃជំងឺកូវីដ-១៩ ជាសកល ទោះបីជាត្រូវបន្តពុះពារជម្នះ នូវបញ្ហាប្រឈម និង ភាពមិនប្រាកដប្រជាខ្ពស់ នៃ​ស្ថានភាព តំបន់ និង ​សកល ដោយសារការ​បន្តប្រឈមមុខខាងភូមិសាស្រ្តនយោបាយ​កាន់តែ​ស្រួចស្រាល់, រាប់ទាំង ការផ្ទុះឡើងនូវសង្គ្រាមនៅមជ្ឈឹមបូព៌ា នាពេលថ្មីៗនេះ; ការបែកខ្ញែកនៃសេដ្ឋកិច្ចសកល ដែលប៉ះពាល់ដល់កិច្ចសហប្រតិបត្តិការ និង ពាណិជ្ជកម្មអន្តរជាតិ; ការងើបមកវិញនៃនិន្នាការឯកតោភាគីនិយម; ភាព​មិនច្បាស់លាស់នៃ​ទស្សនវិស័យកំណើនសេដ្ឋកិច្ច នៃ បណ្តាប្រទេស និង តំបន់ ជាដៃគូពាណិជ្ជកម្ម​សំខាន់ៗរបស់​កម្ពុជា, ការប្រែប្រួលអាកាស-ធាតុ ។ល។
ក្នុងដំណាក់កាលថ្មីនៃការបន្តខិតខំអភិវឌ្ឍប្រទេស, ចាប់តាំងពីដើមនីតិកាលទី ៧ នេះ នៃរដ្ឋសភា, រាជរដ្ឋាភិបាល បានដាក់ចេញ និង កំពុង​ ជំរុញអនុវត្ត នូវ យុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី ១, ទន្ទឹមគ្នានឹង កម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦ និង វិធានការគន្លឹះ ចំនួន ៥, សំដៅខិតខំ​ជម្នះឲ្យបាន ​នូវបញ្ហាប្រឈម និង សម្របខ្លួនទៅនឹងការ​ប្រែប្រួលនៃសភាពការណ៍​ ដែល​កើត​ឡើងជា​បន្ដបន្ទាប់ និង ​ដំណាលៗគ្នា ដោយតម្រូវឲ្យរាជរដ្ឋាភិបាល ចាត់វិធានការអន្តរាគមន៍ ឲ្យបានទាន់ពេល និង ចំទិសដៅ ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធិភាពខ្ពស់ សំដៅ, ម្ខាងន្តរក្សានូវចលនការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជារួម; និង ម្ខាងទៀត, ប្រែក្លាយបញ្ហា​ប្រឈមទាំងនេះ ឲ្យក្លាយទៅ​ជាកាលានុវត្តភាព តាមរយៈការបន្តពង្រឹងភាពប្រកួតប្រជែង, ភាពរឹងមាំ និង ភាពធន់ទៅនឹងវិបត្តិ, ការកែលម្អបរិយាកាសធុរកិច្ច, ការបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច, ការ-ពង្រឹងលទ្ធភាពលើកកម្ពស់ខ្សែច្រវាក់ផលិតកម្មក្នុង​ស្រុក សំដៅជំរុញការតភ្ជាប់ ទៅនឹង ខ្សែច្រវាក់ផលិតកម្ម ក្នុង​តំបន់ និង​ សកល, ការចាប់យកសកម្មភាពផលិតកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់, ការបង្កើតការងារកាន់តែច្រើន សម្រាប់កម្លាំងពលកម្មដែលមានជំនាញមធ្យម និង ខ្ពស់, ការពង្រីកមូលដ្ឋានសេដ្ឋកិច្ចជាតិ ឲ្យកាន់តែទូលំទូលាយ ។ល។ សំដៅ ឈានទៅសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០» ។ ជាលទ្ធផល, ទោះ​បីត្រូវ​ប្រឈមនឹងភាពមិនប្រាកដប្រជាកាន់តែស្រួចស្រាល់ ក្នុងបរិការណ៍សកល ក៏ដូចជា ត្រូវប្រឈមនឹងការគម្រាម និង ការរំលោភ លើអធិបតេយ្យជាតិ និង បូរណភាពទឹកដី យ៉ាងណាក្តី, ក៏សេដ្ឋកិច្ចកម្ពុជា ត្រូវ​បានរំពឹងថា អាចនឹងសម្រេចបានកំណើន ក្នុងរង្វង់ប្រមាណ ៥,២% ក្នុងឆ្នាំ ២០២៥ និង ប្រមាណ ៥% សម្រាប់ឆ្នាំ ២០២៦ នេះ ។ កំណើនសេដ្ឋកិច្ចដ៏រឹងមាំ ប្រកបដោយចីរភាព, ជាពិសេស ក្នុងរយៈពេលជាងពីរទសវត្សរ៍ មុនការមកដល់នៃវិបត្តិជំងឺកូវីដ-១៩ ជាសកល, ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់លទ្ធភាព ដល់រាជរដ្ឋាភិបាល, ម្យ៉ាង, ក្នុងការបង្កើនការវិនិយោគសាធារណៈ លើហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទ ជាអាទិ៍៖ ផ្លូវថ្នល់, ស្ពាន, សាលារៀន, មន្ទីរពេទ្យ, ប្រព័ន្ធធារាសាស្រ្ត, ប្រព័ន្ធទឹកស្អាត, បណ្តាញអគ្គិសនី ។ល។; និង ម្យ៉ាងទៀត, ក្នុងការតម្លើងប្រាក់បៀវត្ស, ប្រាក់បំណាច់មុខងារ និង របបសន្តិសុខ​សង្គម ​ជូនមន្រ្តីរាជការស៊ីវិល, កងកម្លាំងប្រដាប់អាវុធ, និវត្តជន និង មន្រ្តីបុគ្គលិកគ្រប់ប្រភេទ ទន្ទឹមគ្នានឹងការបង្កើនប្រាក់សោធនប្រចាំខែ ​សម្រាប់ ​អតីតមន្រ្តីរាជការស៊ីវិល និង អតីតយុទ្ធជន ។អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាលបានក្រើនរំលឹករដ្ឋបាលខេត្ត, រដ្ឋបាលក្រុង/ស្រុក និង ឃុំ/សង្កាត់, ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ត និង តាមបណ្តាក្រុង/ស្រុក, គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់, ថ្នាក់ដឹកនាំ, ក្រុមគ្រូពេទ្យ និង បុគ្គលិក នៃមន្ទីរពេទ្យបង្អែកជ័យជម្នះ, បន្តយកចិត្តទុកដាក់ លើការងារសំខាន់មួយចំនួន ដូចខាងក្រោម៖
ទី១- ទោះបីសភាពការណ៍ និង សន្តិសុខសណ្តាប់ធ្នាប់សង្គម ជារួម ក្នុងខេត្តកណ្តាល និង តាមបណ្តាក្រុង/ស្រុក ត្រូវបានគ្រប់គ្រងល្អហើយក្តី, ក៏រដ្ឋបាលខេត្ត, ក្រុង/ស្រុក, ឃុំ/ សង្កាត់ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាសន្តិសុខ, សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានគត់មត់ ជាប្រចាំ ។ ទន្ទឹមនេះ, រដ្ឋបាលខេត្ត, ក្រុង/ស្រុក, ឃុំ/សង្កាត់ និង កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏ត្រូវបន្តជំរុញ អនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដើម្បី​លើក​កម្ពស់​ការចូល​រួម ​បង្ការ​, ទប់ស្កាត់ និង បង្ក្រាបបទល្មើសនានា ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត​ ជាអាទិ៍៖ អំពើលួច-ឆក់-ប្លន់, ល្បែង​ស៊ីសង​ខុស​ច្បាប់, ​ការ​ប្រើ​ប្រាស់​ និង ការ​ជួញដូរ ​​គ្រឿង​ញៀន​ខុស​ច្បាប់​, បទល្មើស​ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន​​, និង សកម្មភាព​ក្មេង​ទំនើងគ្រប់រូបភាព ។
ទី២- ការផ្តល់សេវាសាធារណៈ គឺជាកិច្ចការអាទិភាព ក្នុងកម្មវិធីនយោបាយ របស់រាជ- រដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នេះ នៃរដ្ឋសភា, ដែលត្រូវបន្តលើកកម្ពស់, ទាំងគុណភាព និង ប្រសិទ្ធភាព ។ ហេតុដូច្នេះ, រដ្ឋបាលខេត្ត, ក្រុង/ស្រុក និង ឃុំ/សង្កាត់ ត្រូវបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ឲ្យបានកាន់តែរហ័ស និង ងាយស្រួល សម្រាប់ប្រជា-ពលរដ្ឋគ្រប់រូប ស្របតាមគោលការណ៍, ស្តង់ដា, បែបបទ និង នីតិវិធី ជាធរមាន, ប្រកប​ដោយស្មារតីទទួលខុសត្រូវ, ប្រសិទ្ធភាព, តម្លាភាព និង គណនេយ្យភាព, ដើម្បី
ឆ្លើយតបទៅនឹងតម្រូវការរបស់បង-ប្អូនប្រជាពលរដ្ឋ ដែលបន្តកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ ស្របពេលដែលប្រទេសយើង កំពុងមានការរីកចម្រើនយ៉ាងរហ័ស ។ ត្រង់ចំណុចនេះ, ខ្ញុំក៏សូមស្នើសុំថ្នាក់ដឹកនាំ, មន្ត្រី-បុគ្គលិក និង ក្រុមគ្រូពេទ្យគ្រប់ជាន់ថ្នាក់ នៃមន្ទីរពេទ្យបង្អែកជ័យជម្នះ រួម​សហការគ្នា​ស្អិតល្មួត ក្នុងការផ្ដល់សេវាពិនិត្យ និង ព្យាបាលអ្នកជំងឺ​ ដោយ​យកចិត្តទុកដាក់ខ្ពស់បំផុត, បន្តអភិវឌ្ឍចំណេះ និង ពង្រឹង​ជំនាញបច្ចេកទេស របស់ ខ្លួន ស្របតាមស្តង់ដាវិទ្យាសាស្រ្តទំនើប, ពង្រឹងគុណភាពនៃការធ្វើរោគវិនិច្ឆ័យ ឲ្យបានកាន់ តែសុក្រឹត្យ តាម​ស្ដង់ដា​បច្ចេកទេសសុខាភិបាល, លើក​កម្ពស់​​ក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការពិនិត្យព្យាបាល ក៏ដូចជា ក្នុងការប្រាស្រ័យទាក់ទង​ជាមួយអ្នកជំងឺ​​, និង បង្កលក្ខណៈ​ងាយស្រួលជាអតិបរមា ​ដល់អ្នកជំងឺគ្រប់រូបដែលមកទទួលសេវាសុខាភិបាល នៅទីនេះ ។
ទី៣- រដ្ឋបាលខេត្ត, ក្រុង-ស្រុក, និង ឃុំ-សង្កាត់ ត្រូវបន្តជំរុញការអភិវឌ្ឍហេដ្ឋារចនា-សម្ព័ន្ធរូបវន្តចាំបាច់នានា សម្រាប់បម្រើដល់សកម្មភាពសេដ្ឋកិច្ច, ការវិនិយោគ, ការធ្វើ-ពាណិជ្ជកម្ម, ទេសចរណ៍ និង ការប្រកបមុខរបរខ្នាតតូច របស់ប្រជាពលរដ្ឋ, ពិសេស ត្រូវគិតគូរ និង លើកទឹកចិត្ត ដល់សហគ្រាសធុនមីក្រូ, តូច និង មធ្យម ក៏ដូចជា វិស័យកសិកម្ម និង កសិ-ឧស្សាហកម្ម ដែលជាវិស័យចម្បងរបស់ខេត្ត, សំដៅបង្កើនការងារ និង ប្រាក់ចំណូល របស់ប្រជាពលរដ្ឋ, កាត់បន្ថយភាពក្រីក្រ, ជំរុញកំណើនសេដ្ឋកិច្ច និង រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយចីរភាព និង បរិយាបន្ន, នេះម៉្យាង; និង ម៉្យាងទៀត, ត្រូវខិតខំទាក់ទាញការវិនិយោគ និង ការបណ្តាក់ទុន ប្រកបអាជីវកម្មនានា ពីគ្រប់ប្រភពស្របច្បាប់ទាំងឡាយ ដើម្បីចូលរួមជំរុញការអភិវឌ្ឍខេត្ត ឲ្យកាន់តែមានសន្ទុះខ្លាំងក្លាបន្ថែមទៀត ។
ទី៤- ក្នុងកាលៈទេសៈពិសេសបច្ចុប្បន្ន ដែលជាតិយើង ត្រូវរួមគ្នាជាឆ្លុងមួយ ក្នុងការ-តស៊ូប្រយុទ្ធប្រឆាំងនឹងការរំលោភបំពាន លើអធិបតេយ្យជាតិ និង បូរណភាពទឹកដី, ខ្ញុំស្នើសុំរដ្ឋបាលខេត្ត, ក្រុង/ស្រុក, ឃុំ/សង្កាត់, គណៈបញ្ជាការឯកភាពគ្រប់លំដាប់ថ្នាក់, ក៏ដូចជា បង-ប្អូនប្រជាពលរដ្ឋទូទៅពីគ្រប់មជ្ឈដ្ឋាន បន្តចូលរួមលើកកម្ពស់ស្មារតីសាមគ្គីភាព និង ឯកភាពជាតិរឹងមាំ ជុំវិញរាជរដ្ឋាភិបាល, ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និង ឈ្លាសវៃ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។ កម្លាំងសាមគ្គីភាព និង ឯកភាពជាតិ ដ៏រឹងមាំរបស់យើងទាំងអស់គ្នា ជាប្រជាជនខ្មែរ ពិតជាមានសារៈសំខាន់ និង មិនអាចខ្វះបាន ដើម្បីជម្នះនូវបញ្ហាប្រឈមផងទាំងពួង ដោយជោគជ័យ, រួមទាំងបញ្ហាព្រំដែន ផងដែរ ។ និង
ទី៥- បន្ទាប់ពីយើងបានកសាងអគារថ្មី ដ៏ស្រស់ស្អាត និង ធំទូលាយ នេះហើយ, ខ្ញុំសង្ឃឹមថា ថ្នាក់ដឹកនាំ, មន្រ្តី-បុគ្គលិក និង ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកជ័យជម្នះ ដែលបម្រើការងារនៅទីនេះ នឹងយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែរក្សាអនាម័យ និង សោភ័ណភាពនៃអគារទាំងមូល ឲ្យបានល្អ និង ស្អាតយូរអង្វែង, ដូចដែល សម្តេចតេជោប្រធានព្រឹទ្ធសភា តែងតែក្រើនរំលឹកយើងទាំងអស់គ្នាថា៖ ការទទួលបានសមិទ្ធផលថ្មី គឺជារឿងល្អ; ប៉ុន្តែ, អ្វីដែលសំខាន់ និង កាន់តែត្រូវយកចិត្តទុកដាក់នោះគឺ៖ ការថែរក្សា និង ការប្រើប្រាស់សមិទ្ធផលទាំងនោះ ឲ្យបានគង់វង្សយូរអង្វែង ។