មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត «បើក» សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ក្រោមប្រធានបទ៖ «រួមគ្នាដើម្បីកម្ពុជា គ្មានជំងឺគ្រុនចាញ់ គ្មានជំងឺព្រូនស៊ីស្តូ

លោកបណ្ឌិត ហ៊ុយ រ៉េកុល

ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បាន

ថ្លែងក្នុងពិធី «បើក» សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្តក្រោមប្រធានបទ៖ «រួមគ្នាដើម្បីកម្ពុជា គ្មានជំងឺគ្រុនចាញ់ គ្មានជំងឺព្រូនស៊ីស្តូ ក្រោយឆ្នាំ ២០២៥» កាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦នេះថា÷ សមិទ្ធផលដែលទទួលបាននាឆ្នាំកន្លងមកនេះ គឺមានចំណុចគន្លឹះជោគជ័យមួយចំនួនដែលបានមកពីការដឹកនាំ និងការគាំទ្រយ៉ាងមាំមួនពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់ទិសដៅច្បាស់លាស់ និងការណែនាំជាប់លាប់ ស្របជាមួយការសម្របសម្រួល និងសហការល្អពហុវិស័យ រវាងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍទាំងអស់។ ជាមួយគ្នានេះ ប្រព័ន្ធតាមដាន និងព័ត៌មានជំងឺដែលមានប្រសិទ្ធភាពខ្ពស់ បានអនុញ្ញាតឱ្យការរាយការណ៍ អង្កេត និងឆ្លើយតបទាន់ពេល ខណៈដែលការគ្រប់គ្រងករណី និងសេវាសុខាភិបាលដែលមានការគ្របដណ្តប់ទូលំទូលាយ បានធានាការរកឃើញ និងព្យាបាលជំងឺបានត្រឹមត្រូវ ទោះនៅតំបន់ដាច់ស្រយាលក៏ដោយ។ លើសពីនេះ ការឆ្លើយតបរហ័ស និងការអនុវត្តយុទ្ធនាការបុរេសកម្ម ៦០ថ្ងៃ ដើម្បីកាត់ផ្តាច់ការចម្លងចុងក្រោយ បានជួយកាត់បន្ថយហានិភ័យនៃការចម្លងយ៉ាងមានប្រសិទ្ធភាព។ ការចូលរួមសកម្ម និងការយល់ដឹងរបស់សហគមន៍ រួមនឹងការប្តេជ្ញាចិត្ត និងទំនួលខុសត្រូវខ្ពស់របស់ក្រុមការងារ បានក្លាយជាគ្រឹះសំខាន់នៃភាពជោគជ័យ ខណៈដែលការរៀបចំយុទ្ធសាស្ត្របន្ត និងចក្ខុវិស័យវែងឆ្ងាយ បានធានាចីរភាពនៃសមិទ្ធផល “គ្មានជំងឺគ្រុនចាញ់” នៅព្រះរាជាណាចក្រកម្ពុជា។

លោកបណ្ឌិត ប្រធានមជ្ឈមណ្ឌលបានបន្តថា

សន្និបាតថ្ងៃនេះ មានសារៈសំខាន់បំផុត និងជាមោទកភាពយ៉ាងជ្រាលជ្រៅសម្រាប់យើងទាំងអស់គ្នា ដើម្បីពិនិត្យមើលនូវវឌ្ឍនភាព សមិទ្ធផលការងារ បញ្ហាប្រឈមដែលនឹងត្រូវដោះស្រាយក្នុងដំណើរឆ្ពោះទៅមុខ និងរួមគ្នាបន្តប្រយុទ្ធនឹងជំងឺគ្រុនឈាម ជំងឺដង្កូវព្រូន និងទប់ស្កាត់ការកកើតជំងឺគ្រុនចាញ់ និងជំងឺព្រូនស៊ីស្តូឡើងវិញ ក្រោយឆ្នាំ២០២៥ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការចូលរួមចំណែកជាមួយក្រសួងសុខាភិបាលក្នុងការកាត់បន្ថយការឈឺ និងស្លាប់បណ្តាល មកពីជំងឺឆ្លងចម្បងៗ និងការលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ដែលជាកម្មវិធីអាទិភាពរបស់ផែនការយុទ្ធសាស្រ្តសុខាភិបាលឆ្នាំ២០២៥-២០៣៤ និងគាំទ្រយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

ក្នុងន័យនេះ លោកសូមចូលរួមនូវធាតុចូលជាទស្សនៈទានមួយចំនួន សម្រាប់អង្គសន្និបាត ពិនិត្យ វិភាគពិចារណា និងពិភាក្សាបន្ថែមឱ្យបានស៊ីជម្រៅ សំដៅពង្រឹងប្រសិទ្ធភាពការងារ កែលម្អគុណភាពអនុវត្ត និងធានាឱ្យការសម្រេចចិត្តនានាមានភាពត្រឹមត្រូវ ស្របតាមផែនការយុទ្ធសាស្រ្តជាតិលុបបំបាត់ជំងឺគ្រុនចាញ់ និងទប់ស្កាត់ការកកើតជំងឺគ្រុនចាញ់ឡើងវិញក្នុងព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៦-២០៣៥ មានដូចតទៅ៖

1. ការគ្រប់គ្រង និងតាមដានករណីនាំចូលជំងឺគ្រុនចាញ់

2. ការទប់ស្កាត់ និងឆ្លើយតបចំពោះការលាប់ឡើងវិញនៃមេរោគ Plasmodium vivax និងមេរោគឆ្លងពីសត្វមកមនុស្ស (Plasmodium knowlesi)

3. ការគ្រប់គ្រងសម្ភារៈ បរិក្ខារ និងស្តុកឱ្យមានប្រសិទ្ធភាព ក្នុងស្ថានភាពតម្រូវការថយចុះ

4. ការពង្រឹងកិច្ចសហការជាមួយផ្នែកពាក់ព័ន្ធ ដើម្បីធ្វើសមាហរណកម្មសកម្មភាព (រួមទាំងបណ្តាញអ្នកស្ម័គ្រចិត្តភូមិព្យាបាលជំងឺគ្រុនចាញ់ និងប្រព័ន្ធព័ត៌មានសុខាភិបាល)

5. ការកាត់បន្ថយគម្លាតរវាងចំណេះដឹង និងអាកប្បកិរិយាប្រជាជន ក្នុងការប្រើប្រាស់សេវាបង្ការ និងព្យាបាលជំងឺក្នុងបរិបទទប់ស្កាត់ការកកើតជំងឺគ្រុនចាញ់ និងជំងឺព្រូនស៊ីស្តូ ឡើងវិញ

6. ការធ្វើបុរេសកម្មក្នុងការទប់ស្កាត់ការរីករាលដាលការចម្លងជំងឺគ្រុនឈាម

លោកបណ្ឌិត ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត បានលើកឡើងបន្ថែមថា តាមរយៈរបាយការណ៍សមិទ្ធផលរបស់មជ្ឈមណ្ឌលជាតិ ឆ្នាំ២០២៥ ដែលរាយការណ៍ដោយលោកវេជ្ជបណ្ឌិត ស៊ីវ សុវណ្ណារ័ត្ន គឺបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពគួរឱ្យកត់សំគាល់ ដែលកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ កម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាម និងកម្មវិធីជាតិប្រយុទ្ធនឹងជំងឺដង្កូវព្រូន បានខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាពការងារតាមបែប បុរេសកម្ម និងមានស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឈានឥទៅសម្រេចគោលដៅរបស់ខ្លួន ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងចីរភាព ដោយផ្តោតជាចម្បងលើការគ្រប់គ្រងនិងព្យាបាលករណីឈឺ ការគ្រប់គ្រងភ្នាក់ងារចម្លង ការលើកកម្ពស់សុខភាព ការតាមដាននិងអន្តរាគមន៍ឆ្លើយតបបន្ទាន់ និងការសម្របសម្រួលកម្មវិធី ព្រមទាំងកិច្ចសហការ និងប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធជាតិ-អន្តរជាតិគ្រប់កម្រិត រួមទាំងសហគមន៍៕