យោធាអ៊ីស្រាអែលអះអាងថាពួកគេបានវាយកម្ទេចបរិវេណអភិវឌ្ឍន៍នុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់បានហើយ! បន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងលើទឹកដីអ៊ីស្រាអែលសម្លាប់មនុស្សអស់១១នាក់
យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារលើអ្វីដែលខ្លួននិយាយថាជាបរិវេណទីតាំងអភិវឌ្ឍន៍នុយក្លេអ៊ែររបស់អ៊ីរ៉ង់ហើយ។ កាលពីប៉ុន្មានម៉ោងមុនក្រុម IDF របស់អ៊ីស្រាអែលបានវាយប្រហារ និងបំផ្លាញទីស្នាក់ការកណ្តាលនុយក្លេអ៊ែរសម្ងាត់របស់ក្រុម Minzadehei (មីនហ្សាដេហៃ) នេះជាអ្វីដែលលោកឧត្តមសេនីយ៍ឯក Effie Defrin អ្នកនាំពាក្យយោធាអ៊ីស្រាអែលបានលើកឡើង។ ក្រុមនេះបានព្យាយាមកសាងឡើងវិញនូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន និងការលាក់បាំងពួកគេ ដោយគិតថាយើងនឹងមិនអាចកត់សម្គាល់បាន ប៉ុន្តែពួកគេយល់ច្រឡំហើយ។ ផ្នែកស៊ើបការណ៍សម្ងាត់របស់យើងបានរកឃើញ និងតាមដានចលនាទាំងនោះបាន ហើយឥឡូវនេះកងទ័ពអាកាសរបស់យើងក៏បានកំពុងវាយប្រហារទីស្នាក់ការកណ្តាលទាំងនោះ នៅទូទាំងទីក្រុងតេអេរ៉ង់ដែរ។ “នេះជារបៀបដែលយើងធ្វើការឱ្យបានកាន់តែរហ័សដើម្បីគ្រប់គ្រងលើរបបពួកគេឱ្យកាន់តែស៊ីជម្រៅ និងការពារនូវរនាំងពង្រីកសមត្ថភាពរបស់ពួកគេ និងការប៉ុនប៉ងណាមួយដើម្បីទទួលបានកម្មវិធីអាវុធនុយក្លេអ៊ែរជាបន្តទៀត”។ តាមមតិយោបល់របស់លោកបានបញ្ជាក់ថា វាបានកើតឡើងនៅពេលដែលអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសលើប្រព័ន្ធបាញ់មីស៊ីល និងរោងចក្រផលិតមីស៊ីលរបស់អ៊ីរ៉ង់កាលពីថ្ងៃអង្គារម្សិលមិញ ហើយអ៊ីរ៉ង់បានសងសឹកប្រឆាំងនឹងអ៊ីស្រាអែលវិញ និងនៅទូទាំងតំបន់ឈូងសមុទ្រ ដោយបានរំខានដល់ការផ្គត់ផ្គង់ថាមពល និងការធ្វើដំណើរតាមដែនអាកាសនានាដែរ។ នៅពេលដែលមាសម្លេងផ្ទុះបានបន្លឺឡើងនៅទីក្រុងតេអេរ៉ង់ និងនៅលីបង់ – ជាកន្លែងដែលអ៊ីស្រាអែលបាននិយាយថា ពួកគេបានវាយប្រហារពួកសកម្មប្រយុទ្ធ Hezbollah – ចំណែកស្ថានទូតអាមេរិកប្រចាំនៅប្រទេសអារ៉ាប៊ីសាអូឌីតវិញក៏បានរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ដែរ។ ៤ថ្ងៃនៃសង្គ្រាមដែលប្រធានាធិបតីអាម៉េរិក Donald Trump បានអះអាងថានឹងមានរយៈពេលច្រើនសប្តាហ៍ ប៉ុន្តែក្រោយមកលោកថាប្រហែលអូសបន្លាយពេលយូរជាងនេះ ដោយមានមនុស្សស្លាប់រាប់រយនាក់ ដែលភាគច្រើនគឺនៅក្នុងប្រទេសអ៊ីរ៉ង់តែម្តង។ ព័ត៌មានដែលចេញពីប្រទេសអ៊ីរ៉ង់គឺមានកម្រិតដោយសារតែការទំនាក់ទំនងមិនល្អជាមួយនឹងប្រព័ន្ធផ្សព្វផ្សាយធំៗ ហើយការវាយប្រហារតាមអាកាស ២៤ ម៉ោងលើ២៤ម៉ោង ក្លាយជាការរឹតបន្តឹងយ៉ាងតឹងរ៉ឹងលើក្រុមអ្នកកាសែតដែរ។ អ៊ីរ៉ង់បានបាញ់មីស៊ីលផ្លោងរាប់សិបគ្រាប់ទៅលើប្រទេសអ៊ីស្រាអែល ដែលបណ្តាលឱ្យមានសំឡេងស៊ីរ៉ែនវាយប្រហារតាមអាកាសទូទាំងប្រទេសតែម្តង។ ល្បឿននៃការវាយប្រហារហាក់ដូចជាថយចុះ ដោយអ៊ីស្រាអែលបានស្ទាក់ចាប់គ្រាប់បាញ់ប្រហារនោះភាគច្រើន ប៉ុន្តែមីស៊ីលមួយចំនួនរបស់អ៊ីរ៉ង់ក៏បានធ្លាក់ដោយសម្លាប់មនុស្ស១១នាក់នៅអ៊ីស្រាអែលដែរ៕
សម្រួលអត្ថបទ៖សុផារិន្ទ



