រដ្ឋមន្រ្តីសុខាភិបាល៖ «ការរក្សាបាននូវទឹកចិត្តរីករាយ និងស្មារតីមុះមុតក្នុងការបម្រើសេវាសុខាភិបាល របស់មន្រ្តីសុខាភិបាលគ្រប់ជាន់ថ្នាក់មានភាពសំខាន់នៅគ្រប់កាលៈទេសៈ។»
នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ក្នុងឱកាសដ៏មមាញឹករបស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបន្តដឹកនាំវគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍ ដល់មន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល ចូលរួមតាមប្រព័ន្ធវីដេអូសន្និសីទ(Zoom)សរុបចំនួន ៣១២៥ នាក់។
ដោយផ្សារភ្ជាប់ជាមួយនឹងការងារចុះពិនិត្យមូលដ្ឋានសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកយកចំនុចមួយចំនួនមកឆ្លុះបញ្ចាំង ចែករំលែកជូនថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីសុខាភិបាលទាំងអស់ យកទៅធ្វើការពិចារណា និងរៀបចំយន្តរការ ដើម្បីបង្ការទប់ស្កាត់ កុំឱ្យភាពអសកម្មណាមួយអាចកើតមានបានដោយការធ្វេសប្រហែស ក្នុងការបម្រើសេវា។ ឯកឧត្តមសាស្រ្តាចារ្យ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំទាំងអស់យកចិត្តទុកដាក់ក្នុងការអនុវត្តគោលការណ៍ជាតិ ឱ្យទៅជាសកម្មភាពជាក់ស្តែង នៅតាមមូលដ្ឋានសុខាភិបាល។ ថ្នាក់ដឹកនាំទាំងអស់ត្រូវចូលរួមធ្វើជាគំរូល្អ និងត្រូវជំរុញមន្រ្តីសុខាភិបាលមានទឹកចិត្តរីករាយនិងស្មារតីមុះមុតក្នុងការបំរើសេវាជូនប្រជាជន។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកយកពាក្យគន្លឺះ influence (ឥទិ្ធពល) មកធ្វើការវែកញែកជូនមន្រ្តីសុខាភិបាលនឹងណែនាំឱ្យថ្នាក់ដឹកនាំបានដឹងពីប្រភពរបស់ឥទ្ធិពល ដែលកើតចេញពីសកម្មភាពរបស់បុគ្គល ដែលមានសុច្ចរិតភាព មានគណនេយ្យភាព មានវិន័យ មានភាពម្ចាស់ការ និងភាពស្អាតស្អំនៅក្នុងការបំពេញការងារឱ្យចេញជាសមិទ្ធិផលវិជ្ជមាន។
ជាកិច្ចបន្តក្រុមការងារមន្ទីរពេទ្យបង្អែកឧតុង្គ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ បានធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA ដើម្បីបង្កើនសេវាព្យាបាលជំងឺទឹកនោមផ្អែមដែលមានកម្រិតជាស្កក្នុងឈាមខ្ពស់។
ក្រោយពីបទបង្ហាញនិងការពិភាក្សា ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី បានផ្តាំផ្ញើរដល់មន្រ្តីសុខាភិបាលអោយបន្តខិតខំស្វែងរកចំនុចខ្វះខាត មកធ្វើការកែរលម្អជាបន្តបន្ទាប់ ព្រោះការប្រកាន់គោលការណ៍បែបនេះ គឺជាវប្បធម៌មួយ នៃការធ្វើការងារក្នុងវិស័យសុខាភិបាល ដែលផ្តោតចម្បងទៅលើជំនាញបច្ចេកទេស ក្រមសីលធម៌ និងភាពជាអ្នកមានវិជ្ជាជីវៈ។



