ឯកឧត្ដមបណ្ឌិត កៅ ថាច ដឹកនាំសហការីចុះសិក្សាស្វែងយល់ពីបច្ចេកវិទ្យាផលិតទឹកស្អាត ដើម្បីបម្រើឱ្យវិស័យកសិកម្ម នៅទីក្រុងក្វាងចូវ ប្រទេសចិន

​(ក្រុងក្វាងចូវ, ចិន)៖ នាថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្ដមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីចុះទស្សនកិច្ចសិក្សា និងស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មនៅក្រុមហ៊ុនកែច្នៃទឹកស្អាត Lanjing SWIROLVA។

​ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្ដមបណ្ឌិតបានផ្ដោតសំខាន់លើការសិក្សាពីបច្ចេកវិទ្យាផលិតទឹកស្អាត ដើម្បីយកមកប្រើប្រាស់ក្នុងវិស័យកសិកម្ម រួមមានការដាំដុះ និងការចិញ្ចឹមសត្វ។ ទន្ទឹមនឹងនោះ ឯកឧត្ដមបណ្ឌិតក៏បានពិភាក្សាជាមួយក្រុមហ៊ុនអំពីលទ្ធភាពបច្ចេកទេសក្នុងការកែច្នៃអណ្តូងទឹកនៅតាមតំបន់ជនបទ ឱ្យក្លាយជាប្រភពទឹកស្អាតដែលមានសុវត្ថិភាព សម្រាប់បម្រើដល់ការរស់នៅ និងការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ សំដៅធានាឱ្យបាននូវទិន្នផលខ្ពស់ និងចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារនៅតាមទីជនបទឱ្យកាន់តែប្រសើរឡើង៕