ពិធីការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៧ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ របស់សមណនិស្សិត និស្សិត នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា រៀបចំពិធីការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៧ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ក្រោមអធិបតី ឯកឧត្តមបណ្ឌិត មាស សំណាង រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ដោយមានការនិមន្ត អញ្ជើញចូលរួមដោយ ព្រះសុមេធវង្សបណ្ឌិត សុខ ប៊ុនធឿន ព្រះប្រធានផ្នែកពុទ្ធិកឧត្តមសិក្សា និងក្រោយឧត្តមសិក្សា លោក លោកស្រីសាកលវិទ្យាធិការរង ព្រឹទ្ធបុរស ព្រឹទ្ធបុរសរង ប្រធានដេប៉ាតឺម៉ង់ ប្រធានការិយាល័យ គណៈកម្មការ មន្រ្តីរាជការ បុគ្គលិកសិក្សា និងបេក្ខសមណនិស្សិត-និស្សិត សរុបប្រមាណ ៣៩៨ អង្គ/នាក់ ។

ថ្លែងក្នុងពិធីការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៃពុទ្ធកសាកលវិទ្យាល័យព្រះសីហមុនីរាជា នៅព្រឹកថ្ងៃទី៣ មីនានេះ  ឯកឧត្តមបណ្ឌិត មាស សំណាង បានជំរុញឱ្យសមណនិស្សិត និងនិស្សិតត្រូវខិតខំប្រឹងប្រែងជួយខ្លួនឯងឱ្យមានចំណេះ ជំនាញ បទពិសោធន៍ការងារជាមួយនឹងសីលធម៌ និងគុណភាពដើម្បីក្លាយជាកោសិកាជាតិដ៏សំខាន់របស់ជាតិ។បច្ចុប្បន្នសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច ព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានក្លាយជាថ្នាលបណ្តុះបណ្តាលធនធានមនុស្សមួយដ៏សំខាន់សម្រាប់បណ្តុះបណ្តាលធនធានផ្នែកព្រះសង្ឃ និងនិស្សិតឱ្យទទួលបានចំណេះដឹងលើវិស័យពុទ្ធសាសនាក៏ដូចជាពុទ្ធចក្រដើម្បីជួយទ្រទ្រង់នូវវប្បធម៌ ទំនៀមទំលាប់និងអត្តសញ្ញាណរបស់ជាតិ។

រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសប់ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដោយផ្តោតសំខាន់លើ “ការ អភិវឌ្ឍមូលធនមនុស្ស» គឺជាចំណុចអាទិភាពខ្ពស់បំផុត។ ស្របទៅនិងគោលនយោបាយរបស់រាជរដ្ឋាភិបាល
ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា បានបំពេញបេសកកម្មអប់រំកម្រិតឧត្តមសិក្សា ក្នុងកិច្ចកសាងនិងបណ្តុះបណ្តាល មូលធនមនុស្ស ដើម្បីលើកកម្ពស់វិស័យអប់រំឲ្យឈានទៅរកឧត្តមភាពនិងកិត្យានុភាព ។

ដោយឡែក ការការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី១៧ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នាឱកាសនេះ មានបេក្ខសមណនិស្សិត-និស្សិតចំនួនសរុប ២៧៥ អង្គ/នាក់ លើឯកទេសចំនួន ៦ រួមមាន ៖ នីតិសាស្ត្រ, អក្សរសាស្ត្រខ្មែរ
, គ្រប់គ្រងទូទៅ, វិទ្យាសាស្ត្រអប់រំ, វិទ្យាសាស្ត្រកុំព្យូទ័រ និង ឯកទេសបង្រៀនភាសាអង់គ្លេស ៕