Dubai ធ្លាប់ជាឋានសួគ៌សម្រាប់ភ្ញៀវទេសចរមកពី ទូទាំងពិភពលោក ពេលនេះមានផ្សែងហុយខ្មួរខ្មាញ់ក្រោយអ៊ីរ៉ង់ បាញ់មីស៊ីលសងសឹកទៅលើមូលដ្ឋានទ័ពអាម៉េរិក និង អ៊ីស្រាអែលវិញ….
ភ្ញៀវទេសចរនៅសណ្ឋាគារ Dubai ម្នាក់បានរៀបរាប់ពីបទពិសោធន៍ជម្លៀសខ្លួនរបស់នាង បន្ទាប់ពីទីក្រុងនេះត្រូវបានវាយប្រហារដោយមីស៊ីលសងសឹករបស់អ៊ីរ៉ង់។ អ្នកស្រី Mia Plainer បានជិះទូកកំសាន្តពេញមួយថ្ងៃកាលពីថ្ងៃសៅរ៍កន្លងទៅ នៅពេលនោះអ្នកស្រីបានឃើញគ្រាប់មីស៊ីលធ្លាក់ចុះមកតែម្តង។ បន្ទាប់មកអ្នកស្រីបានត្រឡប់មកកាន់សណ្ឋាគារវិញយ៉ាងលឿន ដែលមានឈ្មោះ Five Palm Beach Jumeriah ។ នៅល្ងាចនោះដែរអ្នកស្រី និងភ្ញៀវសណ្ឋាគារផ្សេងទៀតត្រូវបានគេជម្លៀស ទៅកាន់ចំណតរថយន្តបន្ទប់ក្រោមដីរបស់សណ្ឋាគារ។ អ្នកស្រី Plainer បានរៀបរាប់ពីបទពិសោធន៍របស់អ្នកស្រីនៅលើបណ្តាញសង្គមថាពេលនោះគឺមានភ្ញៀវទេសចររាប់រយនាក់បានស្ថិតនៅជាន់ក្រោមដីដោយភាពភ័យខ្លាចខ្លាំងណាស់។ បុគ្គលិកសណ្ឋាគារបានផ្តល់ពូកអាងហែលទឹក ទឹក និងកន្សែងសមរម្យសម្រាប់ពួកគេ។ អ្នកស្រី Plainer បាននិយាយនោះ អ្នកស្រីក៏បានបង្ហោះរូបភាពវីដេអូរបស់គាត់ទៅលើ TikTok ដែរថាដោយសរសេរថា “វាពិតជាជាបទពិសោធន៍ដើរលេងដ៏ឆ្កួតបំផុតដែលខ្ញុំមិនធ្លាប់បានឃើញ”។ អ្នកស្រី Plainer បាននិយាយថា គាត់បានស្ថិតនៅក្នុងបន្ទប់ក្រោមដីជាជំរកបណ្តោះអាសន្នចាប់ពីម៉ោង១២កណ្តាលអាធ្រាតរហូតដល់ម៉ោង៥ព្រឹក ទើបគេឱ្យចូលបន្ទប់សណ្ឋាគារវិញ។ ក្រសួងការពារជាតិប្រទេសអេមីរ៉ាត់អារ៉ាប់រួមបាននិយាយថា ការការពារដែនអាកាសបានដោះស្រាយជាមួយមីស៊ីលផ្លោងចូលចំនួន ១៦៥គ្រាប់ មីស៊ីលបញ្ជា២គ្រាប់ និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ជាង ៥៤០គ្រឿងក្នុងរយៈពេលពីរថ្ងៃ។ ខណៈពេលដែលមន្ត្រីបាននិយាយថា ពួកគេបានស្ទាក់ចាប់ការវាយប្រហារតាមអាកាសទាំងអស់កាលពីថ្ងៃសៅរ៍ កម្ទេចកម្ទីពីអាវុធដែលត្រូវបានបំផ្លាញលើអាកាសបានបង្កឱ្យមានអគ្គីភ័យនៅទីតាំងលើដីល្បីៗមួយចំនួនរបស់ទីក្រុងឌូបៃ ប្រទេសអារ៉ាប់។ មានរូបភាពវីដេអូ និងរូបថតលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញពីអគ្គីភ័យឆាបឆេះនៅខាងក្រៅសណ្ឋាគារ Fairmont នៅលើកោះ Palm Jumeirah ដែលច្នៃប្រឌិតដោយមនុស្សដ៏មានកិត្យានុភាព ស្រាប់តែមានអណ្តាតភ្លើងបានឆាបឆេះនៅផ្នែកខាងមុខនៃសណ្ឋាគារ Burj Al Arab ដ៏ល្បីល្បាញបំផុតនៅមជ្ឈឹមបូព៌ា ហើយផ្សែងបានហុយឡើងលើមេឃនៅជិតប៉ម Burj Khalifa ដែលជាអគារខ្ពស់កប់ពពកកម្ពស់ ២,៧២៣ ហ្វីត ស្មើនឹង ៨៣០ ម៉ែត្រ។ មិនតែប៉ុណ្ណោះក៏មានអគ្គីភ័យឆាបឆេះនៅកំពង់ផែ Jebel Ali របស់ទីក្រុង Dubai ដែលជាស្ថានីយសមុទ្រដ៏សំខាន់របស់ទីក្រុង និងជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់មួយ ហើយអាកាសយានដ្ឋានអន្តរជាតិ Dubai ត្រូវបានខូចខាត និងបុគ្គលិក៤នាក់បានរងរបួស នេះបើយោងតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយDubai។ ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាច្រើនបានចាប់ផ្តើមជើងហោះហើរមួយចំនួនតូចដោយប្រុងប្រយ័ត្នពីប្រទេសអារ៉ាប់រួមកាលពីថ្ងៃចន្ទនេះ ដែលផ្តល់ឱកាសដំបូងសម្រាប់អ្នកធ្វើដំណើរដែលជាប់គាំងដោយការបិទដែនអាកាសទ្រង់ទ្រាយធំដើម្បីចាកចេញពីប្រទេសនេះបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានរួមដៃគ្នាទម្លាក់គ្រាប់បែកលើរដ្ឋអ៊ីរ៉ង់ ហើយអ៊ីរ៉ង់ក៏បានវាយប្រហារលើគោលដៅពួកគេវិញនៅទូទាំងតំបន់មជ្ឈិមបូព៌ាដែរ។ អាកាសយានដ្ឋានអន្តរជាតិ Dubai អាកាសយានដ្ឋានអន្តរជាតិ Zayed របស់ទីក្រុង Abu Dhabi និងអាកាសយានដ្ឋានអន្តរជាតិ Hamad ក្នុងទីក្រុងដូហា ប្រទេសកាតា គឺជាមជ្ឈមណ្ឌលសំខាន់ៗសម្រាប់ការធ្វើដំណើររវាងអឺរ៉ុប អាហ្វ្រិក និងអាស៊ី ហើយទីតាំងទាំង៣សុទ្ធតែបានរងផលប៉ះពាល់ដោយផ្ទាល់ពីការវាយប្រហាររបស់អ៊ីរ៉ង់ត្រឹមប៉ុន្មានម៉ោងក្រោយអាម៉េរិក និង អ៊ីស្រាអែលវាយប្រហារលើសម្លាប់មេដឹកនាំកំពូលរបស់ពួកគេគឺលោក Ayatollah Ali Khamenei ៕
សម្រួលអត្ថបទ៖ សុផារិន្ទ



