មីស៊ីលរបស់អ៊ីរ៉ង់ សង្ស័យថាបានសាយភាយលើផ្ទៃមេឃទីក្រុង Doha ហើយ! ដើម្បីសងសឹកអ៊ីស្រាអែល! ស្របពេលដែលអាម៉េរិកប្រកាសឱ្យពលរដ្ឋខ្លួនចាកចេញពីប្រទេសជាង១០ នៅមជ្ឈឹមបូព៌ា 

មីស៊ីលអ៊ីរ៉ង់ ដែលសង្ស័យថាបានសាយភាយទៅលើផ្ទៃមេឃទីក្រុងដូហានៅព្រឹកថ្ងៃអង្គារនេះ ខណៈដែលអ៊ីរ៉ង់បានបន្តការវាយប្រហារតបតវិញលើយុទ្ធនាការរួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលដែលកំណត់គោលដៅសាធារណរដ្ឋអ៊ីស្លាមចំនួន២ថ្ងៃនេះ។ អ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានវាយប្រហារអ៊ីរ៉ង់នៅក្នុងយុទ្ធនាការមួយដែលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថាទំនងជាចំណាយពេលច្រើនសប្តាហ៍។ ទីក្រុងតេអេរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួនបានវាយប្រហារតបតវិញ ប្រឆាំងនឹងអ៊ីស្រាអែល ដោយសំដៅលើទ្រព្យសម្បត្តិយោធាអាមេរិក នៅក្នុងរដ្ឋនៃតំបន់ឈូងសមុទ្រ និងគោលដៅសំខាន់ៗ ចំពោះការផលិតថាមពលរបស់ពិភពលោកដែរ។ ស្ថានភាពនៃការវាយប្រហារគ្នា ដោយសំដៅសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាមេនី និងកង្វះផែនការចាកចេញណាមួយដែលច្បាស់លាស់ បានរៀបចំឈុតឆាកសម្រាប់ជម្លោះដ៏យូរអង្វែងនេះ ជាមួយនឹងផលវិបាកដ៏ធំធេងរបស់ពិភពលោកដែរ។ ជម្រកសុវត្ថិភាពដែលគេធ្លាប់តែឃើញនៅមជ្ឈិមបូព៌ា ដូចជាទីក្រុងឌូបៃជាដើម ពេលនេះប្រែក្លាយជាមានអគ្គីភ័យកំពុងឆាបឆេះ; អ្នកដំណើរផ្លូវអាកាសរាប់រយរាប់ពាន់នាក់ជាប់គាំងនៅពាសពេញជុំវិញពិភពលោក; តម្លៃប្រេងកើនឡើង; ដោយសម្ព័ន្ធមិត្តអាមេរិកសន្យាថា នឹងជួយបញ្ឈប់មីស៊ីល និងយន្តហោះគ្មានមនុស្សបើករបស់អ៊ីរ៉ង់ឲ្យបាន។ ដោយគ្មានសញ្ញាណាមួយនៃជម្លោះនឹងថយចុះក្នុងពេលដ៏ខ្លីនោះទេ លោកប្រធានាធិបតី Trump បាននិយាយថា ប្រតិបត្តិការនោះទំនងជាអាចនឹងមានរយៈពេល៤ទៅ៥សប្តាហ៍ ប៉ុន្តែលោកបានត្រៀមខ្លួនរួចជាស្រេច “ដើម្បីបន្តវាឲ្យបានយូរជាងនេះទៅទៀតដែរ”។ ជាសញ្ញានៃការព្រួយបារម្ភអំពីសក្តានុពលនៃអំពើហិង្សាកើនឡើង ក្រសួងការបរទេសអាម៉េរិក បានជំរុញឱ្យពលរដ្ឋអាមេរិក ចាកចេញពីប្រទេសក្នុងតំបន់មជ្ឈិមបូព៌ាជាង១០ ប្រទេសដោយសារតែហានិភ័យពីសុវត្ថិភាព។ លោក Trump បាននិយាយថាកងកម្លាំងអាមេរិកបានប្តេជ្ញាបំផ្លាញសមត្ថភាពមីស៊ីលរបស់អ៊ីរ៉ង់ឲ្យបាននិងលុបបំបាត់កងទ័ពជើងទឹករបស់ខ្លួន រារាំងវាពីការទទួលបានអាវុធនុយក្លេអ៊ែរ និងធានាថាវាមិនអាចបន្តគាំទ្រក្រុមសម្ព័ន្ធមិត្ត ដូចជាក្រុម Hezbollah របស់លីបង់ដែលបានបាញ់មីស៊ីលតបតទៅលើអ៊ីស្រាអែលកាលពីថ្ងៃចន្ទនេះ ដែលនាំឱ្យមានការវាយប្រហារតាមអាកាសសងសឹកជាមួយថ្មីមួយផ្នែកទៀត៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ