ក្រសួងអភិវឌ្ឍន៍ជនបទ ផ្តល់ផ្លូវបេតុងថ្មី និងផ្លូវកៅស៊ូពីរជាន់ ដល់ប្រជាពលរដ្ឋនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង
ខេត្តកណ្តាល ៖ ដោយមានការស្នើសុំរបស់អាជ្ញាធរស្រុកស្អាង ពិសេសប្រជាពលរដ្ឋរស់នៅក្នុងឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញ បើកការដ្ឋានស្ថាបនាផ្លូវ ចំនួន២កំណាត់ ប្រវែង១.៧០០ម៉ែត្រ កំណាត់ទី១ ផ្លូវក្រាលកៅស៊ូ ពីរជាន់ DBST ប្រវែង ៩០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងកំណាត់ទី២ ផ្លូវក្រាលបេតុង ប្រវែង ៨០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថិតនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បាទមានប្រសាសន៍ថា៖ ការសាងសង់ផ្លូវនៅពេលនេះ ធ្វើឡើងតាមសំណូមពររបស់អាជ្ញាធរមូលដ្ឋាន ពិសេសប្រជាពលរដ្ឋដែលជួបការលំបាកក្នុងការធ្វើដំណើរនាពេលកន្លងមក មិនថារដូវប្រាំង ឬរដូវវស្សា ផ្លូវនេះមានជង្ហុក ដក់ទឹក ហុយ រអិល ដែលពិបាកក្នុងការធ្វើដំណើរ សម្រាប់សិស្សានុសិស្សទៅសាលារៀន ការដឹកកសិផលរបស់ប្រជាកសិករ ក៏ដូចការធ្វើដំណើររបស់ជាប្រជាពលរដ្ឋទូទៅនៅក្នុងតំបន់នេះផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបានស្មើដល់ កងវិស្វកម្មលេខ១៧៩ ស្ពាន-ថ្នល់ ដែលទទួលការសាងសង់ផ្លូវបេតុងនេះ ត្រូវអនុវត្តទៅតាមបទដ្ឋានបច្ចេកទេស ដោយធានាថាផ្លូវនេះប្រកបដោយគុណភាព និងប្រើប្រាស់បានយូរអង្វែង។
ជាមួយគ្នានេះដែរឯកឧត្តម សៅ ជីវ័ន្ត រដ្ឋលេខាធិការ បានសំណូមពរដល់ប្រជាពលរដ្ឋដែលនៅជាប់សងខាងផ្លូវ សូមមានការយល់យោគ និងអធ្យាស្រ័យ នៅពេលដែលផ្លូវនេះកំពុងសាងសង់ អាចធ្វើឱ្យរំខានដល់ការធ្វើដំណើរ និងការរស់នៅប្រចាំថ្ងៃ ពិសេសនៅពេលផ្លូវសាងសង់រួចរាល់ សូមប្រជាពលរដ្ឋចូលរួមថែរក្សាផ្លូវនេះទាំងអស់គ្នា កុំដឹកលើសទម្ងន់ កុំចាក់ដីខ្ពស់ជាងផ្លូវ កុំចាក់ដីលុបប្រឡាយរំដោះទឹក ដែលនាំឱ្យផ្លូវដក់ទឹកឆាប់ខូច និងត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នាផងដែរ។
ចំណែកឯកឧត្តម ជឺ គីមហៃ អភិបាលស្រុកស្អាង ក៏បានឱ្យដឹងថា៖ ផ្លូវនេះតភ្ជាប់ពីផ្លូវជាតិលេខ២១ ដល់ព្រំប្រជល់ខេត្តតាកែវ ឆ្លងកាត់ឃុំចំនួន៣ គឺឃុំស្អាងភ្នំ ឃុំព្រែកគយ និងឃុំក្រាំងយ៉ូវ មានប្រវ៉ែងសរុបប្រមាណជា១៨,៥គីឡូម៉ែត្រ ហើយត្រូវបានសាងសង់បានមួយផ្នែកធំរួចហើយ។ នៅថ្ងៃនេះបើកការដ្ឋានសាសង់បន្ថែមចំនួន២កំណាត់បន្ថែមទៀតប្រវែង១,៧០០ម៉ែត្រ កំណាត់ទី១ ផ្លូវក្រាលកៅស៊ូ ពីរជាន់ DBST ប្រវែង ៩០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងកំណាត់ទី២ ផ្លូវក្រាលបេតុង ប្រវែង ៨០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ មានចិញ្ចើមផ្លូវក្រាលដីល្បាយថ្មសងខាង ម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ស្ថាបនាលូរំដោះទឹករាងអក្សរអ៊ុយ(U) ប្រវែង ៦៨០ម៉ែត្រ លូមូលចំនួន ៥កន្លែង និងអណ្តូងលូចំនួន ៤កន្លែង ស្ថិតនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល៕



