ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម ណែនាំឱ្យអាជ្ញាធរខេត្តបន្ទាយមានជ័យតាមដានជាប់ជាប្រចាំ ដើម្បីដោះស្រាយបញ្ហាចំពោះមុខជូនជនភៀសសឹក
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខប្រជាពលរដ្ឋដែលបានមកមណ្ឌលសុវត្ថិភាពថ្មីស្នាក់នៅជម្រកចល័ត ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ក្នុងពេលអញ្ជើញចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ថា ដោយមើលឃើញប៉ុន្មានថ្ងៃកន្លងមកនេះមានភ្លៀងធ្លាក់បង្កការលំបាកដល់ប្រជាពលរដ្ឋភៀសសឹក, គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសម្របសម្រួលជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ ដោយរៀបចំឱ្យប្រជាពលរដ្ឋភៀសសឹកទៅជម្រកចល័តនៅមណ្ឌលសុវត្ថិភាពថ្មី។
ឯកឧត្តម ទេសរដ្ឋមន្រ្តី មានប្រសាសន៍ទៀតកោតសរសើរដល់អាជ្ញាធរខេត្ត ស្រុក និងឃុំ ដែលបានខិតខំដោះស្រាយក្នុងការឆ្លើយតបចំពោះស្ថានភាពដែលបានកើតឡើងធ្វើឡើងប៉ះពាល់ដល់មណ្ឌលសុវត្ថិភាពរបស់ប្រជាពលរដ្ឋភៀសសឹក។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា ទោះស្ថានភាពជម្លោះព្រំដែនស្ថិតស្ថានភាពដូចក្នុងពេលបច្ចុប្បន្ន ប៉ុន្តែរាជរដ្ឋាភិបាលបានដោះស្រាយការលំបាកជាជំហានៗជូនប្រជាពលរដ្ឋភៀសសឹក ពិសេសប្រជាពលរដ្ឋវ័យចំណាស់ ស្រ្តីមានផ្ទៃពោះ និងកុមារជា។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់អាជ្ញាធរស្រុក និងឃុំ ត្រូវតាមដាន និងពិនិត្យដោះស្រាយចំពោះតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋភៀសសឹកឱ្យបានល្អប្រសើរ ដើម្បីធានាដល់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋភៀសសឹកឱ្យបានល្អប្រសើរផងដែរ៕



