សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានរៀបចំប្រកបដោយជោគជ័យ និងស្មារតីទទួលខុសត្រូវខ្ពស់
ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ប្រកបដោយជោគជ័យ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្រោមបរិយាកាសសាមគ្គីភាព ឯកភាព និងកិច្ចសហការយ៉ាងជិតស្និទ្ធ ដោយមានការចូលរួមយ៉ាងសកម្ម ពីថ្នាក់ដឹកនាំគ្រប់តួអង្គពាក់ព័ន្ធ និងតំណាងគ្រឹះស្ថាន
ឧត្តមសិក្សារដ្ឋ និងឯកជនប្រមាណ៧០០នាក់។ សន្និបាតនេះបានប្រព្រឹត្តិទៅរយៈពេល១ថ្ងៃ នាថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ ដោយពិធីបើកប្រារព្ធឡើង ក្រោមអធិបតីភាពឯកឧត្ដម ស សុខា អនុប្រធាន ស.ស.យ.ក. និងជាប្រធាន ក.យ.គ. និងពិធីបិទប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក.)។
ក្នុងឱកាសបើកសន្និបាត ឯកឧត្ដម ស សុខា បានគូសបញ្ជាក់ពីភាពចាំបាច់ដែលយុវជនត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាព វិន័យ និងការទទួលខុសត្រូវខ្ពស់ ដើម្បីធានាការការពារសន្តិភាព ស្ថិរភាពនយោបាយ និងអធិបតេយ្យភាពជាតិ ព្រមទាំងខិតខំអភិវឌ្ឍសមត្ថភាពខ្លួនឱ្យឆ្លើយតបនឹងបរិបទឌីជីថល និងសកលភាវូបនីយកម្ម។ ក្នុងពិធីបិទសន្និបាត ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ក្នុងនាមជាកម្លាំងស្នូលសម្រាប់អនាគតជាតិ យុវជនត្រូវខិតខំអភិវឌ្ឍខ្លួន ឱ្យក្លាយជាអ្នកបង្កើតគុណតម្លៃថ្មីៗសម្រាប់សង្គម និងសេដ្ឋកិច្ច ដោយផ្សារភ្ជាប់ស្មារតីស្នេហាជាតិ ជំនាញវិជ្ជាជីវៈ និងនវានុវត្តន៍។ ក្នុងន័យនេះ ថ្នាក់ដឹកនាំទាំងពីរ
បានអំពាវនាវឱ្យយុវជនបន្តចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ស្ម័គ្រចិត្ត និងការគាំទ្រផលិតផលក្នុង
ស្រុក ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងអត្តសញ្ញាណជាតិ។
សន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានវាយតម្លៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០២៥ សម្រេចបាន៨៥,៩៧% នៃផែនការសកម្មភាព ប្រចាំឆ្នាំ ល្អជាងឆ្នាំ២០២៤ ដែលសម្រេចបានត្រឹម៨១,៧៣%។លទ្ធផលនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងជាក់ស្ដែងតាមរយៈសកម្មភាពសំខាន់ៗ ដូចជា ការប្រមូលផ្ដុំ និងអភិវឌ្ឍសមត្ថភាពយុវជន ការលើកកម្ពស់សន្តិភាព និងស្មារតីស្នេហាជាតិ ការអភិវឌ្ឍជំនាញឆ្លើយតបទីផ្សារការងារ ការជំរុញសហគ្រិនភាព និងនវានុវត្តន៍ និងការលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពឌីជីថល ដើម្បីការពារយុវជនពីហានិភ័យបទល្មើសបច្ចេកវិទ្យា និងព័ត៌មានក្លែងក្លាយ។ សន្និបាត បានពិភាក្សា និងស្ដាប់បទបង្ហាញអំពីប្រធានបទយុទ្ធសាស្ត្រចំនួន៥ រួមមាន ១‑ការលើកកម្ពស់ការយល់ដឹងរបស់យុវជន ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ២‑យុវជនក្នុងកាតព្វកិច្ចការពារជាតិ រក្សាសន្តិភាព ស្ថិរភាពនយោបាយ និងជំរុញវឌ្ឍនភាពជាតិ ៣‑ការចូលរួមរបស់យុវជន ក្នុងការលើកកម្ពស់ផលិតផលក្នុងស្រុកបង្ហាញអំពីមនសិការស្នេហាជាតិ ៤‑ការលើកកម្ពស់សមត្ថភាពសហគ្រិនភាពរបស់យុវជន និង៥‑ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងបណ្ដុះគំនិតនវានុវត្តន៍របស់យុវជន។ ប្រធានបទទាំងនេះ បានផ្ដល់និយមន័យយ៉ាងច្បាស់ថា យុវជនជាកម្លាំងស្នូលសម្រាប់ការរក្សាស្ថិរភាពជាតិ និងជំរុញការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។
សម្រាប់ឆ្នាំ២០២៦ សន្និបាតប្ដេជ្ញាបន្តអនុវត្តទិសដៅជាយុទ្ធសាស្ត្រដោយផ្តោតលើ ១‑អនុវត្តភារកិច្ចទទួលខុសត្រូវឱ្យស្របតាមផែនការសកម្មភាពឆ្នាំ២០២៦ ព្រមទាំងស្របតាម បេសកកម្ម គោលបំណង និងផែនការយុទ្ធសាស្ត្រ «យុវជនក្នុងបុព្វហេតុជាតិមាតុភូមិ ២០២៣-២០២៨» របស់ ស.ស.យ.ក. ២‑ពង្រឹងសាមគ្គីភាពជាតិ និងស្មារតីស្នេហាជាតិ ដើម្បីធានាការពារសន្តិភាព និងអធិបតេយ្យភាពជាតិ ៣‑អភិវឌ្ឍធនធានមនុស្សយុវជន ឱ្យមានសមត្ថភាពប្រកួតប្រជែង ក្នុងសេដ្ឋកិច្ចឌីជីថលនិងសកលភាវូបនីយកម្ម ៤‑ជំរុញសហគ្រិនភាព និងនវានុវត្តន៍ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ច និងជំរុញកំណើនជាតិ ៥‑ពង្រឹងវិន័យ
សីលធម៌ និងការគោរពច្បាប់ ដើម្បីកសាងសង្គមមានសុវត្ថិភាព និងសុចរិតភាព ៦‑លើកកម្ពស់សុវត្ថិភាពឌីជីថល និងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយទំនួលខុសត្រូវ និង៧‑ពង្រីកសកម្មភាពស្ម័គ្រចិត្ត និងគាំទ្រផលិតផលខ្មែរ ដើម្បីពង្រឹងសេដ្ឋកិច្ចជាតិ និងមនសិការស្នេហាជាតិ។
សូមបញ្ជាក់ថា សន្និបាតឆ្នាំនេះ បានធ្វើឡើងចំខួប៥ឆ្នាំ របស់ ក.យ.គ.។ ក្រោមមាគ៌ាដឹកនាំរបស់ ស.ស.យ.ក. គិតត្រឹមឆ្នាំ២០២៥ ក.យ.គ. សម្រេចបានលទ្ធផលសំខាន់ៗ ដូចជា រៀបចំរចនាសម្ព័ន្ធ និងថ្នាក់ដឹកនាំនិងក្រុមការងារយុវជន ស.ស.យ.ក. ប្រចាំគ្រឹះស្ថានសិក្សា ពី១១៤គ្រឹះស្ថាន នៅឆ្នាំ២០២១ កើនដល់១៤៥គ្រឹះស្ថាន នៅឆ្នាំ២០២៥ ខណៈចំនួនសមាជិកជាកម្លាំងប្រតិបត្តិករបានកើនឡើងពី
២.០៤៣នាក់ ដល់ ២.
៦២៨នាក់ នៅឆ្នាំ២០២៥ ដោយមានវិសាលភាពគ្រប់គ្រង និងបណ្ដុះបណ្ដាលសិស្ស និងនិស្សិតតាមគ្រឹះស្ថានសិក្សា សរុប៣សែននាក់ ផ្សព្វផ្សាយ និងសម្របសម្រួលផ្ដល់អាហារូបករណ៍ដល់យុវជនជាច្រើនពាន់កន្លែង ចុះឈ្មោះសមាជិកក្នុងប្រព័ន្ធ UYFC App ប្រមាណ៨ម៉ឺននាក់ រៀបចំនិងចូលរួមសកម្មភាពលើកតម្កើងកិត្តិនាមនិងអត្តសញ្ញាណជាតិ ចំនួន៣១១សកម្មភាព មានយុវជនចូលរួមប្រមាណ១សែននាក់ បណ្ដុះបណ្ដាលនិងអភិវឌ្ឍសមត្ថភាពយុវជនបាន២៦៣សកម្មភាព មានសិស្សនិងនិស្សិតចូលរួមជាង៦ម៉ឺននាក់ ចូលរួមជាមួយអាជ្ញាធរ៣៦៩សកម្មភាព មានយុវជនចូលរួមជិត៣ម៉ឺននាក់ និងរៀបចំសកម្មភាពលើកកម្ពស់សុខភាព និងវិស័យកីឡាបាន១១៦សកម្មភាព មានយុវជន សិស្ស និស្សិតចូលរួមជាង១ម៉ឺន៦ពាន់នាក់។
ជារួមសន្និបាតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា (ក.យ.គ.) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានឯកភាពគ្នាខ្ពស់ថា សន្តិភាពគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ! យុវជនគឺជាថាមពលជាតិដ៏មានសក្ដានុពល ដែលអាចធ្វើឱ្យសុបិនក្លាយជាការពិតសម្រាប់អនាគតកម្ពុជា! កម្លាំងសាមគ្គីរបស់យុវជន គឺជាគ្រឹះរឹងមាំបំផុតសម្រាប់ស្ថិរភាព និងវឌ្ឍនភាពជាតិ! ស្មារតីស្នេហាជាតិ មិនមែនបង្ហាញតែពាក្យស្លោកទេ ប៉ុន្តែបង្ហាញតាមសកម្មភាព និងការលះបង់ពិតប្រាកដ! និងយុវជនឌីជីថលត្រូវចេះប្រែក្លាយខ្លួនពីអ្នកស្វែងរកការងារ ទៅជាអ្នកបង្កើតការងារ៕



