សត្វទន្សោង១ក្បាល ត្រូវបានប្រទះឃើញងាប់នៅក្នុងដែន​ជម្រកសត្វ​ព្រៃ​សង្ឃរុក្ខាវ័ន

ខេត្តឧត្តរមានជ័យ៖ សត្វទន្សោង១ក្បាល ត្រូវបានប្រទះឃើញងាប់នៅក្នុងដែន​ជម្រកសត្វ​ព្រៃ​សង្ឃរុក្ខាវ័ន ក្នុងភូមិសាស្ត្រស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សង្ស័យជាប់អន្ទាក់​របស់​ព្រានព្រៃ។

របាយការណ៍ពីមន្ត្រីឧទ្យានុរក្ស បានឱ្យដឹងថា សត្វទន្សោងដែលជាសត្វព្រៃកម្រនេះ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញងាប់នៅចំណុចភ្នំអណ្ដូង នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦​នេះ។ ប្រភពបន្តថា តាមការពិនិត្យ​សត្វទន្សោងនេះ ដាច់ជើងខាងក្រោយ​ត្រឹម​កជើង​ខាងស្ដាំ អាចដោយសារជាប់អន្ទាក់យូរថ្ងៃនៅក្បែរស្រះទឹកនៃស្នាក់ការសហគមន៍ភ្នំអណ្តូង ស្ថិតភូមិសាស្រ្តភូមិសំពរ័ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ។

សត្វទន្សោងនេះ មានទម្ងន់ប្រហែល ៧៥០គីឡូក្រាម។ បន្ទាប់ពីពិនិត្យរួចរាល់ មន្ត្រី​ឧទ្យា​នុ​រក្ស និងសមាជិកសហគមន៍ បានដឹកសត្វទន្សោងទៅកប់នៅក្បែរស្នាក់ការបរិស្ថាន​ភ្នំ​អណ្ដូង។

សូមបញ្ជាក់ថា សត្វទន្សោងជាប្រភេទសត្វព្រៃកម្រ ដែលបច្ចុប្បន្ននេះក្រសួងបរិស្ថាន បានប្រឹងប្រែងថែរក្សា និងដាក់ចេញវិធានការនានា ដើម្បីការពារជីវិតសត្វទន្សោង។ បើ​ទោះ​បីជាយ៉ាងណា ជារឿយសត្វទន្សោងតែងរងគ្រោះដោយសារក្រុមអ្នកប្រកបរបរចាប់​សត្វ​ព្រៃយកសាច់ទៅលក់ដូចជាការដាក់អន្ទាក់ និងបរបាញ់ផងដែរ។

ការចាប់ ការដឹកជញ្ជូន និងជួញដូរសត្វព្រៃជាទង្វើខុស ច្បាប់។ ជនដែលចាប់ ដឹកជញ្ជូន និងជួញដូរសត្វព្រៃប្រឈមនឹងការពិន័យជាប្រាក់ចន្លោះពី ១០០លានរៀល ទៅ ៥០០លានរៀល និងជាប់ពន្ធធានាគារ​ចន្លោះពី១ឆ្នាំ ទៅដល់៥ឆ្នាំ៕