Motorola បញ្ចេញស្មានហ្វូនថ្មីជាប្រភេទបត់ Razr Fold នៅ MWC ជាការប្រកួតប្រជែងជាមួយ Samsung, Huawei បន្ទាប់ពីខកខានចាប់ពីឆ្នាំ២០០៣មក

ក្រុមហ៊ុន Motorola បានបញ្ចេញស្មាតហ្វូនថ្មី ដែលមានឈ្មោះថា Razr Fold វាជាស្មាតហ្វូនដែលអាចបត់បាន និងផលិតឡើងសម្រាប់គូប្រជែងឧស្សាហកម្មយក្សមានដូចជាក្រុមហ៊ុន Samsung និង Huawei។ Razr Fold ត្រូវបានដាក់បង្ហាញនៅឯពិព័រណ៍ទូរស័ព្ទឆ្លាតវៃ MWC នៅទីក្រុងបាសេឡូណា និងនឹងមកដល់ហាងនានាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ដោយវាមានអេក្រង់ខាងក្រៅទំហំ 6.6 អ៊ីញ ដែលអាចលាតចេញជាអេក្រង់ខាងក្នុងទំហំ 8.09 អ៊ីញ 2K។ វាភ្ជាប់មកជាមួយថ្មធំ 6000mAh ដែលជាការសន្យាធ្វើឱ្យអ្នកប្រើប្រាស់ចាប់យក និងកែសម្រួលមាតិកាបានច្រើនម៉ោងជាងមុន។ នេះជាការចូលប្រឡូកលើកដំបូងរបស់ Motorola ទៅក្នុងទូរស័ព្ទដៃប្រភេទបត់បាន។ Daniela Vargas ជាអ្នកគ្រប់គ្រងផ្នែកទីផ្សារផលិតផលរបស់ប្រភេទ Razr បាននិយាយថា “យើងតែងតែចូលចិត្តការច្នៃប្រឌិត ដូច្នេះយើងពិតជាបានគិតថាវាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់យើងក្នុងបញ្ចេញទូរស័ព្ទដែលអាចបត់បាននេះ”។ ចំណែកលោក Ben Wood ប្រធានផ្នែកវិភាគនៅ FDM CCS Insight បាននិយាយថាវាជា “ឆ្នាំដ៏សំខាន់” សម្រាប់កត្តាកែទម្រង់ ខណៈដែលពាក្យចចាមអារ៉ាមកំពុងរីករាលដាលថា Apple ហៀបនឹងចូលទីផ្សារនោះ។ លោក Wood និយាយថា “ក្រុមហ៊ុន Motorola គឺជាស្តេចនៃទូរសព្ទបត់បានហើយនៅពេលនេះ។ ពួកគេមាន Razr ដើមក្នុងឆ្នាំ 2003 ហើយពួកគេបានផ្តល់ជូននូវស្មាតហ្វូនទំនើបមួយប្រភេទទៀត ប៉ុន្តែឥឡូវនេះពួកគេបានជ្រើសរើសយកទូរសព្ទបត់ដូចសៀវភៅបាន ដែលជាការប្រកួតប្រជែងដ៏ក្តៅគគុកមួយជាមួយដៃគូផ្សេងទៀត។ “យើងបានរកឃើញថាក្រុមហ៊ុន Samsung នៅក្នុងវិស័យនោះ ក្រុមហ៊ុន Honor និងក្រុមហ៊ុនផលិតផលចិនផ្សេងទៀតក៏ស្ថិតក្នុងវិស័យនោះដែរ ដូច្នេះខ្ញុំគិតថាឆ្នាំនេះគឺជាឆ្នាំដ៏សំខាន់សម្រាប់ទម្រង់បត់នេះ ជាមួយនឹងពាក្យចចាមអារ៉ាមទាំងអស់អំពីក្រុមហ៊ុន Apple ដែលចូលទីផ្សារនាពេលឆាប់ៗខាងមុខ”។ ទោះបីជាបានវាដាក់លក់ជាលើកដំបូងនៅ MWC ក្នុងឆ្នាំ 2019 ក៏ដោយ ក៏ទូរសព្ទបត់មិនទាន់គ្របដណ្ដប់លើទីផ្សារគ្រប់លក្ខណៈនៅឡើយទេ។ “ខ្ញុំគិតថាទីមួយ វាជាផលិតផលថ្លៃ។ ទីពីរ អ្នកប្រើប្រាស់មានការភ័យខ្លាចចំពោះភាពធន់របស់វា។ “ហើយបន្ទាប់មកចុងក្រោយ ក៏មានអ្នកប្រើប្រាស់ដែលមើលវាហើយគិតថា ហេតុអ្វីបានជាខ្ញុំត្រូវការជាចាំបាច់?” ក្រុមហ៊ុន Motorola និយាយថា ទូរសព្ទ Razr Fold ថ្មីនេះនឹងអាចរកទិញបាននៅក្នុងខែខាងមុខនេះ នៅក្នុងប្រទេសដែលបានជ្រើសរើសនៅអាមេរិកឡាទីន អាមេរិកខាងជើង អឺរ៉ុប មជ្ឈិមបូព៌ា និងអាស៊ី។ វាត្រូវបានគ្រោងនឹងចាប់ផ្តើមនៅអឺរ៉ុប រួមជាមួយប៊ិចក្នុងតម្លៃ 1,999 អឺរ៉ូ។ ការបញ្ជាទិញមុនចាប់ផ្តើមនៅថ្ងៃទី 13 ខែមេសា។ សូមបបញ្ជាក់ថាពិព័រណ៍ MWC (ដែលពីមុនត្រូវបានគេស្គាល់ថាជា Mobile World Congress) បានបើកដំណើរការនៅថ្ងៃចន្ទ ទី 2 ខែមីនានេះ ដែលមានអ្នកចូលរួមជាង 100,000 នាក់ អ្នកតាំងពិព័រណ៍ 3,000 នាក់ និងវាគ្មិន 1,700 នាក់ ត្រូវបានគេរំពឹងថាបាននឹងមកជួបជុំគ្នានៅមជ្ឈមណ្ឌលសន្និបាត Fira នៃទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ៕

សម្រួលអត្ថបទ៖ សុផារិន្ទ