ជនភៀសសឹក និងគ្រួសារវីរកងទ័ពក្នុងខេត្តសៀមរាប ទទួលបានអំណោយមនុស្សធម៌ពីស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ

ខេត្តសៀមរាប ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បាននាំយកមូលនិធិមនុស្សធម៌របស់សហគមន៍ខ្មែរនៅប្រទេសកូរ៉េ ចំនួន ២ ម៉ឺនដុល្លារ រៀបចំជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ ចែកជូនដោយផ្ទាល់ដល់បងប្អូនប្រជាជនភៀសសឹក និងគ្រួសារវីរកងទ័ពចំនួន ៣៦៧ គ្រួសារ ស្មើនឹង ១០៧៦នាក់ នៅមណ្ឌលសុវត្ថិភាព វត្តប្រាសាទបូទុមមោង ស្រុកស្រីស្នំ ខេត្តសៀមរាប។ ក្នុងពិធីនេះផងដែរ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ហេង សារិទ្ធ តំណាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម លី សារី អភិបាលរងខេត្តសៀមរាប និង ឯកឧត្តម ឡុត ញាន អភិបាលរងស្រុកស្រីស្នំ និង ព្រមទាំងតំណាងសហគមន៍ខ្មែរនៅកូរ៉េ។

មូលនិធិនេះ ត្រូវបានផ្តួចផ្តើមឡើងដោយស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េ ដោយមានការចូលរួមបរិច្ចាគជាថវិការពីបងប្អូនសហគមន៍ខ្មែរដែលរស់នៅ ធ្វើការ និងសិក្សារៀនសូត្រ នៅប្រទេសកូរ៉េ ក្នុងគោលបំណងសម្រាលបន្ទុករបស់រដ្ឋាភិបាល និងចូលរួមចំណែកកាត់បន្ថយការលំបាករបស់បងប្អូនជនភៀសសឹក និងគ្រួសារវិរៈកងទ័ពដែលត្រូវបានជម្លៀសពីតំបន់សមរភូមិមុខ និងត្រូវបានបង្ខំឱ្យចាកចេញពីលំនៅដ្ឋានរបស់ខ្លួន ដោយសារសង្គ្រាមឈ្លានពានរបស់ថៃ។

ថ្លែងក្នុងកម្មវិធីចែកអំណោយមនុស្សធម៍នេះ ឯកឧត្តម ឯកអគ្គរាជទូត បានមានប្រសាសន៍ថា បើទោះបីជាជំនួយទាំងនេះមិនអាចឆ្លើយតប និងបំពេញបាននូវតម្រូវការ និងការលំបាក របស់បងប្អូនប្រជាជនភៀសសឹកក្តី តែវាបានបង្ហាញនូវស្មារតី សាមគ្គីភាព ស្រលាញ់ជាតិមាតុភូមិ ថែរក្សា ការពារ សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក្នុងនាមជាពលរដ្ឋខ្មែរតែមួយ បើទោះបីជាពួកគាត់នៅចាកឆ្ងាយពីទឹកដីកំណើតក៏ដោយ តែទឹកចិត្តរបស់ពួកគាត់នៅតែនឹករលឹកដល់ស្រុកកំណើត និងតែងតែចង់ចូលរួមចំណែកក្នុងបុព្វហេតុជាតិ មាតុភូមិជានិច្ច៕