ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ទទួលបានការគាំទ្រ បន្តដឹកនាំ សហព័ន្ធអេឡិចត្រូនិកកម្ពុជា អាណត្តិថ្មី ឆ្នាំ២០២៦-២០៣០

សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានរៀបចំ មហាសន្និបាត បញ្ចប់អាណត្តិទី៣ ឆ្នាំ២០២២-២០២៦ និងបន្តអាណត្តិទី៤ ឆ្នាំ២០២៦-២០៣០ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៦ នៅសាលទីស្តីការ ក្រសួងព័ត៌មាន ដោយឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ប្រធានសហព័ន្ធអាណត្តិចាស់ ទទួលបានការគាំទ្រ ពីសមាជិក ឱ្យបន្តដឹកនាំ អាណត្តិថ្មីនេះ។

ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍ថា សហព័ន្ធបានប្រឹងប្រែងបន្តការអភិវឌ្ឍកីឡាអេឡិចត្រូនិកកម្ពុជាឱ្យកាន់តែរីកចម្រើនជាជំហានៗ ហើយក្នុងអាណត្តិចាស់កន្លងទៅនេះសហព័ន្ធទទួលបានសមិទ្ធផលជាច្រើន តាមរយៈអភិវឌ្ឍធនធានកីឡាករ កីឡាការិនី ក្រុមជម្រើសជាតិកាន់តែច្រើន ជាពិសេដណ្តើមបានមេដាយយកមកជូនជាតិពីការប្រកួតអន្តរជាតិនានា នាពេលកន្លងមក។

ជាមួយគ្នានេះ បន្ទាប់ពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានចុះអនុស្សរណៈជាមួយអាជ្ញាធរគ្រឿងញៀន ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ បានជំរុញឱ្យកីឡាករ កីឡាការិនី Esport ទាំងអស់ចូលរួមជួយផ្សព្វផ្សាយអប់រំ ធ្វើជាគំរូក្នុងការជៀសឆ្ងាយពីគ្រឿងញៀន។ កីឡាករ កីឡាការិនី Esport ទាំងអស់មានប្រមាណ ៣ម៉ឺននាក់ ហើយបើម្នាក់នាំគ្នានិយាយសារអប់រំផ្សព្វផ្សាយតែ១សារក្នុង១ខែ នោះយើងនឹងបាន៣ម៉ឺនសារ ក្នុងការបញ្ជ្រាបអប់រំផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន។ ដូច្នេះ កីឡាករ កីឡាការិនីអេឡិចត្រូនិកកម្ពុជាមានសក្តានុពលខ្លាំងណាស់ ក្នុងការបញ្ជ្រាបផ្សព្វផ្សាយសារអប់រំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន នៅលើប្រព័ន្ធអនឡាញ ដោយឯកឧត្តមបណ្ឌិតជំរុញឱ្យកីឡាករ កីឡាការិនីទាំងអស់រួបរួមគ្នាអប់រំផ្សព្វផ្សាយឱ្យបានគ្រប់ៗគ្នា ហើយក៏ត្រូវជៀសឆ្ងាយអំពីការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡាផងដែរ។

ជាមួយគ្នានេះ ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជាបានលើកបង្ហាញរបាយការណ៍សំខាន់ៗពេញ១អាណត្តិកន្លងមកជាមួយនឹងសមិទ្ធផលនានាផងដែរ។ ចំពោះសកម្មភាពការងារចុងក្រោយ រួមមាន៖ នៅថ្ងៃទី៦ខែធ្នូ ឆ្នាំ ២០២៥ ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ សហព័ន្ធបានចូលរួមមហាសន្និបាតប្រចាំរបស់សហព័ន្ធកីឡាអេឡិចត្រូនិកអន្តរជាតិ (IESF) នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្នុងឱកាសដែលឯកឧត្តមដឹកនាំក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា Angkor Warriors ចូលរួមប្រកួតជើងឯកពិភពលោក IESF World Esports Championship ឆ្នាំ ២០២៥។ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៦ ការប្រកួត កីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ពីថ្ងៃទី៥ ដល់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលកីឡា T.Y Media Esports Center ដោយមានចំនួន ៤ វិញ្ញាសា គឺ eFootball Mobile, eFootball Console, Valorant និង Mobile Legends: Bang Bang។ សម្រាប់វិញ្ញាសា eFootball Mobile មានកីឡាករ ១២៦១នាក់, វិញ្ញាសា eFootball Console មានកីឡាករ ១២៥នាក់, វិញ្ញាសា Valorant មាន ១៩ក្រុម ស្មើកីឡាករ ១១៤នាក់ និងវិញ្ញាសា Mobile Legends: Bang Bang មាន ៣៣៥ក្រុម ស្មើកីឡាករ ១៨៧៥នាក់ បានចុះឈ្មោះចូលរួមប្រកួត។

គួរបញ្ជាក់ថា សម្រាប់សមាសភាពគណៈកម្មាធិការប្រតិបត្តិ EFC អាណត្តិថ្មី ២០២៦-២០២៣ មានចំនួន៩រូប ឯកឧត្តមបណ្ឌិត ជា ច័ន្ទបរិបូរណ៍ ជាប្រធាន លោក ជី សិលា អនុប្រធាន ឯកឧត្តម លន់ សាមឌី អគ្គលេខាធិការ អមដោយអគ្គលេខាធិការរង២រូប គឺលោក ជាន ចាន់រ៉ា និងលោក វ៉ាន់ សំបូរ ព្រមទាំងសមាជិក៤រូបទៀត។ អង្គមហាសន្និបាតបានការអញ្ជើញចូលរួមជាសក្ខីភាពពីឯកឧត្តម ណយ ផាណា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងតំណាងក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕