សិក្ខាកាម២៥រូបនៃនាយកដ្ឋាន ប្រឆាំងបទល្មើស បច្ចេកវិទ្យា បានទទួលវិញ្ញាបនបត្រ ពីសហព័ន្ធខ្មែរកីឡាហាប់គីដូ

សិក្ខាកាមចំនួន២៥រូប ជាមន្ត្រីកងកម្លាំងប្រចាំ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានទទួលវិញ្ញាបនបត្រ ពីសហព័ន្ធខ្មែរកីឡាហាប់គីដូ កាលពីទី២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រោយបញ្ចប់វគ្គបណ្ដុះបណ្ដាល ស្ដីពី ក្បាច់គុនហាប់គីដូ ចំនួន២០ម៉ោង។

លោកឧត្ដមសេនីយ៍ទោ ហេង សំណាង អនុប្រធាន នាយកដ្ឋានប្រឆាំងបទល្មើស បច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ សុខ នីត្យា ប្រធាននាយកដ្ឋាន មានប្រសាសន៍ថា ក្បាច់គុនហាប់គីដូ ពិតជា មានសារៈសំខាន់ក្នុង ស្ថានភាពបង្ក្រាបមុខសញ្ញា ព្រោះមានក្បាច់ស្នៀត ច្រើនទាំងក្លេ និងក្រៀក។ ហេតុដូចនេះហើយបានជា នាយកដ្ឋាន ប្រឆាំងបទល្មើសបច្ចេកវិទ្យា បានសហការជាមួយ សហព័ន្ធខ្មែរកីឡាហាប់គីដូ រៀបចំ ផែនការសម្រាប់បណ្ដុះបណ្ដាលមន្ត្រី នគរបាលរបស់ខ្លួន។ ឆ្នាំនេះក៏ជាឆ្នាំទី២ ដែលវគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំ ឡើង បន្ទាប់ពី លើកទី១ បានប្រព្រឹត្តទៅកាលឆ្នាំ ២០២៥។

លោកឧត្ដមសេនីយ៍ ហេង សំណាង សង្កត់ធ្ងន់ថា បន្ទាប់ពី ទទួលបានការបណ្ដុះបណ្ដាល ដ៏សំខាន់នេះ មន្ត្រីរបស់លោក បានអនុវត្តការងារបង្ក្រាបកាន់តែ មានប្រសិទ្ធភាព តាមក្បួនខ្នាតក្បាច់គុន។

ចំណែកលោកឧកញ៉ា គួច ហុងជៀក ប្រធានស្ដីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ បានថ្លែងអំណរគុណដល់អគ្គស្នងការដ្ឋាននគរបាលជាតិដែលបានជ្រើសរើសប្រភេទកីឡាហាប់គីដូសម្រាប់កងកម្លាំង។ លោកឧកញ៉ាបញ្ជាក់ថា កីឡាហាប់គីដូមានក្បាច់ស្នៀតពិសេសស័ក្ដិសមសម្រាប់ការបង្ក្រាបមុខសញ្ញា។

លោកឧកញ៉ា គួច ហុងជៀក បញ្ជាក់ថា សហព័ន្ធខ្មែរកីឡាហាប់គីដូស្វាគមន៍ចំពោះនាយកដ្ឋានពាក់ព័ន្ធផ្សេងៗ សម្រាប់បណ្ដុះបណ្ដាលកងកម្លាំងទទួលបានក្បាច់គុនបង្ក្រាបមុខសញ្ញាប្រកបដោយប្រសិទ្ធភាព៕