ឯកឧត្តម ម៉ាង សុីណេត៖ «គ្មានកាសុីណូ គ្មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) ជាដាច់ខាត នៅលេីទឹកដីក្រុងកោះរ៉ុង»

នេះជាប្រសាសន៍ ឯកឧត្ដម ម៉ាង សុីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំពង្រឹងការងារសន្តិសុខនៅក្រុងកោះរ៉ុង នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។

ឯកឧត្តម អភិបាលខេត្តព្រះសីហនុ បានដាក់ចេញនូវបទបញ្ជានេះ ក្នុងគោលបំណងសម្អាតរូបភាពអវិជ្ជមាន និងលើកកម្ពស់សក្តានុពលទេសចរណ៍នៅក្រុងកោះរ៉ុង ដោយសង្កត់ ធ្ងន់ថា តំបន់ដីកោះដ៏មានតម្លៃនេះ ត្រូវតែជាតំបន់គ្មានល្បែងស៊ីសង និងការឆបោកតាមប្រព័ន្ធអនឡាញ។
ក្នុងកិច្ចប្រជុំ ជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងរដ្ឋបាលក្រុងកោះរ៉ុង ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវវិធានការណ៍ម៉ឺងម៉ាត់ និងគោលការណ៍គន្លឹះចំនួន ៣ ដើម្បីតម្រង់ទិសអភិវឌ្ឍន៍ក្រុងកោះរ៉ុង៖
១. ការបោសសម្អាតបទល្មើសបច្ចេកវិទ្យា (Online Scam)៖ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា ទម្រង់នៃបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ “មិនត្រូវឱ្យមានដាច់ខាត”។ កងកម្លាំងសមត្ថកិច្ចត្រូវបានបង្គាប់ឱ្យ៖
• បង្កើនការត្រួតពិនិត្យ និងតាមដានរាល់សកម្មភាពសង្ស័យតាមទីតាំងនានា។
• ធានាសន្តិសុខ និងសុវត្ថិភាពខ្ពស់បំផុត ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគទុន និងភ្ញៀវទេសចរ។
២. ចក្ខុវិស័យ «ទេសចរណ៍ និងការអភិវឌ្ឍ» ជាអាទិភាពចម្បង៖រដ្ឋបាលខេត្តមានគោលដៅប្រែក្លាយកោះរ៉ុង ឱ្យទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ តាមរយៈ៖
• ការវិនិយោគស្អាតស្អំ៖ ទាក់ទាញការសាងសង់សណ្ឋាគារ រីសត និងហេដ្ឋារចនាសម្ព័ន្ធដែលប្រកបដោយប្រណីតភាព។
• សេដ្ឋកិច្ចបៃតង៖ រៀបចំឱ្យកោះរ៉ុងក្លាយជាទីកន្លែងសម្រាប់តែការសម្រាកកម្សាន្ត និងការអភិវឌ្ឍដែលមិនប៉ះពាល់ដល់បរិស្ថាន។
៣. ការគ្រប់គ្រងបរិស្ថាន និងអនាម័យ
ដើម្បីរក្សាសម្រស់ធម្មជាតិ «ឆ្នេរខ្សាច់សក្បុស និងទឹកសមុទ្រខៀវស្រងាត់» ឯកឧត្តមបានអំពាវនាវដល់៖
• ម្ចាស់អាជីវកម្ម៖ ត្រូវមានប្រព័ន្ធគ្រប់គ្រងកាកសំណល់ត្រឹមត្រូវ និងហាមដាច់ខាតការបង្ហូរទឹកកខ្វក់ចូលសមុទ្រ។
• ភ្ញៀវទេសចរ៖ ត្រូវចូលរួមទុកដាក់សំរាមឱ្យមានសណ្តាប់ធ្នាប់ និងចូលរួមថែរក្សាអនាម័យរួម។

ឯកឧត្តម បានមានប្រសាសន៍បញ្ជាក់ទៀតថា “កោះរ៉ុង ត្រូវតែជាទីកន្លែងសម្រាប់តែការសម្រាកកម្សាន្ត និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតងតែប៉ុណ្ណោះ”។

តាមរយៈបទបញ្ជានេះ បង្ហាញឱ្យឃើញពីការប្ដេជ្ញាចិត្តខ្ពស់របស់រដ្ឋបាលខេត្តព្រះសីហនុ
ហើយរំពឹងថា ក្រុងកោះរ៉ុងនឹងបន្តរក្សាបាននូវភាពទាក់ទាញ ជាតំបន់ទេសចរណ៍ដែលមានសុវត្ថិភាពបំផុតសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ៕

សម្រួលអត្ថបទ៖ ម៉ារ៉ាឌី