ខែកុម្ភៈ ACUសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះ សរុបចំនួន៤៦ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន៣ករណីទៅតុលាការ
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែកុម្ភៈ សរុបចំនួន៤៦ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន៣ករណីទៅតុលាការ ។
លើកឡើងក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ (ក.ជ.ប.ព.) លើកទី៧ អាណត្តិទី៤ បានដំណើរការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធាន
ក.ជ.ប.ព.កាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ ។
លោក កែវ នាថមុនី ប្រធាននាយកដ្ឋានគតិយុត្តិពាក្យប្ដឹង និងអន្តរជាតិនៃអគ្គនាយកដ្ឋានប្រតិបត្តិការនៃអង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា អ.ប.ព. បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹង ដែលមានក្នុងខែនេះ សរុបចំនួន៤៦ពាក្យប្ដឹង និងបានបញ្ជូនសំណុំរឿងចំនួន៣ករណីទៅសាលាដំបូងរាជធានីភ្នំពេញ និងសាលាដំបូងខេត្តកំពង់ឆ្នាំង ។
ការបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ជនជាប់សង្ស័យចំនួន៤រូប ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ សំណុំរឿងពាក់ព័ន្ធ ករណីឆបោកបន្លំយកឈ្មោះជាមន្ត្រី អ.ប.ព. ប្រព្រឹត្តដោយឈ្មោះ កែវ សុផល ភេទ ប្រុស អាយុ៦១ឆ្នាំ ដែលត្រូវជាប់សង្ស័យពីបទឆបោកមានស្ថានទម្ងន់ទោស។
ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ សំណុំរឿងពាក់ព័ន្ធ ករណីប្រឡងជំនួសចូលរៀនសាលាពេទ្យ ប្រព្រឹត្តដោយ ១-ឈ្មោះ រស់ វត្ថា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង ដែលត្រូវជាប់សង្ស័យពីបទរំលោភអំណាចមានប្រសិទ្ធិភាព និងក្លែងបន្លំឯកសារសាធារណៈ ។ ២-ឈ្មោះ គូ ស្រីល័ក្ខ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរនិស្សិតឆ្នាំទី៣ ដែលត្រូវជាប់សង្ស័យពីបទក្លែងបន្លំឯកសារសាធារណៈ សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ និងសមគំនិតក្នុងបទរំលោភអំណាចមានប្រសិទ្ធិភាព។ ៣-ឈ្មោះ ឈួន សុផល់ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរគ្រូបង្រៀន ដែលត្រូវជាប់សង្ស័យពីបទរំលោភអំណាចមានប្រសិទ្ធិភាព និងសមគំនិតក្នុងការក្លែងបន្លំឯកសារសាធារណៈ និងបញ្ជូនសាលាដំបូងខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យ២រូបថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ សំណុំរឿងពាក់ព័ន្ធករណីទន្ទ្រាន ហ៊ុមព័ទ្ធ កាប់ឆ្ការ រុករាន ឈូសឆាយ ព្រៃលិចទឹក ក្នុងភូមិសាស្ត្រស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ប្រព្រឹត្តិដោយ ១-យ៉ន ចិន្តា ភេទប្រុស អាយុ៤៤ឆ្នាំ ដែលជាប់សង្ស័យពីបទបំផ្លាញ និងគៃបំបាត់ ២-ហូយ ហ៊ឹម ភេទប្រុស អាយុ៤៦ឆ្នាំ ដែលជាប់សង្ស័យពីបទសមគំនិតក្នុងអំពើបំផ្លាញ និងគៃបំបាត់ ។ នឹងករណីបណ្តឹងបរិហារដោយមួលបង្កាច់អំពីអំពើពុករលួយ និងករណីផ្សេងទៀត។
ជាមួយគ្នានោះដែរ ឯកឧត្តម យ៉ិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អ.ប.ព. ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុលមន្ដ្រីចំនួន២៦៤រូប បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ក្នុងនោះ មន្ដ្រីទើបទទួលបានការតែងតាំងថ្មីចំនួន៩៦រូប, មន្ដ្រីចំនួន៣រូប បានប្រកាសក្រោយបញ្ឈប់ពីមុខតំណែង, មន្ត្រី២ រូប ប្រកាសដោយតម្រូវការស៊ើបអង្កេត ដោយឡែក មន្ដ្រី១៦៣រូបទៀត បានមកប្រកាសទ្រព្យសម្បត្តិនិងបំណុល ដោយមូលហេតុលាឈប់ ឬចប់អាណត្តិ និងចូលនិវត្តន៍។
ករណី ឈ្មោះ ចេន ហ្ស៉ី មិនបានប្រកាសទ្រព្យសម្បត្តិ និងបំណុលចុងក្រោយបន្ទាប់ពី៣០ថ្ងៃ បញ្ចប់តួនាទី ដោយមូលហេតុឈ្មោះនេះជាប់ពន្ធនាគារនៅក្រៅប្រទេស ៕



