ក្រុងព្រះសីហនុរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវានារីអន្តរជាតិ ៨ មីនា និងប្រកាសសមាសភាពគណៈកម្មការសមាគមនារី
ក្រុងព្រះសីហនុ៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ រដ្ឋបាលក្រុងព្រះសីហនុបានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ នៃទិវានារីអន្តរជាតិ ៨ មីនា ក្រោមប្រធានបទដ៏មានអត្ថន័យថា «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្រោមអធិបតីភាព លោកជំទាវ សេង សុមេត្តា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយ៌កម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះជួយមូលដ្ឋានក្រុងព្រះសីហនុ
និង លោកជំទាវគីម សុភ័ក្រ្ត ម៉ាង សុីណេត ប្រធានកិត្តិយសសាខាសមាគមនារីខេត្តព្រះសីហនុ ។
នៅក្នុងឱកាសដ៏វិសេសវិសាលនេះ ក៏មានការរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពគណៈកម្មការអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រុងព្រះសីហនុផងដែរ។ កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង៖
• លើកកម្ពស់តម្លៃស្ត្រី៖ រំលឹកពីស្មារតីនៃទិវានារីអន្តរជាតិ និងការចូលរួមចំណែករបស់ស្ត្រីក្នុងសង្គម។
• ពង្រឹងសន្តិសុខគ្រួសារ៖ ផ្ដោតលើការបង្កើតបរិយាកាសប្រកបដោយសុវត្ថិភាព និងសន្តិភាពសម្រាប់ស្ត្រី និងសមាជិកគ្រួសារគ្រប់រូប។
• ពង្រឹងរចនាសម្ព័ន្ធដឹកនាំ៖ បង្កើនប្រសិទ្ធភាពការងារតាមរយៈការប្រកាសសមាសភាពគណៈកម្មការថ្មី ដើម្បីបន្តសកម្មភាពអភិវឌ្ឍន៍នៅក្នុងក្រុងព្រះសីហនុឱ្យកាន់តែរីកចម្រើន។
ពិធីនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរមូលដ្ឋាន ចំពោះតួនាទីរបស់ស្ត្រីក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍសហគមន៍ឱ្យមានចីរភាព៕
ដោយ៖ ម៉ារ៉ាឌី



