ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន និងអនុរដ្ឋមន្ដ្រីប្រចាំការ នៃក្រសួងការបរទេសវៀតណាម ជួបពិភាក្សាគ្នាបន្ដពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសន្ដិសុខតាមព្រំដែន ដើម្បីរួមចំណែកជំរុញទំហំពាណិជ្ជកម្មទ្វេភាគី

ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអនុញ្ញាតឲ្យឯកឧត្តម Nguyen Minh Vu អនុរដ្ឋមន្ត្រីប្រចាំការ នៃក្រសួងការបរទេសវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះត្រូវបានធ្វើឡើងនៅសាលវនាការរបស់ ឯកឧត្តមសន្ដិបណ្ឌិត នាអគារមិត្តភាព នៃទីស្ដីការគណៈរដ្ឋមន្ដ្រី។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានធ្វើការវាយតម្លៃខ្ពស់ចំពោះវត្តមានរបស់អនុរដ្ឋមន្ត្រី ដែលបានមកកម្ពុជានាពេលនេះ គឺជាពេលវេលាដ៏សមស្របមួយ ក្នុងការបន្តជំរុញសន្ទុះ នៃកិច្ចសហប្រតិបត្តិការព្រំដែននៃប្រទេសទាំង បន្ទាប់ពីកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលទ្វេភាគីកម្ពុជា-វៀតណាម និងកិច្ចប្រជុំត្រីភាគីកម្ពុជា-វៀតណាម-ឡាវ។ ក្នុងន័យនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះលទ្ធផលនៃកិច្ចប្រជុំ និងបានប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងសាមគ្គីភាព ក៏ដូចជាកិច្ចសហប្រតិបត្តិការឲ្យកាន់តែស្អិតរមួតបន្ថែមទៀត។

ឯកឧត្តមសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ថា វៀតណាមជាប្រទេសដែលមានសន្ទុះកំណើនសេដ្ឋកិច្ច គួរឲ្យកត់សម្គាល់ក្នុងកម្រិត៨% ទាំងក្នុងតំបន់ និងលើសកលលោក។ ដោយឡែក កម្ពុជាក៏សម្រេចបានកំណើនសេដ្ឋកិច្ច៥% ផងដែរ ដូច្នេះភាពរីកចម្រើនរបស់ប្រទេសវៀតណាម បានផ្តល់ផលវិជ្ជមានដល់កម្ពុជា តាមរយៈការបំពេញឲ្យគ្នាទៅវិញទៅមកនៃសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរ។

ជាការឆ្លើយតប ឯកឧត្តមអនុរដ្ឋមន្ត្រីប្រចាំការ នៃក្រសួងការបរទេសវៀតណាម បានថ្លែងអំណរគុណចំពោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឲ្យរូបលោក និងគណៈប្រតិភូវៀតណាមបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដោយភាគីវៀតណាមមានតំណាងមកពីក្រសួងការបរទេស, ក្រសួងការពារជាតិ, ក្រសួងកសិកម្ម និងក្រសួងបរិស្ថាន និងក្រសួងនគរបាលវៀតណាម។

ជាមួយគ្នានេះ ឯកឧត្តមអនុរដ្ឋមន្ត្រីការបរទេសប្រចាំការ បានស្នើឲ្យប្រទេសកម្ពុជា យកចិត្តទុកដាក់ជំរុញការពិភាក្សាលើកិច្ចសហការគ្រប់គ្រងបញ្ហាតាមព្រំដែន ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតាមព្រំដែននៃប្រទេស និងប្រជាជនទាំង២ និងស្នើសុំឲ្យខិតខំជំរុញទំនាក់ទំនងពាណិជ្ជកម្ម ដើម្បីឈានដល់គោលដៅ ទំហំពាណិជ្ជកម្មទ្វេភាគីឲ្យដល់២០ពាន់លានដុល្លារអាម៉េរិក នៅពេលឆាប់ៗខាងមុខនេះ ឯកឧត្តមសង្ឃឹមថា ភាគីទាំងពីរនឹងខិតខំសហការគ្នា ដើម្បីពង្រឹងកំណើនសេដ្ឋកិច្ច និងការដោះដូរពាណិជ្ចកម្មតាមព្រំដែនបន្ថែមទៀត ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងន័យនេះ ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន បានសម្ដែងការគាំទ្រ នៃការលើកឡើងរបស់លោកអនុរដ្ឋមន្ដ្រី ក្នុងនោះលោកបញ្ជាក់ថា នឹងសម្របសម្រួលដល់ក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការតាមព្រំដែន ដើម្បីថែរក្សាសន្តិសុខតាមព្រំដែននៃប្រទេសទាំងពីរ៕