ពិពិធកម្មសាសនោវាទមិនមែនជាប្រធានបទទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លើយតបនឹងបរិបទសង្គមសម័យថ្មី

រាជធានីភ្នំពេញ- នៅព្រឹកថ្ងៃសុក្រ ១១កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦ នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ពុទ្ធិកសមាគមកម្ពុជរដ្ឋ ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ និងសមាគមអប់រំសីលធម៌អន្តរជំនាន់ ក្រោមការគាំទ្រពី ស.ស.យ.ក. រាជធានីភ្នំពេញ បានរៀបចំវេទិកាស្តីពី “ពិពិធកម្មសាសនោវាទ ដើម្បីនិម្មាបនកម្មវដ្ដជីវិត” នៅសាល CKCC ដោយមានការចូលរួមពីសាស្ត្រាចារ្យ យុវជន និងនិស្សិតប្រមាណ ៤២០រូប ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ និងអធិបតីភាព ហ៊ឺ វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយលោក កៀន តាក់ សាកលវិទ្យាធិការរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ថ្លែងបើកវេទិកា ឯកឧត្តម ហ៊ឺ វីរៈ បានលើកឡើងថា ពិពិធកម្មសាសនោវាទមិនមែនជាប្រធានបទទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លើយតបនឹងបរិបទសង្គមសម័យថ្មី ដែលទាមទារឱ្យយុវជនមានទាំងអត្តសញ្ញាណជាតិ និងសមត្ថភាពសកល។ ឯកឧត្តមបានបញ្ជាក់ថា យុវជនត្រូវរៀនស្គាល់ប្រវត្តិសាស្ត្រ វប្បធម៌ និងគុណតម្លៃសាសនារបស់ខ្លួន ដើម្បីក្លាយជាមូលដ្ឋានក្នុងការប្រកួតប្រជែង និងការសហការជាមួយពិភពលោក។ ការជំរុញចលនាវប្បធម៌ និងសាសនា គឺជាការកសាងចិត្តមនុស្ស មុននឹងកសាងសំណង់ ឬប្រព័ន្ធសេដ្ឋកិច្ច។ ការកសាងជាតិឱ្យរឹងមាំ និងមានភាពប្រកួតប្រជែងក្នុងសកលភាវូបនីយកម្ម មិនអាចផ្អែកតែបច្ចេកវិទ្យា ឬសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែត្រូវចាប់ផ្ដើមពីការកសាង “មូលធនមនុស្ស” ដែលមានសីលធម៌ បញ្ញា និងស្មារតីទទួលខុសត្រូវជាគ្រឹះ។ មូលធនមនុស្សមិនមែនសំដៅត្រឹមជំនាញវិជ្ជាជីវៈទេ ប៉ុន្តែជាសមត្ថភាពផ្ដែលបង្កើតតម្លៃឱ្យខ្លួនឯង សង្គម និងពិភពលោក។

ដោយឡែកក្នុងនាមសាកលវិទ្យាល័យ លោក កៀន តាក់ បានបញ្ជាក់ថា ស្ថាប័នឧត្តមសិក្សាមានតួនាទីលើសពីការផ្តល់ចំណេះដឹងបច្ចេកទេស គឺត្រូវបណ្តុះគំនិតវិភាគ ស្មារតីទទួលខុសត្រូវ និងសីលធម៌វិជ្ជាជីវៈ។ លោកបានលើកឡើងថា សាកលវិទ្យាល័យជាកន្លែងបង្កើតមូលធនមនុស្ស ដែលត្រូវមានការរួមបញ្ចូលរវាងវិទ្យាសាស្ត្រ និងតម្លៃសង្គម។ ការរៀបចំវេទិកាបែបនេះ ជាផ្នែកមួយនៃការផ្សារភ្ជាប់ចំណេះដឹងជាមួយជីវិតពិត និងការអភិវឌ្ឍជាតិ។

ដោយឡែក ព្រះសិរីកោសល សុំ សុខា បានផ្តល់ធម្មបរិយាយស្តីពី“សុខភាពផ្លូវចិត្តតាមពុទ្ធមាគ៌ា” ដោយបញ្ជាក់ថា ការអភិវឌ្ឍមនុស្សមិនអាចពឹងផ្អែកតែចំណេះដឹងខាងក្រៅទេ ប៉ុន្តែត្រូវចាប់ផ្តើមពីការថែរក្សាចិត្តឱ្យស្អាត ស្ងប់ និងមានបញ្ញា។ ព្រះអង្គបានបន្តពន្យល់ថា សុខភាពផ្លូវចិត្ត គឺស្ថិតនៅលើការគ្រប់គ្រង “ចិត្ត” ព្រោះចិត្តជាដើមកំណើតនៃពាក្យសម្ដី និងអំពើ។ ព្រះពុទ្ធបង្រៀនថា បើចិត្តស្អាត អំពើនឹងស្អាត បើចិត្តរលួយ អំពើនឹងនាំឱ្យកើតទុក្ខ។ ដូច្នេះ ការបណ្តុះសតិ និងសមាធិ គឺជាគន្លងសំខាន់ក្នុងការថែរក្សាសុខភាពផ្លូវចិត្ត។ ព្រះអង្គបានបន្តលើកឡើងពីអរិយមគ្គអង្គ៨ ជាមាគ៌ាអនុវត្តជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ ដូចជា សម្មាទិដ្ឋិ (ការយល់ឃើញត្រឹមត្រូវ) សម្មាសតិ (ការមានសតិ) និងសម្មាសមាធិ (ការបណ្តុះចិត្តឱ្យមាំមួន) ដែលជួយឱ្យមនុស្សម្នាក់អាចគ្រប់គ្រងអារម្មណ៍ កាត់បន្ថយក្តីកង្វល់ និងការប្រកួតប្រជែងខាងអារម្មណ៍ក្នុងសង្គមសម័យថ្មី។ ព្រះអង្គក៏បានដាស់តឿនយុវជនថា សង្គមបច្ចុប្បន្នមានការប្រកួតប្រជែង និងសម្ពាធច្រើន បើគ្មានសតិ និងការយល់ដឹងពីធម៌ នឹងងាយបាត់បង់តុល្យភាពផ្លូវចិត្ត។ ការអនុវត្តមេត្តា ការអភ័យ និងការពិចារណាអំពីអនិច្ចតាធម៌ (ភាពមិនថេរ) ជួយឱ្យមនុស្សទទួលយកការប្រែប្រួលដោយសន្តិភាពក្នុងចិត្ត។

ក្នុងឱកាសនោះជាការរួមវិភាគទាន ឯកឧត្តម ឈួរ សុបញ្ញា អនុប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងនាមជាវាគ្មិនបានលើកឡើងផងដែរថាសាសនមាគ៌ា ជាគន្លងដ៏សំខាន់ក្នុងការបណ្តុះមូលធនមនុស្ស ព្រោះសាសនាបង្រៀនឱ្យមនុស្សស្គាល់ខ្លួនឯង គ្រប់គ្រងចិត្ត និងដឹកនាំជីវិតដោយគោលការណ៍។ សីលធម៌ធ្វើឱ្យមនុស្សមានសុចរិតភាព និងគោរពច្បាប់ បញ្ញាធ្វើឱ្យមនុស្សចេះវិភាគ និងសម្រេចចិត្តដោយហេតុផល ខណៈមេត្តា និងការយល់ចិត្តជួយបង្កើតសាមគ្គីភាពក្នុងសង្គម។ បើគ្មានសីលធម៌ក៏អាចក្លាយជាឧបករណ៍បង្កគ្រោះថ្នាក់ ប៉ុន្តែបើសីលធម៌និងបុរេសកម្មរួមគ្នា នោះមនុស្សនឹងក្លាយជាធនធានដ៏មានតម្លៃសម្រាប់ជាតិ។ ពលរដ្ឋសកលមិនមែនជាមនុស្ស ដែលបោះបង់អត្តសញ្ញាណជាតិ ឬរត់តាមនិន្នាការបរទេសទេ ប៉ុន្តែជាមនុស្សដែលមានឫសគល់រឹងមាំក្នុងវប្បធម៌ និងសាសនារបស់ខ្លួន ហើយអាចបើកចិត្តទូលាយចំពោះពិភពលោក។ ការសំពះតាមប្រពៃណីខ្មែរ ការគោរពឪពុកម្តាយ និងគ្រូបង្រៀន ការរស់នៅដោយសាមគ្គីភាព គឺជាគុណតម្លៃមូលដ្ឋានដែលអាចបង្ហាញអត្តសញ្ញាណខ្មែរ ក្នុងពេលដូចគ្នានឹងការចូលរួមជាមួយសហគមន៍អន្តរជាតិ។ ក្នុងនោះការបានដាស់តឿនយុវជនឱ្យកសាងខ្លួនឯងជាប្រព័ន្ធ ដោយរៀនឱ្យខ្លាំង រស់នៅដោយសីល និងបម្រើសង្គមដោយស្មារតីទទួលខុសត្រូវ។ ការអភិវឌ្ឍជំនាញត្រូវដើរជាមួយការអភិវឌ្ឍចិត្ត។ បើមនុស្សមានចំណេះដឹង ប៉ុន្តែខ្វះសីលធម៌ នោះការរីកចម្រើននឹងគ្មានចីរភាព។ តែបើមានទាំងសមត្ថភាព និងគុណធម៌ នោះគឺជាមូលធនមនុស្សពិតប្រាកដ ដែលអាចនាំសង្គមឈានទៅរកសុខដុមនីយកម្ម និងការរីកចម្រើនប្រកបដោយចីរភាព។

សរុបសេចក្តីមក វេទិកានេះបានបញ្ជាក់ច្បាស់ថា ការកសាងមូលធនមនុស្សគឺជាគន្លងសំខាន់បំផុតសម្រាប់អនាគតជាតិ។ តាមរយៈការរួមបញ្ចូលគុណតម្លៃសាសនា វប្បធម៌ ប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រ យុវជនខ្មែរ​អាចក្លាយជាពលរដ្ឋសកលដែលមានសមត្ថភាព មានសីលធម៌ និងមានចិត្តបើកទូលាយក្នុងការរស់នៅជាមួយពិភពលោកប្រកបដោយសុខដុមនីយកម្ម និងចីរភាព។