ខេត្តស្វាយរៀង និង ខេត្តស្ទឹងត្រែង ទទួលបានជំនួយ រដ្ឋាភិបាលជប៉ុន ជា៣០ម៉ឺនដុល្លារ លើការផ្គត់ផ្គង់ទឹកស្អាត និងវិស័យអប់រំ

ភ្នំពេញ ៖ ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា បានថ្លែងនៅថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៦ ថា រដ្ឋាភិបាលជប៉ុនបានឯកភាពផ្តល់ថវិកាសរុប ៣០៧.៧២០ ដុល្លារ ក្រោមគ្រោងការណ៍នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ជប៉ុន ជំនួយឥតសំណង។

ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី បានបន្តថា ៖ «សម្រាប់គម្រោងទី ១ ដែលនឹងអនុវត្តដោយរដ្ឋាករទឹកខេត្តស្វាយរៀង រដ្ឋាភិបាលជប៉ុនផ្ដល់ថវិកា ចំនួន ១៣៤.៩៦៩ ដុល្លារអាមេរិក (មួយរយសាមសិបបួនពាន់ប្រាំបួនរយកៅសិបប្រាំមួយដុល្លារអាមេរិក) ដើម្បីតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តស្វាយរៀង។ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ គម្រោង នេះនឹងរួមចំណែកក្នុងការផ្គត់ផ្គង់ទឹកស្អាតដែលមានតម្លៃសមរម្យដល់ប្រជាជនជាង ក្នុងភូមិចំនួន៩។ គម្រោងនេះនឹងកែលម្អអនាម័យ ក៏ដូចជាលើកកម្ពស់គុណភាពជីវិតប្រជាជនក្នុងតំបន់គោលដៅ ១២.០០០នាក់»។

ឯកអគ្គរាជទូតវិសាមញ្ញ បន្ថែមថា សម្រាប់គម្រោងទី២ ដែលនឹងអនុវត្តដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង រដ្ឋាភិបាលជប៉ុនផ្ដល់ថវិកាចំនួន ១៧២.៧៥១ ដុល្លារអាមេរិក (មួយរយជិតសិបពីរពាន់ប្រាំពីររយហាសិបមួយ ដុល្លារអាមេរិក) សម្រាប់ការសាងសង់ និងបំពាក់គ្រឿងសង្ហារឹមអគារសិក្សាមួយខ្នងមានចំនួន ៦បន្ទប់ និងបង្គន់អនាម័យចំនួន ៥បន្ទប់ ។ បរិក្ខារសាលាថ្មីៗទាំងនេះ នឹងផ្តល់នូវបរិយាកាសសិក្សាប្រកបដោយ សុវត្ថិភាព និងផាសុកភាពជាងមុន ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សសរុបប្រមាណ ៥៨០នាក់ និងគ្រូបង្រៀនចំនួន ២០នាក់។

បន្ថែមលើការរៀបរាប់នៃគម្រោងខាងលើនេះ ឯកឧត្តម អ៊ូអ៊ិណុ អាត់ស៊ូស៊ី ក៏បង្ហាញពីការសង្កេតឃើញ នៃអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ប្រទេស កម្ពុជានាពេលថ្មីៗនេះ ។ លោកថា «ទោះជាយ៉ាងណា ខ្ញុំក៏ទទួលស្គាល់ថានៅតែមានបញ្ហាប្រឈមជាច្រើន ដែល ដែលត្រូវដោះស្រាយ ដើម្បីលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន ។ ក្រោមភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនេះ តាមរយៈគ្រោង ការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំង “គូសាណូណ៌” ផងដែរ» ។

សូមជម្រាបជូនផងដែរថា គម្រោងដែលចុះអត្ថលេខានៅថ្ងៃនេះ ធ្វើឡើងដោយ លោក តានីណៃ អ៊ីឈិតូមុ ឧបទូតនៃស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា និងអ្នកតំណាងស្ថាប័នទទួលជំនួយនីមួយៗ នៅស្ថានទូតជប៉ុន៕