សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា រៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដោយបង្ហាញពីសមិទ្ធផលជាច្រើនរួមចំណែកពង្រីកទំនាក់ទំនងមិត្តភាពកម្ពុជា-ជប៉ុន

TVK App

(ភ្នំពេញ)៖ សមាគមអតីតកម្មសិក្សាការី JICA ប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដោយបង្ហាញពីសមិទ្ធផលជាច្រើនរួមចំណែកពង្រីកទំនាក់ទំនងមិត្តភាពកម្ពុជា-ជប៉ុន។

ពិធីបើក និងបិទសន្និបាតនេះបានធ្វើឡើងក្រោមវត្តមានលោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន JICA ប្រចាំនៅកម្ពុជា, លោក កឹម គុណវឌ្ឍន៍ អតីតប្រធានសមាគម អតីតកម្មសិក្សាការី JICA កម្ពុជា និងជារដ្ឋលេខាធិការក្រសួងព័ត៌មាន។ ដោយមានការចូលរួមពីសំណាក់លោកស្រី ថ្លាង សូរិយា ប្រធានសមាគមអតីតកម្មសិក្សាការី JICA ប្រចាំកម្ពុជា, លោកស្រី Miyashita Akiko អនុប្រធានទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន JICA ប្រចាំនៅកម្ពុជា, លោកស្រី ទៀ តារាសាត អនុរដ្ឋលេខាធិកាក្រសួងមហាផ្ទៃ, លោក Va Kora ប្រធានសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន ព្រមទាំងសមាជិក សមាជិកាជាច្រើនរូបទៀត។

នាឱកាសនោះដែរ លោកស្រី ថ្លាង សូរិយា បានថ្លែងថា សកម្មភាពសមាគម បានអនុវត្តកន្លងមកក្នុងឆ្នាំ២០២៥ គឺសមាគមមានសកម្មភាពធំៗចំនួន២ប្រភេទ គឺសកម្មភាពក្នុងប្រទេស និងសកម្មភាពក្រៅប្រទេស។ សម្រាប់សកម្មភាពក្នុងប្រទេស សមាគមបានធ្វើសកម្មភាពចំនួន៥ រួមមាន៖ (១) សកម្មភាពនៅខេត្តកំពត ស្តីពី «បរិស្ថាន និងទេសចរណ៍», (២) កម្មវិធីដើរដើម្បីសនិ្តភាព, (៣) កម្មវិធី Pre-departure orientation សម្រាប់ សមាជិក សមាជិកាមុនពេលពួកគាត់ចេញដំណើរទៅប្រទេសជប៉ុន ដើម្បីទស្សនកិច្ចសិក្សា និងសិក្សារយៈពេលខ្លី ឬរយៈពេលវែង (៤) កម្មវិធីសប្បុរសធម៌ជួយជនភៀសសឹក នៅខេត្តព្រះវិហារ (៥) កម្មវិធីថែរក្សាសុខភាពមាត់ធ្មេញ និងចែកសម្ភារសិក្សាដល់សិស្សកម្រិតបឋមសិក្សានៅខេត្តពោធិ៍សាត់។

ប្រធានសមាគមអតីតកម្មសិក្សាការី JICA ប្រចាំកម្ពុជា បានបន្តថា ចំពោះសកម្មភាពក្រៅប្រទេស មានចំនួន៣រួមមាន៖ (១) ការប្រជុំប្រចាំត្រីមាសជាមួយបណ្តាញសមាគមអាស៊ាន-ជប៉ុន តាមប្រព័ន្ធ Online (២) ការប្រជុំស្តីពី «អ្នកដឹកនាំក្នុងតំបន់ »នៅប្រទេសឥណ្ឌូនេស៊ី (៣) ការប្រជុំក្រុមប្រឹក្សាប្រតិបតិ្តសមាគមមិត្តភាពអាស៊ាន-ជប៉ុន នៅប្រទេសឡាវ។

លោកស្រីបានលើកឡើងថា សមាគមអតីតកម្មសិក្សាការី JICA កម្ពុជា មានរយៈពេលជាង ២០ឆ្នាំហើយ ដែលទីភ្នាក់សហប្រតិបត្តិការអន្តរជាតិ JICA ប្រចាំនៅកម្ពុជា បានបំពេញបេសកកម្មរបស់ខ្លួនក្នុងគោលដៅបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្សជូនប្រទេសកម្ពុជា។ តាមរយៈការបញ្ជូនមន្រ្តីរាជការរបស់រដ្ឋាភិបាល សិស្ស និស្សិត និងអង្គការផ្សេងៗនៅកម្ពុជាទៅធ្វើការបណ្តុះបណ្តាល នៅប្រទេសជប៉ុនទៅតាមជំនាញរបស់គេរៀងៗខ្លួន។

ដោយឡែកចំពោះប្រធានទីភ្នាក់ងារសហប្រតិបតិ្តការអន្តរជាតិជប៉ុន JICA ប្រចាំនៅកម្ពុជា បានបន្ដថា បង្កើតឡើងនៅក្នុងឆ្នាំ២០១២ សមាគម JICA-AC បានសហការគ្នាក្នុងការរៀបចំនូវកម្មវិធីនានាដូចជា៖ កម្មវិធីបង្កើតចំណេះដឹង អាហារូបករណ៍អភិវឌ្ឍធនធានមនុស្សដោយជំនួយឥតសំណងរបស់ជនជាតិជប៉ុន និងគំនិតផ្តួចផ្តើមបណ្តុះបណ្តាលផ្សេងទៀតរបស់ JICA។ ប៉ុន្មានឆ្នាំមកនេះអតីតនិស្សិតបានចូលរួមក្នុងសកម្មភាពជាច្រើន រួមចំណែកដល់សង្គមកម្ពុជា ពង្រឹងទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការ និងការធ្វើទំនាក់ទំនងក្នុងចំណោមសមាជិកទាំងអស់ ក៏ដូចជារវាងជប៉ុន និងកម្ពុជា។ JICA-AC បានដើរតួនាទីយ៉ាងសំខាន់ទាំងក្នុង និងក្រៅប្រទេស។

បន្ថែមពីនេះ លោក Sanui Kazumasa បានបន្ដថា សម្រាប់សកម្មភាពក្នុងស្រុក អតីតនិស្សិតបានផ្តល់ការគាំទ្រដល់សហគមន៍ក្រីក្រ ដោយគំនិតផ្តួចផ្តើមផ្នែកអប់រំ និងសប្បុរសធម៌។ សម្រាប់សកម្មភាពក្រៅប្រទេស JICA-AC តំណាងឱ្យកម្ពុជា ក្នុងន័យមិត្តភាពនៃសមាគមអាស៊ាន-ជប៉ុនសតវត្សរ៍ទី២១។ រហូតមកដល់ពេលនេះ អ្នកតំណាងរបស់ JICA-AC បានចូលរួមក្នុងយ៉ាងសកម្មក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាប្រតិបត្តិ (ECM) និងព្រឹត្តិការណ៍ផ្សេងទៀតដែលរៀបចំក្នុងបណ្តាប្រទេសជាសមាជិកអាស៊ាន និងនៅក្នុងប្រទេសជប៉ុន។ កិច្ចខិតខំប្រឹងប្រែងរបស់សមាគម JICA-AC បានរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចសង្គម ការអភិវឌ្ឍសហគមន៍នៅកម្ពុជា ក៏ដូចជាពង្រឹងទំនាក់ទំនងរវាងប្រជាជនជប៉ុន និងកម្ពុជា៕