កូរ៉េខាងជើងរៀបចំក្បួនដង្ហែរយោធាដើម្បីអបអរសាទរកិច្ចប្រជុំសមាជរបស់បក្សកាន់អំណាចរបស់ខ្លួន ប៉ុន្តែលើកនេះគឺគ្មានរូបភាព ក្បួនដង្ហែរមីស៊ីលសំញ៉ែងពិភពលោកដូចសព្វដងនោះទេ!

TVK App

រូបថតដែលទទួលបានពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង KCNA បានបង្ហាញថាវត្តមានរបស់ មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានចូលរួមក្នុងក្បួនដង្ហែរយោធាដ៏ធំកាលពីយប់ថ្ងៃពុធនេះ ដើម្បីអបអរសាទរដល់សមាជបក្សកម្មករកាន់អំណាចរបស់លោក រួមជាមួយនឹងភរិយារបស់លោក គឺលោកស្រី Ri Sol Ju និងកូនស្រីរបស់លោក Kim Ju Ae ផងដែរ។ ក្នុងនោះក៏មានក្រុមទាហានដែលបានចូលរួមក្នុងការប្រយុទ្ធគ្នាដើម្បីមិត្តភាពរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ុយក្រែនដែរ បានដើរក្បួនក្នុងក្បួនដង្ហែរដូចគ្នា នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) ផ្លូវការរបស់កូរ៉េខាងជើង។ រូបថតមួយពី KCNA ក៏បានបង្ហាញពីវត្តមានទាហានកូរ៉េខាងជើង ដោយមានទាហានម្នាក់កាន់ទង់ជាតិរុស្ស៊ី បង្ហាញពីការគាំទ្ររបស់កូរ៉េខាងចំពោះសម្ព័ន្ធមិត្តរុស្ស៊ីរបស់ខ្លួនដែរ។ ប៉ុន្តែមិនមានរូបភាពឥស្សរជនបរទេសនៅលើយ៉រខាងមុខជាមួយមេដឹកនាំ Kim នោះទេ ហើយរូបថត KCNA ក៏មិនបានបង្ហាញនូវអាវុធធុនធ្ងន់ដូចជាមីស៊ីល ក្នុងក្បួនដង្ហែរយោធានោះដែរ ដែលជាញឹកញ៉យកូរ៉េខាងជើងតែងតែបង្ហាញនូវឥទ្ធិពលរបស់ខ្លួនទៅកាន់ពិភពលោកដោយបង្អួតនូវភាពវិវឌ្ឍន៍នៃមីស៊ីលរបស់ខ្លួន៕

សម្រួលអត្ថបទ៖ សុផារិន្ទ