ទឹកជំនន់ ហេតុការណ៍រអិលបាក់ដីនៅប្រទេសប្រេស៊ីល បណ្តាលឱ្យមនុស្សស្លាប់ជាង៤០នាក់ បាត់ខ្លួន៣០នាក់ និងមនុស្សជាង៥៦ម៉ឺននាក់កំពុងរស់នៅក្រោមភក់ច្រំទឹកភ្លៀង

ក្រុមគ្រួសាររបស់អ្នកដែលស្លាប់ នៅក្នុងគ្រោះទឹកជំនន់ដ៏សាហាវនៅភាគអាគ្នេយ៍ប្រទេសប្រេស៊ីលបានចាប់ផ្តើមបញ្ចុះសពពួកគេហើយ ខណៈដែលចំនួនមនុស្សស្លាប់បានកើនឡើងដល់៤០នាក់នៅក្នុងរដ្ឋ Minas Gerais។ ជនរងគ្រោះទាំងអស់ដែលត្រូវបានគេរកឃើញរហូតមកដល់ពេលនេះគឺស្ថិតនៅក្នុងទីក្រុង Juiz de Fora (ជូវីស ឌឺ ហ្វូរ៉ា) និង Uba (អ៊ូបា) ដែលមានចម្ងាយប្រហែល៣១០គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Rio de Janeiro (រីយ៉ូ ឌឺ សេណឺរ៉ូ)។ មនុស្សប្រហែលជា ៣០ នាក់នៅតែបាត់ខ្លួននៅឡើយទេ ហើយប្រជាជនប្រមាណជាង ៣០០០ នាក់ត្រូវបង្ខំឱ្យចាកចេញពីផ្ទះរបស់ពួកគេគិតត្រឹមព្រឹកថ្ងៃពុធម្សិលមិញ នេះបើយោងតាមនាយកដ្ឋានពន្លត់អគ្គីភ័យរបស់រដ្ឋ Minas Gerais។ ក្នុងចំណោមជនរងគ្រោះមានក្មេងប្រុសអាយុ ១១ ឆ្នាំម្នាក់ដែលមានឈ្មោះ Bernardo Lopes Dutra (បឺណាដូ ឡូប៉ិស ឌូត្រា) ដែលបានស្លាប់បន្ទាប់ពីទឹកភ្លៀងធ្លាក់ខ្លាំងបានរំលំផ្ទះរបស់គេតែម្តង។ ឪពុករបស់គេដែលមានឈ្មោះថា Ricardo Dutra (រីកាដូ ឌូត្រា) បាននិយាយនៅក្នុងពិធីបុណ្យសពនៅ Juiz de Fora នោះថា “វាជាសោកនាដកម្មដែលគ្មាននរណាម្នាក់នឹកស្មានដល់នោះទេ”។ គាត់បានពិពណ៌នាអំពីក្មេងប្រុស Bernardo ថាជា “ជាក្មេងប្រុសដែលមានចិត្តទូលាយ យកចិត្តទុកដាក់ចំពោះអ្នកដទៃ និងជួយមនុស្សជុំវិញខ្លួនគេជានិច្ច ជាហេតុធ្វើឲ្យអ្នកផងមានការសោកស្តាយជាខ្លាំង។ ភរិយា និងកូនស្រីរបស់លោក Dutra នៅតែស្ថិតក្នុងមន្ទីរពេទ្យព្យាបាលនៅឡើយទេមកដល់ពេលនេះ។ សូមបញ្ជាក់ថាផ្លូវនានាក្នុងទីក្រុង Juiz de Fora ដែលមានប្រជាជនរស់នៅចំនួន ៥៦ម៉ឺននាក់ ត្រូវបានគ្របដណ្ដប់ដោយភក់ទឹកភ្លៀង ខណៈដែលអាជ្ញាធរបង្ហាញពីក្តីព្រួយបារម្ភថានឹងមានហេតុការណ៍រអិលបាក់ដីមកបន្ថែមទៀត។ ចំណែកជីវិតរស់នៅក្នុងទីក្រុងជិតខាង Uba វិញ ដែលមានប្រជាជនចំនួន ១សែន៧ពាន់នាក់ហាក់ដូចជាឈប់ទ្រឹងដែរ ដោយសារតែបញ្ហាគ្រោះធម្មជាតិនេះ។ ថ្នាក់រៀនត្រូវបានផ្អាកនៅក្នុងទីក្រុងទាំងពីរ នេះបើយោងតាមអភិបាលក្រុងរបស់ពួកគេ។ សាលាក្រុង Juiz de Fora បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រួសារប្រហែលជា៦០០ គ្រួសារដែលរស់នៅក្នុងតំបន់ជនជាតិភាគតិចដ៏កម្រ នឹងត្រូវផ្លាស់ប្តូរទៅកាន់សាលារៀនក្នុងស្រុក ដែលត្រូវបានរៀបចំជាជម្រកបណ្តោះអាសន្ន ហើយទីក្រុងនេះបានជួបប្រទះនឹងភ្លៀងធ្លាក់ទ្វេដងក្នុងឆ្នាំនេះ ដែលលើសពីការរំពឹងទុកសម្រាប់ខែកុម្ភៈឆ្នាំមុនឯណោះ។ អភិបាលក្រុង Margarida Salomão បាននិយាយថា យ៉ាងហោចណាស់មានហេតុការណ៍រអិលបាក់ដីចំនួន២០ករណីហើយ ដែលត្រូវបានរាយការណ៍ចាប់តាំងពីមានភ្លៀងធ្លាក់ខ្លាំងបានចាប់ផ្តើមនៅល្ងាចថ្ងៃចន្ទមក។ មកដល់ពេលនេះ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inácio Lula da Silva (ឡឺវីស អ៊ីណាស៊ីយ៉ូ ឡូឡា ដា ស៊ីលវ៉ា) បាននិយាយនៅលើបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកកាលពីថ្ងៃអង្គារថា កងកម្លាំងសន្តិសុខត្រូវបានដាក់ពង្រាយក្នុងបេសកកម្មជួយសង្គ្រោះប្រជាជនរងគ្រោះ និងកំពុងផ្តល់ជំនួយជាបន្ទាន់ដល់ប្រជាជនដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀងនេះដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ


