ពិព័រណ៍រថយន្ត Auto Show លើកទី៣ នឹងរៀបចំឡើងនៅថ្ងៃទី៦,៧,៨ ខែមីនា ឆ្នាំ២០២៦ នៅទីតាំង អគារមង្គលការ ដឹ ព្រេមៀ សេនធ័រ សែនសុខ

សន្និសីទសារព័ត៌មានស្តីអំពីពិព័រណ៍រថយន្ត Auto Show លើកទី៣ ឆ្នាំ២០២៦ បានប្រារព្វធ្វើនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក មាន សំអុល នាយកគ្រប់គ្រងការអភិវឌ្ឍន៍អាជីវកម្ម តំណាងអ្នកឧកញ៉ា សេង ញ៉ក់ អគ្គនាយកក្រុមហ៊ុន គ្រី អេធីវ លីវីង ឯ.ក និងដោយមានការអញ្ជើញចូលរួមពី អស់លោក លោកស្រី ជាតំណាងមកពីបណ្តាក្រុមហ៊ុនដៃគូរសហការ និង ភ្ញៀវកិត្តិយស ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប នៅទីតាំង ដឹ ព្រេមៀ ផាលេស។
លោក មាន សំអុល បានមានប្រសាសន៍ថា ក្រុមហ៊ុន គ្រី អេធីវ លីវីង ឯ.ក បានរៀបចំព្រឹត្តការណ៍តាំងពិព័រណ៍រថយន្តលើកទី១ និងលើកទី២ រួចមកហើយ កាលពីឆ្នាំ២០២៤ និង ២០២៥ ដែលមានលក្ខណះខ្នាតធំជាងគេនៅក្នុងរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។ លោក បានបញ្ជាក់ថា ការរៀបចំពិព័រណ៍រថយន្តលើកទី៣ នៅថ្ងៃទី៦,៧,៨ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ មានចំនួន៩អគារ ដោយមានដៃគូរសហការណចូលរួមមានចំនួន ៦០ក្រុមហ៊ុន ស្មើនឹង ១១៥ស្តង់ ។
លោកបានបញ្ជាក់បន្តថា កម្មវិធីនេះបង្កើតឡើងមិនត្រឹមតែជាការបង្ហាញពីវិស័យបច្ចេកវិទ្យារបស់រថយន្តប៉ុណ្ណោះទេ គឺថែម ទាំងនាំមកនូវការរួមគ្នារវាងវិស័យយានយន្តនានា នៅក្នុងប្រទេស និងអ្នកប្រើប្រាស់អោយទទួលបានអំពីការវិវឌ្ឍន៍នៃបច្ចេកវិទ្យាថ្មីៗរបស់រថយន្ត និងផលិតផលពាក់ព័ន្ធនឹងយាន យន្តផ្សេងៗជាច្រើនរបស់ក្រុមហ៊ុននីមួយៗនៅក្នុងប្រទេសក៏ដូចជានៅក្រៅប្រទេសផងដែរ។ ម្យ៉ាងវិញទៀតការ ចូលរួម ពិព័រណ៍នេះ អតិថិជនដែលបានចូលរួមអាចស្គាល់ពីម៉ាករថយន្ត ថ្មីៗនានា ដែលកំពុងចរាចរណ៍លក់ នៅក្នុងទីផ្សារប្រទេស កម្ពុជា ជាពិសេស ក៏ទទួលបានព័ត៌មានច្បាស់លាស់ សម្រាប់ ការជ្រើសរើសរថយន្ត ដែលសមស្របទៅតាមតម្រូវការ ប្រើប្រាស់ប្រចាំថ្ងៃដោយមិនប្រថុយប្រថាន ដែលនាំឲ្យខាតបង់ពេលវេលានិងថវិកា ។
គួរបញ្ជាក់ថា ការរៀបចំតាំងពិព័រណ៍រថយន្តជាលើកទី៣ នឹងប្រារព្វធ្វើឡើងនៅទីតាំង អគារមង្គលការ ដឹ ព្រេមៀ សេនធ័រ សែនសុខ មានចំនួន៩អគារ ពីអគារ A ដល់ អគារ I ចាប់ពីថ្ងៃទី៦,៧,៨ ខែមីនា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណះ និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។
សូមបញ្ជាក់ថា នាពេលកន្លងមក នៅក្នុងកម្មវិធីពិព័រណ៍រថយន្ត Auto Showលើកទី១ ឆ្នាំ២០២៤ បានរៀបចំឡើងចំនួន ៥អគារ និងមានក្រុមហ៊ុនដែលជាដៃគូរសហការចូលរួមចំនួន៣៧ក្រុមហ៊ុន។ ក្នុងនោះផងដែរមានក្រុម ហ៊ុនដែលបានចូលរួមក្នុងកម្មវិធីពិព័រណ៍នេះក៍ទទួលបានការកក់ និងលក់រថយន្តបានចំនួន១៥១គ្រឿង នៅក្នុងថ្ងៃកម្មវិធីពិព័រណ៍នេះតែម្តង ។ ដោយឡែក ចំពោះកម្មវិធីពិព័រណ៍រថយន្ត Auto Showលើកទី២ ឆ្នាំ២០២៥ មានចំនួន៧អគារ និងមានក្រុមហ៊ុនដែលជាដៃគូរសហការចូលរួមចំនួន៥៦ក្រុមហ៊ុន ស្មើនឹង៨៧ស្តង់ ។ ក្នុងនោះផងដែរមានក្រុមហ៊ុនដែលបានចូលរួមក្នុងកម្មវិធីពិព័រណ៍នេះក៍ទទួលបានការកក់ និងលក់រថយន្តបាន ចំនួន ៤០៤ គ្រឿង នៅក្នុងថ្ងៃកម្មវិធីពិព័រណ៍ នេះតែម្តង ។
គួររំលឹកឡើងថា ពិព័រណ៍រថយន្តលើកទី៣ រយៈពេល៣ថ្ងៃដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦,៧,៨ ខែមីនា ឆ្នាំ២០២៦ ឆាប់ៗខាងមុខនេះ ក្រុមហ៊ុន គ្រី អេធីវ លីវីង បានរៀបចំលើកទឹក ចិត្តសំរាប់អតិថិជនដែលជាវរថយន្ត និងភ្ញៀវកិត្តិយសដែលមកចូលរួមទស្សនានៅថ្ងៃតាំងពិព័រណ៍ នឹងទទួលបានការចាប់ ឆ្នោតយករង្វាន់ផ្សេងៗ និង មានការប្រគុំតន្ត្រីពីតារាល្បីៗ ព្រមទាំងមាន Playground Kids Paradise សំរាប់កូន ក្មេងៗលេងកំសាន្តទៀតផង៕


