ឯកឧត្ដម ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញជាអធិបតីបិទ វគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន»

្នំពេញ៖ បន្ទាប់ពីដំណើរការអស់រយៈពេល ៣ថ្ងៃរួចមក វគ្គបណ្តុះបណ្តាលស្តីពី «ការលើកកម្ពស់ការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តសម្រាប់អ្នកសារព័ត៌មាន»
រៀបចំឡើងដោយ ក្រសួងព័ត៌មាន តាមរយៈគណៈកម្មការអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យព័ត៌មាន និងសោតទស្សន៍ បានប្រារព្ធពិធីបិទនៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ នាសាលចតុម្មុខមង្គលទីស្តីការក្រសួង ក្រោមអធិបតីភាព ឯកឧត្តម ឆាយ សុផល រដ្ឋលេខាធិការ ជាតំណាង ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ។
ក្នុងរយៈពេល ៣ថ្ងៃនេះមានសិក្ខាកាម សរុប ២៤៤នាក់ មកពីអង្គភាពព័ត៌មាន ក្រសួង ស្ថាប័ន និងសមាគមនានា ដែលបានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់វិជ្ជាជីវៈ និងការគោរពច្បាប់ក្នុងវិស័យព័ត៌មានកម្ពុជា។
វគ្គបណ្តុះបណ្តាលបានផ្តោតលើប្រធានបទស្នូលសំខាន់ៗ រួមមាន៖ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធវិស័យព័ត៌មាន, ធម្មនុញ្ញ និងក្រមសីលធម៌ និងទំនួលខុសត្រូវវិជ្ជាជីវៈ
, តួនាទី និងទំនួលខុសត្រូវរបស់អ្នកសារព័ត៌មាន,ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ,ប្រវត្តិ និងបរិបទអភិវឌ្ឍវិស័យព័ត៌មាន និងយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធ។
តាមរយៈរបាយការណ៍បូកសរុប បានបង្ហាញលទ្ធផលស្ទង់មតិ គឺ៩៥.៩% យល់ថាវគ្គមានអត្ថប្រយោជន៍ និងមានភាពច្បាស់លាស់ ហើយជាង ៩៨% មានការពេញចិត្តចំពោះគុណភាពវគ្គ និង ៧១.៨% វាយតម្លៃថាគ្រូបង្រៀនមានសមត្ថភាពល្អ។
ឯកឧត្តម ឆាយ សុផល បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលវគ្គបណ្តុះបណ្តាលនេះទទួលបាន ហើយជាឱកាសក្នុងការចែករំលែកបទពិសោធន៍ និងជួយឱ្យអ្នកសារព័ត៌មានបង្កើនចំណេះដឹង ការយល់ដឹងអំពីច្បាប់ពាក់ព័ន្ធវិស័យព័ត៌មាននិងសោទស្សន៍ និងលើកកម្ពស់ការយល់ដឹងអំពីសីលធម៌វិជ្ជាជីវៈមានទំនួលខុសត្រូវនិងគោរពច្បាប់ ។
វគ្គបណ្តុះបណ្តាលនេះ ជាជំហានសំខាន់ក្នុងការពង្រឹងស្មារតីគោរពច្បាប់ សុចរិតភាព និងការទទួលខុសត្រូវក្នុងការផ្សព្វផ្សាយព័ត៌មាន ប្រកបដោយភាពត្រឹមត្រូវ និងសុវត្ថិភាព។
ក្រសួងព័ត៌មាន បន្តប្តេជ្ញាចិត្តលើកកម្ពស់គុណភាពវិស័យព័ត៌មាន និងសោតទស្សន៍ ដើម្បីបង្កើនភាពជឿទុកចិត្តពីសាធារណៈជន និងរួមចំណែកថែរក្សាស្ថិរភាពសង្គម ៕


