មន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បន្តជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ

ខេត្តមណ្ឌលគិរី ៖ ផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុងថ្មី តភ្ជាប់ពីឃុំស្រែអំពូម ឆ្លងកាត់ឃុំក្រង់តេះ ឆ្ពោះទៅឃុំពូជ្រៃ ក្នុងភូមិសាស្ត្រស្រុកពេជ្រាដា មានប្រវែង ១០គីឡូម៉ែត្រ ត្រូវបានសាងសង់ឡើង ក្នុងអំឡុង ខែកញ្ញា ឆ្នាំ២០២៥នេះ ដើម្បីសម្រួលការដឹកជញ្ជូន រាល់កសិផលរបស់ប្រជាពលរដ្ឋ ខណៈដែលអន្តរឃុំទាំងបី ជាតំបន់ពោពេញទៅដោយដំណាំកសិកម្ម និងកសិឧស្សាហកម្មយ៉ាងសម្បូរបែប ។
លោក ធន់ សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រោយទទួលបានគម្រោងធ្វើពិពិធកម្មកសិកម្មកម្ពុជា(ហិរញ្ញប្បទាន ធនាគារពិភពលោក ) ជួសជុលកែលម្អផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុងប្រវែង ១០គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ដែលអនុវត្តចាប់ពីខែកញ្ញា ឆ្នាំ២០២៥ ដល់ខែមិថុនា ឆ្នាំ២០២៦ ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ លោក បន្តថា កន្លងទៅផ្លូវអន្តរឃុំនេះ គឺពិបាកក្នុងការធ្វើដំណើរណាស់ មានសភាពរអិលខ្លាំង នៅរដូវវស្សា និងខែប្រាំង មានសភាពហ៊ុយ ដែលនាំបញ្ហាជាច្រើនដល់បងប្អូនប្រជាពលរដ្ឋ ទាំងការដឹកជញ្ជូនកសិផល ការធ្វើដំណើរទៅរកសេវាសុខាភិបាល ជា ពិសេសសិស្សទៅរៀនសូត្រជាដើម។ លោក ប្រធានមន្ទីរ បន្ថែមថា សកម្មភាពរបស់មន្ទីរបាននឹងកំពុងដើរស្របទៅតាមគន្លឹះអាទិភាពនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលផ្តោតលើ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ លោក បញ្ជាក់ថា មន្ទីរបានបន្តវេនពីអាណត្តិមុនៗក្នុងការប្រែក្លាយផ្លូវដីស ឱ្យទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុងកាន់តែច្រើនខ្សែឡើង ដើម្បីឱ្យជនបទមានសមាហរណកម្មជិតស្និទ្ធជាមួយទីប្រជុំជន។ លោក ធន់ សារី បានរំលេចពីលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ កន្លងទៅថា ក្រសួងអភិវឌ្ឍន៍ជនបទ បានផ្តល់គម្រោងថែទាំ និងជួសជុលផ្លូវសំខាន់ៗជាច្រើន រួមមាន ផ្លូវក្រាលល្បាយក្រួស៖ ចំនួន ១៣ខ្សែ ដែលមានប្រវែងសរុប ១១៦ គីឡូម៉ែត្រ ផ្លូវក្រាលកៅស៊ូ៖ ចំនួន ១ខ្សែ ប្រវែង ៣.៥ គីឡូម៉ែត្រ។ លោក បានបន្ថែមទៀតថា សមិទ្ធផលទាំងនេះ បានផ្តល់ផលប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋ ដូចជាភាពងាយស្រួលក្នុងការធ្វើដំណើរ ចំណេញពេលវេលា និងកាត់បន្ថយថ្លៃដើម ក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ។
លោក ធន់ សារី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានណែនាំដល់ក្រុមហ៊ុនម៉ៅការផ្លូវនេះ ត្រូវសាងសង់ឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស ដើម្បីធានាភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះដែរ លោក បានសំណូមពរដល់ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ សូមចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្រ្តីជំនាញ ដើម្បីធ្វើយ៉ាងណា ឱ្យដំណើរការសាងសង់ផ្លូវនេះ ទទួលបានជោគជ័យ តាមផែនការដែលបានគ្រោងទុក៕ អត្ថបទ រូបភាព ដោយក្រុមការងារមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី


