ពិធីបុណ្យផ្កា Tulip ចម្រុះពណ៌ជាង៥សែនដើមប្រចាំឆ្នាំ! ធ្វើនៅទីក្រុង New Delhi បានកំពុងទាក់ទាញភ្ញៀវទេសចរ ក្នុងស្រុកនិងអន្តរជាតិ ដោយទីក្រុងនេះធ្លាប់តែរងនូវព័ត៌មាន បំពុលខ្យល់កម្រិតខ្ពស់

ក្រុមភ្ញៀវទេសចរអន្តរជាតិ និងទេសចរក្នុងស្រុកជាច្រើននាក់បានរីករាយនឹងការតាំងពិព័រណ៍ផ្កាចម្រុះពណ៌នៅទីក្រុងញូវដេលី ខណៈដែលពិធីបុណ្យផ្កា Tulip ប្រចាំឆ្នាំរបស់ទីក្រុងនេះបានចាប់ផ្តើមហើយ។ ផ្កា Tulip រាប់រយ រាប់ពាន់ដើម ដែលមានពណ៌ចម្រុះកំពុងរីកស្កុះស្កាយនៅក្នុងសួនច្បារដែលតុបតែងយ៉ាងស្រស់ស្អាតនៅតាមដងផ្លូវក្នុងទីក្រុងញូវដេលី។ សម្រាប់ទីក្រុងដែលតែងតែមានព័ត៌មានអំពីការបំពុលខ្យល់ដ៏ខ្លាំងរបស់ខ្លួន ពេលនេះបានបង្ហាញជាសាធារណៈនូវផ្កា Tulip ពណ៌លឿង ពណ៌ទឹកក្រូច ក្រហម ផ្កាឈូក និងស គឺជាទិដ្ឋភាពដ៏ស្រស់ស្រាយមួយផ្សេងទៀត។ គំនិតផ្តួចផ្តើមនេះបានចាប់ផ្តើមដើម្បីជា ការធ្វើពិសោធន៍សួនច្បារតូចមួយ ប៉ុន្តែវាបានរីកចម្រើនទៅជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ពេញនិយមមួយ ដើម្បីំផុសចលនាដាំដុះផ្កា Tulip ដែលនាំចូលនៅក្នុងសួនសាធារណៈនានា។ ព្រឹត្តិការណ៍នេះបានក្លាយជាភាពទាក់ទាញដ៏ធំមួយសម្រាប់អ្នកមានឥទ្ធិពលលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឬ Influencer និងអ្នកចូលចិត្តថតរូប ដោយដើរតាមកំរាលព្រំមានផ្កាចម្រុះពណ៌ បានថតរូប ថតវីដេអូ និងថតរូប Selfie ជាដើម។ និស្សិតឈ្មោះ Tisha Narang បាននិយាយថា “ការដែលយើងបានមកឃើញផ្កាទាំងអស់នេះ គឺពិតជាមានភាពស្រស់ស្រាយខ្លាំងណាស់ វាប្រៀបដូចជាក្តីសុបិនដូច្នោះដែរ។ កម្មវិធីនេះរៀបចំដោយក្រុមប្រឹក្សាក្រុងញូវដេលី ដែលការតាំងពិព័រណ៍នេះនឹងបន្តរយៈពេលពីរទៅបីសប្តាហ៍រហូតដល់អាកាសធាតុក្តៅខ្លាំង។ លោក Shiv Kukreja ជាអ្នករស់នៅទីក្រុងដេលី បាននិយាយថា “ផ្កា Tulip ទាំងនេះរីកចេញមកគឺក្នុងរយៈពេលខ្លីណាស់ ប៉ុន្តែវាផ្តល់ឱ្យយើងនូវការចងចាំសម្រាប់ឆ្នាំនីមួយៗដែរ ។ ទំហំនៃការតាំងពិព័រណ៍បានកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ អ្នករៀបចំកម្មវិធីបាននិយាយថា ផ្កា Tulip សរុបជាង ៥សែនដើមត្រូវបានគេរំពឹងថានឹងរីកកាន់តែច្រើន និង ចម្រុះពណ៌នៅក្នុងសួនច្បារក្នុងទីក្រុងញ៉ូវដេលី អំឡុងពេលនៃពិធីបុណ្យផ្កា Tulip ដែលភាគច្រើនពូជរបស់វា គឺនាំចូលមកពីប្រទេសហូឡង់៕
សម្រួលអត្ថបទ៖ សុផារិន្ទ


