ប្រជាពលរដ្ឋនៅកោះបាលីត្រូវបានជម្លៀសចេញយ៉ាងប្រញ៉ាប់ប្រញ៉ាល់! បន្ទាប់ពីមានភ្លៀងខ្លាំងជាច្រើនថ្ងៃ និងបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ

ដងផ្លូវលំ និងផ្លូវថ្នល់តូចធំនៅក្រុងបាលីត្រូវបានលិចលង់ដោយទឹកជំនន់ បន្ទាប់ពីកោះឥណ្ឌូនេស៊ីមួយនេះត្រូវបានវាយប្រហារដោយភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមក។ មន្ត្រីបាននិយាយថា នៅក្នុងតំបន់ Dewi Sri ក្នុងស្រុក Kuta ទឹកជំនន់បានកើនឡើងដល់កម្ពស់ជាង ១.៥ ម៉ែត្រ ដែលធ្វើឱ្យប្រជាពលរដ្ឋជាច្រើនត្រូវជាប់នៅខាងក្នុងផ្ទះរបស់ពួកគេ។ ក្រុមស្វែងរក និងជួយសង្គ្រោះរបស់កោះបាលីបានរុករកមនុស្សតាមតំបន់ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយពួកគេព្យាយាមជម្លៀសប្រជាពលរដ្ឋដែលជាប់គាំងទាំងនោះ ដោយប្រើទូកកៅស៊ូ។ មន្ត្រីម្នាក់បាននិយាយថា មនុស្សសរុបចំនួន ១២ នាក់ត្រូវបានជម្លៀសចេញពីតំបន់រងគ្រោះនោះ រួមមានទាំងស្ត្រី និងកុមារ ក៏ដូចជាអ្នកដែលជាប់នៅក្នុងយានយន្តដោយសារទឹកបុកឡើងខ្លាំងផងដែរ។ ចំណែកទីតាំងផ្ទះសំណាក់ និងផ្ទះវីឡាជាច្រើននៅក្នុងតំបន់ Kuta, Legian, Seminyak និង Canggu ក៏រងផលប៉ះពាល់ដោយទឹកជំនន់ផងដែរ ដែលបង្ខំឱ្យភ្ញៀវទេសចរជាច្រើនត្រូវផ្លាស់ទីទៅកាន់កន្លែងស្នាក់នៅដែលមានសុវត្ថិភាព ដែលរៀបចំដោយអាជ្ញាធរក្នុងស្រុក៕
សម្រួលអត្ថបទ៖សុផារិន្ទ


