ផ្លូវជាច្រើនខ្សែនៅតំបន់ជុំវិញផ្សារដើមគរ ត្រូវបានរៀបចំសណ្តាប់ធ្នាប់ សម្រេចប្រមាណ៩០%ហើយ

TVK App

ភ្នំពេញ ៖ ក្នុងរយៈពេលជាង១ខែ កន្លងមកនេះ កំណាត់ផ្លូវជាច្រើនខ្សែនៅតំបន់ជុំវិញផ្សារដើមគរ ពិសេសមហាវិថីព្រះមុនីរ៉េត ម៉ៅសេទុងផ្លូវនិងផ្លូវលេខ២៣០ ស្ថិតក្នុងមូលដ្ឋានខណ្ឌទួលគោក និងខណ្ឌបឹងកេងកង មកដល់ពេលនេះ ការរៀបចំសណ្តាប់ធ្នាប់ គឺអនុវត្តបានល្អប្រសើរ ប្រមាណ៩០%ហើយ។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងប្រជុំស្តីពីវឌ្ឍនភាពក្នុងការរៀបចំសណ្តាប់ធ្នាប់ និងការផ្ទេរអាជីវករដែល លក់ដូរនៅលើផ្លូវ និងចិញ្ចើមផ្លូវក្នុងតំបន់ជុំវិញផ្សារដើមគ ទៅលក់ដូរនៅផ្សារដើមគថ្មី ឬផ្សារតាម៉ាប់ព្រែកជ្រៃ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ផ្លូវជាច្រើនខ្សែនៅតំបន់ជុំវិញផ្សារដើមគរ ពិសេសមហាវិថីព្រះមុនីរ៉េត ម៉ៅសេទុងផ្លូវនិងផ្លូវលេខ២៣០ ក្នុងមូលដ្ឋានខណ្ឌទួលគោកនិងខណ្ឌបឹងកេងកង អាជ្ញាធរនិងកងកម្លាំងរបស់យើងអនុវត្តការងារនៃការរៀបចំសណ្តាប់ធ្នាប់បានល្អប្រសើរប្រមាណ៩០%ហើយ។

ការសម្រេចបានជោគជ័យដ៏ធំធេងនេះ គឺបានមកពីការយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត មិនថាយប់ ថ្ងៃរបស់អាជ្ញាធរនិងកងកម្លាំងរបស់យើង ហើយអ្វីដែលពីសេសថែមទៀតនោះ គឺបានពីការចូលរួមគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ប្រជាពលរដ្ឋ។ ការគាំទ្រនេះ ក៏ព្រោះតែយើងទាំងអស់គ្នា អនុវត្តការងារខាងលើ ដោយភាពទន់ភ្លន់ ស្លូតបូត តែម៉ឺងម៉ាត់ និងធ្វើឡើងដើម្បីផលប្រយោជន៍រួមសម្រាប់ប្រជាពលរដ្ឋ១៧លាននាក់។

ជាមួយគ្នានោះ ឯកឧត្តម ឃួង ស្រេងក៏បានជម្រុញឱ្យបាញ់ថ្នាំមូសនៅតាមមូលដ្ឋានប្រជាពលរដ្ឋផងដែរ។ បងប្អូនអាជីវករ នៅតំបន់ជុំវិញផ្សារដើមគរចាស់ ដែលពួកគាត់នាំគ្នាទៅលក់ដូរនៅផ្សារដើមគរថ្មី នាខណ្ឌព្រែកព្នៅនិងផ្សារតាម៉ាប់ព្រែកជ្រៃ សង្កាត់ព្រែកកំពឹសខណ្ឌដង្កោ ពួកគាត់សប្បាយរីករាយណាស់ រហូតបានអំពាវនាវឱ្យអាជីវករផ្សេងទៀតទៅលក់តាមពួកគាត់ថែមទៀត ដែលនេះជាភាពជោគជ័យដ៏ធំធេងរបស់យើង ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈ៕