ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. វិស័យធនាគារជាតិនៃកម្ពុជា

ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានរៀបចំពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារបម្រើការនៅវិស័យធនាគារជាតិនៃកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ក្នុងឱកាសនោះ ឯកឧត្តម សំហេង បុរស សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. បានអានសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពក្រុមការងារ ស.ស.យ.ក. វិស័យធនាគារជាតិ ដែលមានរចនាសម្ព័ន្ធដឹកនាំរួមមាន៖ប្រធាន ១ រូប ,អនុប្រធាន ៧ រូប និង សមាជិក សមាជិកាសរុប ៨៩១ នាក់។
នៅក្នុងឱកាសនោះ ឯកឧត្តម គិត សុវណ្ណារិទ្ធ ប្រធាន ស.ស.យ.ក. ប្រចាំវិស័យធនាគារជាតិ បានធ្វើរបាយការណ៍សង្ខេបអំពីវឌ្ឍនភាព និងសកម្មភាពនានាដែលសម្រេចបានកន្លងមក ក្រោមការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី។
បន្ទាប់ពីទទួលបានការតែងតាំងជាផ្លូវការ លោកស្រី ខេង កញ្ញារិទ្ធ តំណាងឱ្យសមាជិក សមាជិកា បានឡើងធ្វើការប្តេជ្ញាចិត្តយ៉ាងមោះមុតក្នុងការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ ស.ស.យ.ក. , ខិតខំអស់ពីសមត្ថភាពក្នុងការកសាងផែនការសកម្មភាព ដើម្បីដឹកនាំវិស័យធនាគារជាតិឱ្យកាន់តែរីកចម្រើន , បន្តស្មារតី “២ ធ្នូ” ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីជាការដឹងគុណដល់មាតុភូមិ។
មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ស.ស.យ.ក. វិស័យធនាគារជាតិ ដែលបានលះបង់កម្លាំងកាយចិត្ត ចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គមនាពេលកន្លងមក។ ក្នុងនោះ ឯកឧត្តមបានផ្តល់អនុសាសន៍គន្លឹះៗមួយចំនួនជូនដល់សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងវិស័យធនាគារ ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដូច្នេះត្រូវបន្តអភិវឌ្ឍសមត្ថភាពឱ្យទាន់បច្ចេកវិទ្យាទំនើប ពិសេសការចូលរួមក្នុងគ្រួសារ ស.ស.យ.ក. គឺជាការស្ម័គ្រចិត្តដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។ ឯកឧត្តមបានរំលឹកថា សមិទ្ធផលដែលយើងមាននៅថ្ងៃនេះ គឺកើតចេញពីការលះបង់ និងស្មារតី “២ ធ្នូ” ដែលយុវជនជំនាន់ក្រោយត្រូវបន្តថែរក្សា និងពូនជ្រំឱ្យកាន់តែរីកចម្រើន។ ឯកឧត្តមបានលើកទឹកចិត្តឱ្យសមាជិក សមាជិកាទាំងអស់ រក្សានូវសីលធម៌ គុណធម៌ និងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ ដើម្បីក្លាយជាអ្នកដឹកនាំវ័យក្មេងដែលមានសមត្ថភាព និងមនសិការស្នេហាជាតិខ្ពស់។
គួរបញ្ជាក់ថា កម្មវិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ និងគណៈកម្មាធិការកណ្តាល ព្រមទាំងសមាជិក សមាជិកា ស.ស.យ.ក. ប្រចាំវិស័យធនាគារជាតិសរុបចំនួន ៣៥៥ រូប ប្រកបដោយបរិយាកាសស្និទ្ធស្នាល និងមោទនភាព៕


