ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាជនភៀសសឹកក្នុងមណ្ឌលសុវត្ថិភាព ខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នារសៀលថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានដឹកនាំគណៈប្រតិភូចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ឃុំឈានមុខ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ការចុះសួរ សុខទុក្ខ និងសំណេះសំណាលនេះក៏ មានការអញ្ជើញចូលរួមពី ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សាមេធ អគ្គស្នងការរងនគរបាលជាតិ និង ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានសម្តែងនូវការព្រួយបារម្ភ និងណែនាំដល់បងប្អូនជនភៀសសឹកទាំងអស់ឱ្យ៖
• ថែទាំសុខភាព៖ ត្រូវហូបស្អាត ផឹកស្អាត ដើម្បីចៀសផុតពីជំងឺផ្សេងៗ ជាពិសេសសម្រាប់កុមារតូចៗ។
• ការសិក្សាអប់រំ៖ ទោះបីជាស្ថិតក្នុងស្ថានភាពបណ្តោះអាសន្ន ឯកឧត្តមបានជំរុញឱ្យមាតាបិតាបញ្ជូនកូនចៅឱ្យបានរៀនសូត្រគ្រប់ៗគ្នានៅក្នុងមណ្ឌល ដើម្បីកុំឱ្យខកខានការសិក្សាដូចកុមារដទៃទៀត។
ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់បងប្អូនជនភៀស សឹក និងកងទ័ពជួរមុខ។ រាជរដ្ឋាភិបាលបានធានាថា ការផ្គត់ផ្គង់ស្បៀងអាហារ ថ្នាំសង្កូវ និងការរៀបចំអនាម័យក្នុងមណ្ឌលសុវត្ថិភាព នឹងត្រូវធ្វើឡើងដោយមិនឱ្យមានការខ្វះខាតឡើយ។
តាមការបញ្ជាក់របស់ លោក សុខ សមដារ៉ា អភិបាលរងខេត្តព្រះវិហារ និងជាប្រធានមណ្ឌល បានឱ្យដឹងថា៖
• មណ្ឌលវត្តបាក់កាំ ជាមណ្ឌលចុងក្រោយក្នុងចំណោមមណ្ឌលទាំង ១៣ ក្នុងខេត្ត។
• បច្ចុប្បន្នមានជនភៀសសឹកស្នាក់នៅជាង ៨០០ គ្រួសារ (មនុស្សសរុបជាង ២,០០០ នាក់)។
• មូលហេតុដែលមិនទាន់អាចត្រឡប់ទៅផ្ទះវិញបាន ដោយសារស្ថានភាពនៅតំបន់ភ្នំមិនទាន់ត្រូវបានរៀបចំឱ្យមានសុវត្ថិភាព និងសមរម្យសម្រាប់ការរស់នៅឡើងវិញ។
ជាទីបញ្ចប់ ក្នុងនាមក្រុមការងារមណ្ឌល និងបងប្អូនជនភៀសសឹក លោកអភិបាលរងខេត្តព្រះវិហារ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈប្រតិភូខេត្តព្រះសីហនុ ដែលបាននាំយកនូវការឧបត្ថម្ភ និងកម្លាំងចិត្តមកដល់បងប្អូនជនភៀសសឹក និងវីរកងទ័ពជួរមុខក្នុងទិសខេត្តព្រះវិហារនាពេលនេះ៕
សម្រួលអត្ថបទ៖ ម៉ារ៉ាឌី


