រដ្ឋមន្រ្តីសុខាភិបាល៖ «អង្គភាពសុខាភិបាល ត្រូវជំរុញការផ្សព្វផ្សាយដែលផ្តល់ជាប្រយោជន៍ សុខភាពជូនសាធារណជន»

រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាល នៅតាមអង្គភាព និងមូលដ្ឋានសុខាភិបាលទូទាំងប្រទេសក្នុងការបំពេញតាមតួនាទីភារកិច្ចយ៉ាងខ្ជាប់ខ្ជួន ដែលឆ្លុះបញ្ចាំងនូវភាពរឹងមាំ និងទំនួលខុសត្រូវខ្ពស់ ក្នុងវិស័យសុខាភិបាល។ បន្ថែមពីនេះ ក៏ទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ ក្នុងការមកទទួលសេវាសុខាភិបាល កាន់តែច្រើនឡើង។
ជាកិច្ចបន្ត ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ មួយចំនួនដើម្បីជំរុញ និងគាំទ្រដល់វិស័យសុខាភិបាល កាន់តែមានគុណភាព ប្រសិទ្ធភាព និងល្អប្រសើរថែមទៀត ដូចខាងក្រោម៖
– ត្រូវខិតខំកសាងសមត្ថភាពមន្ត្រីរាជការ ជាពិសេសលើកស្ទួយសមត្ថភាពនារីបន្ថែមពីលើបរិបទ gender
– បន្តការងារស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅតាមខេត្តជាប់ព្រំដែន តាមរយៈការប្រជុំ និងចុះទៅមើលផ្ទាល់
– ពង្រឹងការអនុវត្តឱ្យបានល្អទៅលើការប្រើប្រាស់បណ្តាញសង្គមក្នុងវិជ្ជាជីវៈរបស់ខ្លួន
– គ្រប់អង្គភាព និងមូលដ្ឋានសុខាភិបាលទាំងអស់ យកចិត្តទុកដាក់លើការងារកែទម្រង់វិស័យសាធារណៈ
– ជំរុញការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ឱសថបុរាណ
– ពង្រឹងលិខិតបទដ្ឋាននៃការគ្រប់គ្រងសេវាកម្មឱសថ និងផលិតផលសុខភាពទាំងឡាយឱ្យបានត្រឹមត្រូវ
– ក្រុមរថយន្តគិលានសង្រ្គោះ ត្រូវពិនិត្យយន្តការ និងវិធីសាស្រ្តបន្ថែមទៀត នៅតាមទីសាធារណៈ កាន់តែឆាប់រហ័ស ដើម្បីធានាការជួយសង្គ្រោះទាន់ពេលវេលា
– បន្តពង្រឹងសមត្ថភាព និងគុណភាពសេវា នៅតាមមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាព
– បន្តពង្រឹងនិយ័តកម្មក្នុងវិស័យឯកជន។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍នៅខាងនេះយ៉ាងដូច្នេះក្នុងឱកាស អញ្ជើញដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ ខែកុម្ភៈ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅបន្ត
នៅទីស្ដីការក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦។
កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។


