កិច្ចប្រជុំលើកទី៣១ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន ក្រោមកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម, ការជំរុញ, និងការការពារវិនិយោគ

នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃចន្ទ ៧កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្ដម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំលើកទី៣១នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA), អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO), និងតំណាងក្រុមហ៊ុនជប៉ុនដែលមានប្រតិបត្តិការវិនិយោគនៅកម្ពុជា សរុបប្រមាណ២០០រូប ទាំងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
មានមតិនៅក្នុងបទអន្តរាគមន៍បើកកិច្ចប្រជុំ ឯកឧត្តមអគ្គលេខាធិការបានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះវត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត, តំណាងក្រសួង-ស្ថាប័ន, សមាគម, អង្គការ, និងផ្នែកឯកជនជប៉ុនទាំងអស់ដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលជានិច្ចកាលតែងតែគាំទ្រ និងនៅជាមួយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ជាពិសេស ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ ជប៉ុនបានវិវត្តពីប្រទេសផ្តល់ជំនួយដ៏ធំរហូតក្លាយជាដៃគូសេដ្ឋកិច្ចដ៏សំខាន់ដែលបានខិតខំកៀរគរ និងជំរុញការវិនិយោគផ្ទាល់ពីជប៉ុនមកកម្ពុជាជាបន្តបន្ទាប់។ ជាមួយគ្នានេះ ឯកឧត្តមបានរំលឹកឡើងវិញនូវសាវតារនៃយន្តការសន្ទនានេះ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៩ និងកិច្ចការសំខាន់ៗមួយចំនួនដែលរួមគ្នាធ្វើ ក្នុងគោលបំណងដោះស្រាយបញ្ហាប្រឈម និងលើកកម្ពស់បរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជាឱ្យកាន់តែប្រសើរ ក្រោមក្របខ័ណ្ឌនៃ «កិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជា និងជប៉ុនស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ» ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧ ដោយសម្ដេចតេជោអតីតនាយករដ្ឋមន្រ្ដី និងអតីតនាយករដ្ឋមន្រ្ដីជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ ហើយកិច្ចព្រមព្រៀងនេះបានចូលជាធរមានកាលពីឆ្នាំ២០០៨។ ឯកឧត្តមបានបន្ថែមទៀតថា នៅពេលនោះកត្តាកំណត់ចម្បងសម្រាប់ទាក់ទាញការវិនិយោគពីជប៉ុនមកកម្ពុជាគឺការដាក់ចេញនូវការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស និងការចូលជាធរមាននៃកិច្ចព្រមព្រៀងខាងលើ។ មុននឹងបញ្ចប់ ឯកឧត្តមបានបង្ហាញសុទិដ្ឋិនិយមខ្ពស់ថា បញ្ហាដែលបានលើកឡើងនាឱកាសនេះ នឹងត្រូវបានពិភាក្សា និងយកចិត្តទុកដាក់ដោះស្រាយពីគ្រប់តួអង្គពាក់ព័ន្ធ ដើម្បីធានាឱ្យបាននូវបរិយាកាសល្អប្រសើរសម្រាប់ថែទាំវិនិយោគជប៉ុនដែលមានស្រាប់ ជំរុញលើកទឹកចិត្តឱ្យមានការពង្រីកការវិនិយោគ និងឈានទៅដល់ការទាក់ទាញវិនិយោគថ្មីមកពីជប៉ុន ក្នុងគោលបំណងធ្វើពិពិធកម្មទាំងប្រភពទុន និងឧស្សាហកម្ម។
ជាកិច្ចឆ្លើយតប ឯកឧត្តមឯកអគ្គរដ្ឋទូតជប៉ុន បានថ្លែងអំណរ គុណចំពោះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលតែងតែផ្តល់នូវការសម្របសម្រួល និងឆ្លើយតបចំពោះសំណូមពររបស់វិនិយោគិនជប៉ុន។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះស្មារតីទទួលខុសត្រូវប្រកបដោយវិជ្ជាជីវៈរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងបានបង្ហាញនូវឆន្ទៈខ្ពស់ក្នុងការដោះស្រាយបញ្ហារបស់វិនិយោគិន។ លើសពីនេះ ឯកឧត្តមបានបញ្ជាក់ពីការគាំទ្រ និងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាលើការងារសំខាន់ៗរួមមាន៖ (១) ការបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ ដែលការណ៍នេះបានជួយពង្រឹងទំនុកចិត្ត និងសុវត្ថិភាពសម្រាប់វិនិយោគិន និង (២) ការដោះស្រាយបញ្ហាតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ដោយប្រើប្រាស់មធ្យោបាយការទូត ដែលជាកត្តាគន្លឹះក្នុងការស្តារ និងលើកកម្ពស់បរិយាកាសវិនិយោគ និងភស្តុភារកម្មឱ្យមានភាពល្អប្រសើរឡើងវិញ។
សូមជម្រាបជូនផងដែរថា ប្រធានបទដែលបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំលើកទី៣១នេះ មានវិសាលភាពគ្របដណ្តប់លើការងារសំខាន់ៗជាច្រើន រួមមាន៖ វិស័យសារ ពើពន្ធ, បរិស្ថាន, ពាណិជ្ជកម្ម, ភស្ដុភារកម្ម, ថាមពល និងសន្តិសុខសាធារណៈ៕


