ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី លើកទឹកចិត្តមន្ត្រីជំនាញ បន្តជំរុញឱ្យយុវជន រៀនជំនាញមួយពិតប្រាកដ ដើម្បីឆ្លើយតបនឹងទីផ្សារការងារក្នុងខេត្ត និងកាត់បន្ថយការធ្វើចំណាកស្រុក

មណ្ឌលគិរី ៖ មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ ដើម្បីពង្រឹងវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលបច្ចេកទេសឱ្យកាន់តែប្រសើរឡើង។ ពិធីនេះបានប្រារព្ធឡើងនាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពី លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី កងកម្លាំងប្រដាប់អាវុធទាំងបី មន្ទីរ/អង្គភាពជំនាញពាក់ព័ន្ធ លោកអភិបាល អភិបាលរង ក្រុង/ស្រុកទាំងប្រាំ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូប ដែលប្រព្រឹត្តទៅនៅសាលប្រជុំមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។
តាមរបាយការណ៍របស់លោក ណយ ច័ន្ទតារា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី បានបង្ហាញថា ក្នុងឆ្នាំ២០២៥ មន្ទីរសម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ រួមមាន ការចុះបញ្ជីសហគ្រាស និងកម្មករ មានសហគ្រាសក្នុងវិស័យឯកជនចំនួន ៣២០ បានចុះបញ្ជី ដែលមានសមាជិកសរុប ៦,៣០១ នាក់។ការគាំពារសង្គម (ប.ស.ស) ក្នុងវិស័យសាធារណៈ មានអង្គភាពចំនួន ៣៣ បានចុះបញ្ជីដែលមានសមាជិកជិត ៤,០០០ នាក់។ ទន្ទឹមនឹងនេះ មន្ទីរបានចុះកិច្ចព្រមព្រៀងជាមួយមូលដ្ឋានសុខាភិបាលចំនួន ១៨ កន្លែង ដើម្បីបម្រើសេវាជូនសមាជិក ប.ស.ស។ការបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET) មន្ទីរបានជំរុញយ៉ាងសកម្មលើការបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងគ្រោះ ដើម្បីឆ្លើយតបនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។ លោក ប្រធានមន្ទីរ បានបន្តថា ទោះបីជាទទួលបានលទ្ធផលល្អ ប៉ុន្តែមន្ទីរក៏ជួបបញ្ហាប្រឈមមួយចំនួន ដូចជាកង្វះខាតមធ្យោបាយធ្វើដំណើរ និងចំនួនមន្ត្រីជំនាញនៅមានកម្រិត ជាពិសេស ភូមិសាស្ត្រខេត្តមានលក្ខណៈធំទូលាយ និងដាច់ស្រយាល ដែលធ្វើឱ្យការចុះអធិការកិច្ចការងារតាមបណ្តាក្រុមហ៊ុនវិនិយោគជួបការលំបាក។
លោក ឌឹម នី អភិបាលរងខេត្តមណ្ឌលគិរី បានផ្តល់អនុសាសន៍ផ្តាំផ្ញើដ៏សំខាន់ៗ ដើម្បីមន្ត្រីអនុវត្តការងារបន្ត ដោយជំរុញឱ្យមន្ទីរបន្តចុះផ្សព្វផ្សាយ និងលើកទឹកចិត្តដល់ម្ចាស់សហគ្រាសទាំងអស់ឱ្យមកចុះបញ្ជី ដើម្បីធានាថាបងប្អូនកម្មករនិយោជិតទទួលបានការគាំពារសង្គមពេញលេញ។ លោក អភិបាលរងខេត្ត បានសង្កត់ធ្ងន់ថា ក្រុមការងារទាំងអស់ ត្រូវធ្វើយ៉ាងណាជំរុញឱ្យយុវជនមានជំនាញពិតប្រាកដ ដើម្បីឆ្លើយតបនឹងទីផ្សារការងារក្នុងខេត្ត និងកាត់បន្ថយការធ្វើចំណាកស្រុក ហើយមន្ត្រីអធិការកិច្ចត្រូវដោះស្រាយវិវាទការងារដោយសន្តិវិធី និងយុត្តិធម៌ ដើម្បីបង្កបរិយាកាសល្អរវាងនិយោជក និងនិយោជិត។ ម្យ៉ាងទៀត ត្រូវរៀបចំផែនការការងារឱ្យបានច្បាស់លាស់ និងប្រើប្រាស់ធនធានដែលមានស្រាប់ឱ្យអស់លទ្ធភាព សំដៅសម្រេចឱ្យបាននូវទិសដៅការងារឆ្នាំ២០២៦ ក្នុងការបន្តបម្រើសេវាជូនប្រជាពលរដ្ឋ និងកម្មករនិយោជិតឱ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព៕


