ឯកឧត្ដម​បណ្ឌិត កៅ ថាច ជំរុញឱ្យកសិករនៅខេត្តពោធិ៍សាត់ ចិញ្ចឹមជ្រូកកណ្តុរ ដើម្បីបង្កើនចំណូលគ្រួសារ និងធានាទីផ្សារដោយក្រុមហ៊ុន Little Duckling

TVK App

ខេត្តពោធិ៍សាត់៖ រសៀលថ្ងៃចន្ទ ទី២៣ ខែកុម្ភៈ ឆ្នាំ ២០២៦, ឯកឧត្ដម​បណ្ឌិត កៅ ថាច ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាកសិករជាអតីតយុទ្ធជន និងសមាជិកនៃសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ស្ថិតក្នុងឃុំព្រងិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។

កម្មវិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា និងលោក ពៅ សំណាង ប្រធានក្រុមប្រឹក្សាភិបាលនៃសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹង ព្រមទាំងមានអ្នកចូលរួមសរុបប្រមាណ ១០០នាក់។

ក្នុងជំនួបដ៏មានសារៈសំខាន់ជាមួយបងប្អូន គឺមានគោលបំណងដើម្បីជំរុញគម្រោងចិញ្ចឹមជ្រូកកណ្តុរ ដោយផ្តល់ជូន បច្ចេកទេសថ្មី និងទីផ្សារច្បាស់លាស់

ក្នុងឱកាសនោះ ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ បានលើក ទឹកចិត្តយ៉ាងខ្លាំងដល់កសិករឱ្យងាកមកចាប់អារម្មណ៍លើ “ការចិញ្ចឹមជ្រូកកណ្តុរ” ដោយលោកបានពន្យល់ពីអត្ថប្រយោជន៍ និងបច្ចេកទេសថែទាំ ដែលអាចផ្តល់ផលចំណេញខ្ពស់។ អ្វីដែលពិសេសនោះគឺមានកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុន Little Duckling ដែលនឹងជួយជ្រោមជ្រែងលើ៖
-ការសាងសង់ទ្រុង៖ រៀបចំទ្រុងខ្នាតស្តង់ដារជូនកសិករប្រមាណជាង ១០០គ្រួសារ។
-ការផ្តល់ពូជ៖ ផ្តល់មេពូជជ្រូកកណ្តុរចំនួន ២៤ក្បាល ក្នុងមួយគ្រួសារដើម្បីចាប់ផ្តើម។
– ការធានាទីផ្សារ៖ ក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រមូលទិញជ្រូកកណ្តុរពីកសិករវិញទាំងអស់។
“ខ្ញុំជឿជាក់ថា គម្រោងនេះនឹងលេចរូបរាងឡើងពេញលេញនៅក្នុងខែមីនាខាងមុខនេះ ហើយវានឹងក្លាយជាគំរូសម្រាប់ពង្រីកវិសាលភាពឱ្យកាន់តែធំថែមទៀតនាពេលអនាគត”។

ឆ្លៀតក្នុងឱកាសនោះផងដែរ, ឯកឧត្ដម​បណ្ឌិត​ប្រតិភូ​ និងសហការី ក៏បាន អញ្ជើញ ទៅទស្សនកិច្ចនៅ កសិដ្ឋានចិញ្ចឹមគោរបស់ក្រុមហ៊ុន ឌីភី ម្ចាស់ចម្ការ ឯ.ក ដែលមានទីតាំងនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាស្វែងយល់បន្ថែមពីសង្វាក់ផលិតកម្មកសិកម្ម។

គួរបញ្ជាក់ថា នេះគឺជាសកម្មភាពដ៏មានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាពកសិករខ្មែរ ស្របតាមទិសដៅ “ខ្មែរជួយខ្មែរ” និង “គាំទ្រផលិតផលក្នុងស្រុក”៕