មន្ទីរពេទ្យព្រះអង្គឌួង និងមូលនិធិហ្វ្រេដហូឡូ (The Fred Hollow Foundation)ផ្តល់វែនតាដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋខេត្តតាកែវ នៅមន្ទីរពេទ្យបង្អែកគិរីវង់

មន្ទីរពេទ្យព្រះអង្គឌួងកាលពីថ្ងៃទី២១ ខែកុម្ភៈ មុននេះបានរៀបចំកម្មវិធីពិនិត្យសុខភាពភ្នែក និងផ្តល់វែនតាដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខេត្តតាកែវ នៅមន្ទីរពេទ្យបង្អែកគិរីវង់ ដោយមានកិច្ចសហការរៀបចំកម្មវិធីដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ និងគាំទ្រមូលនិធិដោយមូលនិធិហ្វ្រេដហូឡូ (The Fred Hollow Foundation)។ កម្មវិធីនេះមានការចូលរួមបើកកម្មវិធីដោយ ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង រួមដំណើរដោយលោក នង ម៉ានិត នាយករង លោកស្រីសាស្ត្រាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយិការង និងវត្តមានចូលរួមពីលោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តតាកែវ លោក ងួន ឌីណា អភិបាល នៃគណៈអភិបាលស្រុកគិរីវង់ និងតំណាងមូលនិធិហ្វ្រេដហូឡូកម្ពុជា។
ឆ្លៀតឱកាសនោះផងដែរ បន្ទាប់ពីការបើកម្មវិធីពិនិត្យសុខភាពភ្នែកនេះរួចមក ឯកឧត្តមសាស្ត្រាចារ្យនាយកមន្ទីរពេទ្យព្រះអង្គឌួង លោកឱសថការីប្រធានមន្ទីរសុខាភិបាល និងលោកអភិបាលនៃគណៈអភិបាលស្រុក បានចុះពិនិត្យមើលទីតាំងមួយចំនួននៅក្នុងមន្ទីរពេទ្យបង្អែកគិរីវង់ ដើម្បីអាចជួយផ្តល់ជាយោបល់បន្ថែម ឬជាសម្ភារបរិក្ខារផ្សេងៗតាមការចាំបាច់ ដើម្បីជួយរៀបចំការបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើងថែមទៀត និងជាទីទុកចិត្តរបស់ពួកគាត់៕


