ក្រសួងបរិស្ថានសូមស្នើឱ្យអ្នកទេសចរមកកម្សាន្តឱ្យបានច្រើន ថែមទៀតនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ដែលរក្សាបានសម្រស់ដ៏ស្រស់ស្អាត

ក្រសួងបរិស្ថានសូមជម្រាបជូនថា ឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ ត្រឡប់មកមានភាពស្រស់ស្អាត បន្ទាប់ពីមានការអន្តរាគមន៍និងការចូលរួម សម្អាតនិងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ក្រោយពេលជំនន់ទឹកភ្លៀងហូរនាំសំរាម ចាក់ចូលទៅសមុទ្រ នៅខេត្តព្រះសីហនុ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅ។
ចាប់ពីថ្ងៃនេះ អ្នកទេសចរអាចមកកម្សាន្ត តាមតំបន់ឆ្នេរដ៏ស្រស់ស្អាតបំផុតក្នុងពិភពលោក ក្នុងក្រុងព្រះសីហនុ និងក្រុងកំពង់សោម នៃខេត្តព្រះសីហនុ នឹងមិនឃើញមានសំរាម ធ្លាក់ចូលទៅក្នុងទឹកសមុទ្រទៀតទេ ដោយសារ រដ្ឋបាលខេត្តព្រះសីហនុ មន្ទីរបរិស្ថានខេត្តព្រះសីហនុ អាជ្ញាធរពាក់ព័ន្ធ វិស័យឯកជន រួមជាមួយអាជីវករ និងអ្នកទេសចរបានចូលរួមប្រមូលទុកដាក់សំរាម សម្អាតអនាម័យ តាមឆ្នេរសមុទ្រ តាមផ្លូវ ក្នុងក្រុងព្រះសីហនុនិងក្រុងកំពង់សោម រយៈពេល២ថ្ងៃកន្លងមកនេះ បានល្អស្អាតឡើងវិញ បន្ទាប់ពីមានសំរាមហូរធ្លាក់ទៅសមុទ្រ ដោយសារមានភ្លៀងធ្លាក់ខ្លាំង ។
ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានក៏សូមថ្លែងអំណរគុណចំពោះ រដ្ឋបាលរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន បងប្អូនប្រជាពលរដ្ឋភាគច្រើន ដែលបានប្រកាន់ខ្ជាប់នូវភាពស្អាត និងស្នើសុំបន្តចូលរួមជំរុញសកម្មភាព យុទ្ធនាការនានា ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ធ្វើការរើសសំរាម សម្អាតបរិស្ថាន ធ្វើការទុកដាក់ វេចខ្ចប់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីងាយស្រួលសម្អាត បញ្ឈប់ការបោះចោលសំរាមតាមទីសាធារណៈ តាមដងផ្លូវ អូរប្រឡាយ និងចូលរួមសម្អាតតាមមូលដ្ឋាន តាមផ្ទះ តាមអាគារ តាមមន្ទីរ អង្គភាព រដ្ឋនិងឯកជនឱ្យបានស្អាត ដើម្បីកម្ពុជា ដែលជាផ្ទះរបស់យើងមានភាពស្អាត និងបៃតង និងមានការអភិវឌ្ឍប្រកបដោយចីរភាព។


