មន្ទីរពេទ្យព្រះអង្គឌួង ចុះពិនិត្យវឌ្ឍនភាពនៃការផ្ដល់សេវាពិនិត្យ និងពង្រឹងបច្ចេកទេសទៅដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត

ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ រួមដំណើរដោយលោក នង ម៉ានិត នាយករង លោកស្រីសាស្ត្រាចារ្យជំនួយ ជុកម៉ុល កុសុម៉ា នាយិការង និងក្រុមវេជ្ជបណ្ឌិតឯកទេស នៃមន្ទីរពេទ្យព្រះអង្គឌួង បានចុះអភិបាលគាំទ្រ និងពិនិត្យវឌ្ឍនភាពនៃការផ្ដល់សេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីលោកឱសថការី ផាន់ វ៉ាន់ ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ។ គោលបំណងសំខាន់ការចុះអភិបាលគាំទ្រនេះ គឺដើម្បីពិនិត្យ និងពង្រឹងបច្ចេកទេសទៅដល់មន្ទីរពេទ្យបង្អែកខេត្តតាកែវ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដោយក្នុងនោះមានមន្ទីរពេទ្យព្រះអង្គឌួងជាសម្ព័ន្ធមេត្រីភាពក្នុងការជួយគាំទ្រមន្ទីរពេទ្យបង្អែកខេត្តតាកែវ។
ក្នុងឱកាសនេះ ឯកឧត្តមសាស្ត្រាចារ្យរង លូ លីឃាង និងក្រុមការងារ បានចុះពិនិត្យនៅតាមទីតាំងផ្ដល់សេវារបស់មន្ទីរពេទ្យ និងបានជួបប្រជុំជាមួយនឹងថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលខេត្ត ដើម្បីពិនិត្យមើលចំណុចខ្លាំងនិងចំណុចខ្វះខាតដែលត្រូវកែលម្អ ដោយក្នុងនោះ លោកសាស្ត្រាចារ្យរង បានកោតសរសើរនូវការខិតខំផ្លាស់ប្ដូរកែលម្អហេដ្ឋារចនាសម្ព័ន្ធនិងការផ្ដល់សេវាបានមួយចំនួនគួរឱ្យកត់សម្គាល់ ជាពិសេសមានការគាំទ្រជ្រោមជ្រែងយ៉ាងសកម្មពីលោកឱសថការីប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ។
ជាចុងក្រោយ ឯកឧត្តមសាស្ត្រាចារ្យក៏បានផ្ដល់នូវការណែនាំនិងអនុសាសន៍មួយចំនួនទៅដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យគ្រប់កម្រិតនិងបុគ្គលិកសុខាភិបាលទាំងអស់នៃមន្ទីរពេទ្យបង្អែកខេត្តតាកែវ ហើយ ឯកឧត្តមសាស្ត្រាចារ្យក៏បានបន្ថែមទៀតថានឹងព្យាយាមជួយជាសម្ភារៈបរិក្ខារតាមលទ្ធភាពដែលអាចធ្វើទៅបាន និងស្វែងរកដៃគូសហការដើម្បីជួយពង្រឹងសមត្ថភាពគ្រូពេទ្យ និងបុគ្គលិករបស់មន្ទីរពេទ្យឱ្យកាន់តែប្រសើរឡើងថែមទៀត៕


