ខេត្តព្រះសីហនុបង្ហាញសមិទ្ធផលថ្មី! រមណីយដ្ឋាន «Toeksab Nature Table» នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ប្លែកភ្នែកនៅក្រុងកំពង់សោម!

TVK App

[ខេត្តព្រះសីហនុ] — វិស័យទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ កាន់តែមានភាពរីកចម្រើន និងសម្បូរបែប ជាមួយនឹងការលេចរូបរាងឡើងនូវផលិតផលទេសចរណ៍ថ្មីៗ។ ជាមួយគ្នានេះ នៅថ្ងៃអាទិត្យ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អមដំណើរដោយ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពនៃគម្រោង «រមណីយដ្ឋានផែបណ្តែតទឹក និងកីឡាកម្សាន្តលើទឹក» (Toeksab Nature Table) ដែលស្ថិតក្នុងភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម។

គម្រោងដ៏មានសក្ដានុពលនេះ មិនត្រឹមតែផ្ដល់នូវការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សោភ័ណភាពធម្មជាតិក្នុងតំបន់ផងដែរ និងផ្តោតលើការកម្សាន្តតាមបែបផែបណ្តែតទឹក និងកីឡាលើផ្ទៃទឹកយ៉ាងសម្បូរបែប និងបម្រើជូននូវអាហារពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច ជាពិសេសគឺ «អាហារសុខភាព» និងអាហារបែបអឺរ៉ុប ដែលចម្អិនពីគ្រឿងផ្សំធម្មជាតិស្រស់ៗដោយចុងភៅជំនាញ។

តាមការបញ្ជាក់របស់ លោក តាយ ប៊ុនថុង ម្ចាស់អាជីវកម្មតំបន់ទេសចរណ៍ Toeksab Nature Table បានឱ្យដឹងថា គម្រោងនេះបានចាប់ផ្តើមសាងសង់តាំងពីខែមករា ឆ្នាំ២០២៤ មកម្ល៉េះ។ គោលបំណង គឺបង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកកម្សាន្តនៅតំបន់រាម ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចក្នុងខេត្តព្រះសីហនុទាំងមូល។

 

អត្ថបទ៖ ម៉ារ៉ាឌី