ឯកឧត្តម ម៉ាង ស៊ីណេត ចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភដល់មជ្ឈមណ្ឌលបន្សាបគ្រឿងញៀន នៅឃុំកែផុស

ខេត្តព្រះសីហនុ៖ នារសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ប្អូនៗក្មួយៗដែលកំពុងទទួលការបន្សាប និងស្តារនីតិសម្បទា នៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន ដែលមានទីតាំងស្ថិតនៅឃុំកែផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកនូវ ថវិកា គ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់មួយចំនួន ដើម្បីឧបត្ថម្ភដល់មជ្ឈមណ្ឌល សម្រាប់សម្រួលដល់ការស្នាក់នៅ និងហូបចុករបស់ប្អូនៗផងដែរ។
ថ្លែងទៅកាន់យុវជននៅក្នុងមជ្ឈមណ្ឌល ឯកឧត្តម ម៉ាង ស៊ីណេត បានបង្ហាញនូវអារម្មណ៍ក្តុកក្តួល និងសោកស្តាយជាពន់ពេក នៅពេលដែលបានឃើញធនធានយុវជន ដែលជាសសរទ្រូងរបស់ជាតិ បែរជាមកធ្លាក់ខ្លួនពាក់ព័ន្ធនឹងគ្រឿងញៀនបែបនេះ។ ឯកឧត្តមបានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត តែងតែយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការជួយសង្គ្រោះ និងផ្តល់ឱកាសឱ្យយុវជនដែលដើរផ្លូវខុស អាចត្រឡប់មកកសាងជីវិតថ្មីវិញបាន។ ឯកឧត្តមបានផ្តល់នូវមតិដាស់តឿន និងលើកទឹកចិត្តប្អូនត្រូវប្តេជ្ញាចិត្តបន្សាបព្យាបាលអោយបានជាដាច់និងកុំវិលត្រឡប់មកទីនេះជាថ្មីទៀត។
ឯកឧត្តម បានគូសបញ្ជាក់ថា
គ្រឿងញៀនជាសត្រូវរបស់យើង។ គ្រឿងញៀនមិនត្រឹមតែបំផ្លាញសុខភាព និងអនាគតខ្លួនឯងប៉ុណ្ណោះទេ តែវាថែមទាំងនាំគ្រោះថ្នាក់ដល់គ្រួសារ និងបង្កអសន្តិសុខដល់សង្គមជាតិទាំងមូល។
សូមប្អូនៗ ក្មួយៗ ប្តេជ្ញាចិត្តចៀសឱ្យឆ្ងាយពីគ្រឿងញៀនជារៀងរហូត បន្ទាប់ពីចាកចេញពីមជ្ឈមណ្ឌលនេះទៅ។
ត្រូវមានឆន្ទៈមោះមុតក្នុងការផ្តាច់ និងបន្សាបគ្រឿងញៀនឱ្យបានជោគជ័យ។ នៅពេលជាសះស្បើយ ត្រូវខិតខំស្វែងរកការងារធ្វើ ដើម្បីរកចំណូលមកពង្រឹងជីវភាពគ្រួសារឱ្យប្រសើរឡើងវិញ។
ឯកឧត្តមអភិបាលខេត្តចង់ឃើញប្រជាជនកម្ពុជាគ្រប់រូបមានសុខភាពល្អ និងមានសមត្ថភាពខ្លាំង ដើម្បីរួមគ្នាកសាងប្រទេសជាតិយើងឱ្យកាន់តែរីកចម្រើនរុងរឿង។អ្វីដែលចង់ឃើញដ៏ធំបំផុតរបស់ថ្នាក់ដឹកនាំ គឺចង់ឃើញប្អូនៗទាំងអស់ខិតខំកសាងខ្លួន ឱ្យក្លាយកូនល្អនិងជាពលរដ្ឋល្អក្នុងសង្គម៕
អត្ថបទ ៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ
រូបភាប ៖ ផូង ថៃ


