សាលា ហ៊ុន សែន មិត្តភាព ប្រែមុខមាត់ថ្មី៖ គម្រោងកែលម្អសោភ័ណភាព និងបរិស្ថានសម្រេចបាន ៩០% ហើយ!
ខេត្តព្រះសីហនុ៖ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន អមដោយមន្ត្រីជំនាញ និងសប្បុរសជន ចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងបរិវេណសាលា ហ៊ុន សែន មិត្តភាព (ចាប់ពីកម្រិតមត្តេយ្យសិក្សារហូតដល់វិទ្យាល័យ)។
គម្រោងកែលម្អសោភ័ណភាពដ៏ធំនេះ រួមមាន៖
• ការជួសជុលអគារសិក្សាដែលចាស់ទ្រុឌទ្រោមឱ្យរឹងមាំឡើងវិញ។
• ការស្ថាបនាបណ្ណាល័យ បន្ទប់ទឹកសាធារណៈ និងសាលាមត្តេយ្យ។
• ការរៀបចំសួនច្បារ កន្លែងអង្គុយសម្រាក និងទីធ្លាកម្សាន្តសម្រាប់សិស្សានុសិស្ស។
សមិទ្ធផលទាំងនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែកពីសប្បុរសជន ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្ដម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រួមជាមួយរដ្ឋបាលខេត្ត កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងអង្គការសង្គមស៊ីវិល។
សូមជម្រាបថា គិតត្រឹមពេលនេះ ការដ្ឋានសម្រេចបានប្រមាណ ៩០% ហើយ និងគ្រោងនឹងបញ្ចប់ជាស្ថាពរដើម្បីដាក់ឱ្យប្រើប្រាស់ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខាងមុខនេះ។
ក្នុងឱកាសចុះពិនិត្យនោះ ថ្នាក់ដឹកនាំបានបញ្ជាក់ថា ការកែលម្អបរិស្ថានសាលារៀន គឺជាគោលដៅយុទ្ធសាស្ត្រដើម្បី៖
១-លើកកម្ពស់គុណភាពអប់រំ៖ បង្កើតបរិយាកាសសិក្សាដែលទាក់ទាញ ធ្វើឱ្យសិស្សានុសិស្សចង់មកសាលារៀន។
២-ជាគំរូដល់សាលាដទៃ៖ ជំរុញឱ្យមានការរៀបចំសោភ័ណភាព និងអនាម័យនៅតាមគ្រឹះស្ថានសិក្សាទូទាំងខេត្ត។
៣-ពង្រឹងកិច្ចសហការ៖ បង្ហាញពីសាមគ្គីភាពរវាងរដ្ឋបាលខេត្ត សហគមន៍ និងមាតាបិតា ក្នុងការកសាង “ថ្នាលបណ្តុះបណ្តាល” ដ៏រឹងមាំសម្រាប់ទំពាំងស្នងឫស្សី។
ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរចំពោះវឌ្ឍនភាពនៃវិស័យអប់រំក្នុងខេត្តព្រះសីហនុ ដែលឃើញថាចំនួនសិស្សទទួលបាននិទ្ទេស A និង B មានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះជាសញ្ញាណវិជ្ជមាននៃស្ថេរភាពចំណេះដឹង និងសេដ្ឋកិច្ចសង្គម៕
សម្រួលអត្ថបទ៖ ម៉ារ៉ាឌី



