រដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីក្រុងពាលីបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

ខេត្តព្រះសីហនុ៖ នាសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅលើទីលានតេជោ (ពយតាមូង) រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំពិធីក្រុងពាលីតាមបែបសាសនា ដើម្បីបួងសួងសុំសេចក្ដីសុខសប្បាយ ក្នុងឱកាសបើកព្រឹត្តិការណ៍ «ពិព័រណ៍ទេសចរណ៍ វប្បធម៌ និងពាណិជ្ជកម្ម»។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក សាមុត សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រីអភិបាលរងក្រុងព្រះសីហនុ លោកប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធយ៉ាងច្រើនកុះករ។

គោលបំណងសំខាន់ៗនៃព្រឹត្តិការណ៍ ការលើកកម្ពស់សក្ដានុពលខេត្ត ព្រឹត្តិការណ៍នេះរៀបចំឡើងក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ បង្ហាញពីសក្ដានុពលវប្បធម៌ដ៏សម្បូរបែប និងពង្រីកឱកាសពាណិជ្ជកម្មក្នុងខេត្តឱ្យកាន់តែមានភាពរស់រវើក។

ក្រៅពីការតាំងពិព័រណ៍ ក៏មានការរៀបចំព្រឹត្តិការណ៍កីឡារត់ប្រណាំងចម្ងាយ ៥ គីឡូម៉ែត្រ និង ១០ គីឡូម៉ែត្រ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ។

តាមការរំពឹងទុក នឹងមានបងប្អូនប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេសសរុបជាង ១០,០០០ នាក់ ចូលរួមយ៉ាងកុះករក្នុងព្រឹត្តិការណ៍ដ៏ធំប្រចាំខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តបានគូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡានេះមិនត្រឹមតែផ្ដោតលើសុខភាពប៉ុណ្ណោះទេ ប៉ុន្តែគឺជាការផ្ដួចផ្ដើមដើម្បីពង្រឹង “មិត្តភាព និងសាមគ្គីភាព” រវាងប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងភ្ញៀវទេសចរអន្តរជាតិមកពីគ្រប់ទិសទី។

ពិធីក្រុងពាលីនាពេលនេះ គឺជាការចាប់ផ្ដើមដ៏មានសិរីសួស្ដី ដែលនឹងនាំមកនូវភាពសប្បាយរីករាយ និងជាមេដែកទាក់ទាញភ្ញៀវទេសចរឱ្យមកសម្រាកកម្សាន្តនៅទីក្រុងមាត់សមុទ្រដ៏ស្រស់ស្អាតមួយនេះកាន់តែច្រើនឡើង។

 

អត្ថបទ និងរូបភាព ៖ ផូង ថៃ