មន្ត្រីជំនាញចុះផ្ទេរបច្ចេកទេសវេចខ្ចប់ និងការគ្រប់គ្រងអាយុកាលផលិតផលកសិកម្ម ជូនដល់សិប្បកម្មក្នុងស្រុក នៅស្រុកព្រៃនប់
ខេត្តព្រះសីហនុ៖ ដើម្បីលើកកម្ពស់គុណភាព និងសោភ័ណភាពផលិតផលកសិកម្មក្នុងស្រុកឱ្យស្របតាមស្តង់ដារទីផ្សារ នាយកដ្ឋានកសិឧស្សាហកម្ម បានចុះផ្ទាល់ដើម្បីផ្ទេរបច្ចេកទេសសំខាន់ៗដល់ម្ចាស់ផលិតកម្ម និងចំណីអាហារនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
នាថ្ងៃសុក្រ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ លោក ហាស់ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានកសិឧស្សាហកម្ម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះផ្ទេរបច្ចេកទេសនៅភូមិជម្ពូខ្មៅ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងសកម្មភាពនេះ ក៏មានការចូលរួមសម្របសម្រួលដោយ លោក សុខ រិទ្ធី ប្រធានការិយាល័យរដ្ឋបាលបុគ្គលិក ផងដែរ។
សារសំខាន់ៗនៃការផ្ទេរបច្ចេកទេស រួមមាន បច្ចេកទេសវេចខ្ចប់ ការជ្រើសរើសសម្ភារវេចខ្ចប់ឱ្យបានត្រឹមត្រូវ ដើម្បីរក្សាគុណភាព និងសុវត្ថិភាពចំណីអាហារ ស្លាកសញ្ញាសំបកវេចខ្ចប់ (Labeling) ការរៀបចំសោភ័ណភាព និងព័ត៌មានលើស្លាកសញ្ញាឱ្យស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីទាក់ទាញអតិថិជន និងផ្តល់ទំនុកចិត្ត។
ការកំណត់អាយុកាលផលិតផល (Shelf-life): ការសិក្សា និងកំណត់កាលបរិច្ឆេទប្រើប្រាស់ឱ្យបានសុក្រឹត ដើម្បីធានាសុខុមាលភាពអ្នកប្រើប្រាស់។
“ការយល់ដឹងអំពីបច្ចេកទេសវេចខ្ចប់ និងការគ្រប់គ្រងអាយុកាលផលិតផល គឺជាកត្តាគន្លឹះដែលជួយឱ្យផលិតផលកសិកម្ម និងចំណីអាហាររបស់សហគមន៍យើង មានលទ្ធភាពប្រកួតប្រជែងខ្ពស់នៅលើទីផ្សារ និងបង្កើនតម្លៃបន្ថែមដល់កសិករ។
សកម្មភាពនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់មន្ត្រីជំនាញ ក្នុងការជួយជ្រោមជ្រែងដល់អាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ក្នុងវិស័យកសិកម្ម ឱ្យកាន់តែមានភាពរឹងមាំ និងដើរទាន់បច្ចេកវិទ្យាទំនើបក្នុងការផលិត និងការលក់ដូរ៕
រូបភាព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ
អត្ថបទ ៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ



