មន្រ្តីជាន់ខ្ពស់នៃក្រសួងធម្មការ និងសាសនា ជំរុញឱ្យគ្រប់វត្តអារាមក្នុងខេត្តមណ្ឌលគិរី រួសរាន់ចុះបញ្ជីដីធ្លី ដើម្បីធានានិរន្តរភាព និងបង្ការវិវាទ
ខេត្តមណ្ឌលគិរី ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងធម្មការ និងសាសនា បានជំរុញគ្រប់វត្តអារាម ចូលរួមធ្វើបច្ចុប្បន្នភាព ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់លើបញ្ហាចុះបញ្ជីប្លង់ដីវត្តឱ្យបានគ្រប់ៗវត្តទាំងអស់ ដើម្បីគុណប្រយោជន៍រួមទៅថ្ងៃអនាគតទាំងពុទ្ឋចក្រ និងអាណាចក្រ ។ ឯកឧត្តម ជា ណារ៉េត រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ថ្លែងក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឈទូទាំងប្រទេសលើកទី៣៣ ដែលបានប្រារព្ឋឡើងនៅមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ។
ឯកឧត្តម បានលើកឡើងថា ការចុះបញ្ជីប្លង់ដីវត្ត គឺជាកិច្ចការអាទិភាពដែលមិនអាចខ្វះបាន ហើយការមានប្លង់ដីស្របច្បាប់ មិនត្រឹមតែបញ្ជាក់ពីកម្មសិទ្ធិផ្តាច់មុខរបស់វត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជា “របងការពារ” យ៉ាងរឹងមាំប្រឆាំងនឹងការរំលោភបំពានពីសំណាក់បុគ្គលខិលខូច និងជួយឱ្យការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ក្នុងវត្តមានភាពច្បាស់លាស់។ ឯកឧត្តម បន្តថា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននឹង កំពុងបន្តការងារពីរាជរដ្ឋាភិបាលចាស់ ធ្វើកំណទម្រង់ស៊ីជម្រៅលើគ្រប់វិស័យ ប្រកបដោយថាមពលយ៉ាងក្លៀវក្លា មោទនភាពនិង កិត្យានុភាពបំផុត សំដៅលើសុខដុមនីយកម្មជំនឿ និងសាសនា និងការលើកកម្ពស់ឱ្យ កាន់តែប្រសើរឡើងថែមទៀត នូវលទ្ធិប្រជាធិតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងជំរុញការអភិវឌ្ឍប្រទេសជាតិ តាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចបែបទីផ្សារ សេរីនិងសេដ្ឋកិច្ចបែបឌីជីថល ជាពិសេសការអនុវត្តគោលនយោបាយជាតិ ភូមិ-ឃុំ មានសុវត្ថិភាព បំបាត់ឱ្យអស់នូវអំពើចោរកម្ម ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសង គ្រប់ប្រភេទ ដោយដាក់ឱ្យអនុវត្តគោលនយោបាយជាតិថ្មីៗ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជា។
លោកស្រី កែវ សាវឿន អភិបាលរងខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ការពិតណាស់ វត្តអារាមរួមទាំងព្រះសង្ឃគ្រប់ព្រះអង្គ មិនគ្រាន់តែជាទីកន្លែង និងជាបុគ្គលសម្រាប់តែ គោរពសក្ការៈបូជាប៉ុណ្ណោះទេ ជាកន្លែងមួយបង្កើតប្រភពបណ្តុះបណ្តាល នូវបញ្ញាជន សម្រាប់ការអភិវឌ្ឍន៍ជាតិ លើគ្រប់វិស័យផងដែរ ។ ជាក់ស្តែង យើងសង្កេតឃើញថា សាលារៀន មានទីតាំងជាប់និងវត្តដែរ បានបង្ហាញឱ្យឃើញថា វត្តអារាម និងព្រះសង្ឃ មានតួនាទីរួមចំណែក ក្នុងការកសាងសង្គមជាតិមួយប្រកបដោយសីលធម៌ និង ចរិយាធម៌។
លោក ទូច រស្មី ប្រធានមន្ទីរធម្មការ និងសាសនាខេត្តមណ្ឌលគិរី បានឱ្យដឹងថា ទូទាំងខេត្តមានវត្តចំនួន៤០វត្ត ក្នុងនោះវត្តគណៈមហានិកាយ មានចំនួន២៩វត្ត និងវត្តគណៈធម្មយុត្តិ កនិកាយមានចំនួន ១១វត្ត។ ព្រះសង្ឃសរុបទាំងពីរគណៈចំនួន ២៤៤អង្គ ក្នុងនោះគណៈមហានិកាយមានចំនួន១៨៤អង្គ និងគណៈធម្មយុត្តិកនិកាយមានចំនួន ៦០អង្គ។ លោក បន្តថា អាចារ្យវត្តសរុបចំនួន ៩២នាក់ គណៈកម្មការវត្តមានចំនួន ៩១នាក់ តាជីយាយជីមាន ចំនួន ៥៤នាក់ ក្មេងវត្តមានចំនួន ២នាក់ សិស្សស្នាក់នៅវត្តមានចំនួន ៨០នាក់ ជនគ្មានទីពឹងមានម្នាក់ និងសិស្សមកសុំស្នាក់នៅវត្ត ដើម្បីរៀនបន្តទូទាំងខេត្ត មានការកើនឡើងផងដែរ៕



