លោក លី សាមិ ជំរុញឱ្យយុវជន ត្រូវក្លាហានចូលរួម បង្ហាញសមត្ថភាព និងរៀនសូត្រ ក្នុងការបណ្ដុះទម្លាប់អាន ការសរសេរ តែងកំណាព្យ និងស្រាវជ្រាវបន្ថែម ដើម្បីអភិវឌ្ឍសមត្ថភាព ទទួលបានជោគជ័យ
មណ្ឌលគិរី ៖ ដើម្បីលើកកម្ពស់សមត្ថភាពសិស្សានុសិស្សផ្នែកអក្សរសាស្ត្រ ការអានឱ្យបានច្បាស់លាស់ និងបង្កើនការចាប់អារម្មណ៍ សិក្សាស្រាវជ្រាវ ការតែងនិពន្ធ ប្រកបដោយគំនិតច្នៃប្រឌិត នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ មន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី រៀបចំអបអរសាទរ ទិវាជាតិអំណានលើកទី១១ (១១ មីនា ២០២៦) ការប្រកួតប្រជែងអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើសរើសបេក្ខជនជ័យលាភីប្រចាំខេត្តមណ្ឌលគិរី ក្រោមប្រធានបទ «សំណេរ និងអំណាន ក្នុងបរិបទថ្មី » ក្រោមវត្តមានលោក លី សាមិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តមណ្ឌលគិរី រួមទាំងលោក អភិបាលរងក្រុង/ស្រុក លោកគ្រូ អ្នកគ្រូ គណៈកម្មការ មាតាបិតា ឫអាណាព្យាបាល បេក្ខភាព ជាសិស្សានុសិស្សជាច្រើនរូប។
លោក លី សាមិ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានមានប្រសាសន៍ថា ការរៀបចំប្រកួតប្រជែងអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ មន្ទីរតែងតែធ្វើជារៀលរាល់ឆ្នាំ ក្នុងគោលបំណង លើកកម្ពស់សមត្ថភាពសិស្សានុសិស្សផ្នែកអក្សរសាស្ត្រ ការអានឱ្យបានច្បាស់លាស់ ស្មូតកំណាព្យ និងការតែងនិពន្ធ ប្រកបដោយគំនិតច្នៃប្រឌិត ជាពិសេស សម្រាប់យុវជន ក្នុងការបង្ហាញទេពកោសល្យ សមត្ថភាព និងការខិតខំប្រឹងប្រែងរបស់ខ្លួន។ លោក បន្ថែមថា ការប្រកួតនាពេលនេះ បេក្ខជន មានសមត្ថភាពល្អ មានភាពជឿជាក់ និងមានសីលធម៌ល្អ ដើម្បីក្លាយជាតំណាងថ្នាក់ខេត្ត ក្នុងការចូលរួមប្រកួតនៅកម្រិតបន្តទៅមុខ។ លោក បានសូមថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ គណៈកម្មការ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងការរៀបចំកម្មវិធីនេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ ។ ទន្ទឹមនឹងនេះ លោក បានណែនាំ និងលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ក៏ដូចជាមាតាបិតា ឫអាណាព្យាបាលទាំងអស់ ត្រូវជំរុញឱ្យយុវជន ខិតខំសិក្សារៀនសូត្រ ដើម្បីបណ្ដុះទម្លាប់អាន ការសរសេរ និងតែងកំណាព្យ សំដៅលើកកម្ពស់ ការពារ និងពង្រឹងវប្បធម៌ អរិយធម៌ខ្មែរ។ លោក បានអបអរសាទរយ៉ាងកក់ក្តៅចំពោះបេក្ខជនជ័យលាភី និងសូមជូនពរ ឱ្យបន្តខិតខំប្រឹងប្រែង ដើម្បីនាំយកកិត្តិយសជូនខេត្តនៅវគ្គបន្ត។ សម្រាប់បេក្ខជនផ្សេងទៀត សូមបន្តអភិវឌ្ឍសមត្ថភាព និងរក្សាក្តីស្រមៃរបស់ខ្លួនបន្ថែមទៀត ។
សូមបញ្ជាក់ថា កម្មវិធីប្រកួតប្រជែងអានអត្ថបទ ស្មូតកំណាព្យ និងតែងនិពន្ធ ជ្រើសរើសបេក្ខជនជ័យលាភីថ្នាក់ខេត្ត មានសិស្សានុសិស្សមកពីបណ្តាក្រុង/ស្រុក សរុបចំនួន ១៤នាក់ ក្នុងនោះ ជ័យលាភីលេខ ១ ផ្នែក អានអត្ថបទ បានទៅបេក្ខនារី មកពីសាលាបឋមសិក្សាឡាប៉ាខេ ស្រុកកែវសីមា ដោយឡែក ជ័យលាភីលេខ ១ ផ្នែក ស្មូតកំណាព្យ និងតែងនិពន្ធ បានទៅបេក្ខនារី មកពីវិទ្យាល័យហ៊ុនសែនកោះញែក៕



