ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតីប្រកាសសមាសភាព អ.ន.ក. តាមវិស័យចំនួន ៣២ ក្រសួង-ស្ថាប័ន
នៅព្រឹកថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី តំណាងដ៏ខ្ពស់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) តាមវិស័យចំនួន ៣២ ក្រសួង ស្ថាប័ន នៅវិមានសន្តិភាព នៃទីស្តីការនាយករដ្ឋមន្ត្រី ដោយមានការចូលរួមពី ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការសមាគម, ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អគ្គលេខាធិការរង សមាគម, និង ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ឯកឧត្តមរដ្ឋមន្រ្តី ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹក និងតំណាងក្រសួង ស្ថាប័ន ទាំង៣២។
មានប្រសាសន៍ក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្តីទី និងជាអនុប្រធានសមាគម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដែលបានអញ្ជើញចូលរួមជាគណៈអធិបតីក្នុង ពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តាមវិស័យចំនួន ៣២ ក្រសួង ស្ថាប័ន និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាប្រធាន អនុប្រធាន សមាជិក សមាជិកា សមាគមទាំង៣២ ក្រសួង ស្ថាប័ន ដែលបានចូលរួមក្នុងកម្មវិធីដ៏មានសារៈសំខាន់ថ្ងៃនេះ។
ក្នុងឱកាសនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ក៏បានធ្វើរបាយការណ៍សង្ខេបពីប្រវត្តិនៃការបង្កើត និងការធ្វើបច្ចុប្បន្នភាពសមាគម បញ្ហាប្រឈម និងវឌ្ឍនភាពរបស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា។ ទន្ទឹមនឹងនេះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ក៏បានពន្យល់ពី វីរភាពអតីតយុទ្ធជន និងនិវត្តជន ដែលបានដាក់បញ្ចូលក្រោមឆ័ត្រតែមួយរបស់សមាគម ដោយមានប្រសាសន៍ថា អតីតយុទ្ធជន ឬកងទ័ព គឺបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ ចំណែកនិវត្តជន ដែលរួមមាន៖ មន្រ្តីរាជការស៊ីវិលតាមវិស័យនីមួយៗ គ្រូបង្រៀនជាដើម គឺមានវីរភាពតាមមុខងារដែលបំពេញតួនាទីតាមវិស័យដើម្បីជាតិ និងប្រជាជនដូចគ្នា។ តួយ៉ាងមន្រ្តីរាជការក្នុងវិស័យហិរញ្ញវត្ថុ គឺជាអ្នករកថវិកាសម្រាប់ចំណាយ និងសម្រាប់ទិញសម្ភារក្នុងវិស័យការពារជាតិ។ ចំណែកគ្រូបង្រៀន បានបង្រៀនកូនយើងឱ្យក្លាយជាធនធានមនុស្ស និងដើម្បីចេញទៅច្បាំងការពារជាតិ និងប្រជាជន។ ដូច្នេះហើយ ពួកគេគឺបានធ្វើពលិកម្មដើម្បីបម្រើជាតិ និងប្រជាជនដូចគ្នា។
ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អគ្គលេខាធិការរងសមាគម បានអញ្ជើញឡើងអានសេចក្ដីសម្រេចស្ដីពីការតែងតាំងសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) តាមវិស័យទាំង៣២ ។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្តីទី បានអញ្ជើញប្រគល់សេចក្តីសម្រេច និងត្រារបស់សមាគម ជូនដល់ថ្នាក់ដឹកនាំតាមវិស័យទាំង ៣២ ក្រសួង ស្ថាប័នថា ព្រមទាំងមានប្រសាសន៍ថ្លែងអំណរគុណ គាំទ្រ និងកោតសរសើរ យ៉ាងពេញទំហឹងជូនចំពោះ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគម ដែលបានគ្រប់គ្រង និងដឹកនាំការងារនានារបស់សមាគមរហូត ទទួលបានលទ្ធផលល្អប្រសើរគួរជាទីគាប់ចិត្តដូចបច្ចុប្បន្ន។ ឯកឧត្តមសន្តិបណ្ឌិត ក៏បានណែនាំឱ្យ ប្រធាន អនុប្រធាន និងថ្នាក់ដឹកនាំសមាគមតាមវិស័យ ទាំង៣២ គួរយកគំរូនៃការគ្រប់គ្រង ដឹកនាំសមាគមតាមឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ដើម្បីធ្វើឱ្យប្រសើរឡើងតាមស្ថាប័នរបស់ខ្លួន។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បន្ថែមថា សម្តេចតេជោ សម្តេចធិបតី លោកបានក្រសោបទាំងអស់ទាំងអតីតយុទ្ធជន ទាំងនិវត្តជន ឱ្យមានអង្គការចាត់តាំងមួយ ជាក្បាលម៉ាស៊ីនមួយ ដែលការគិតគួរនេះគឺក្នុងគោលបំណងលើកតម្កើងគុណតម្លៃ គុណបំណាច់អតីតយុទ្ធជន និងនិវត្តជន ដោយយើងបានឯកភាពគ្នាថាយើងបានក្លាយជាគ្រួសារធំ១ បើគ្មានអតីតយុទ្ធជន បើគ្មាននិវត្តជន ក៏មិនមានពួកយើងថ្ងៃនេះ និងមានការរីកចម្រើនដូចថ្ងៃនេះដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមសន្តិបណ្ឌិត ក៏បានផ្តល់អនុសាសន៍សំខាន់ៗ ជូនដល់ ថ្នាក់ដឹកនាំ អ.ន.ក. តាមវិស័យទាំងអស់ត្រូវធ្វើយ៉ាងណាឱ្យសមាគមសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាមានដំណើរការ និងមានការរីកចម្រើនទៅមុខ៕



