ខេត្តព្រះសីហនុទាក់ទាញគម្រោងវិនិយោគថ្មីចំនួន ៣៥ បន្ថែមទៀត ក្នុងទំហំទុនជាង ១៥៦ លានដុល្លារអាមេរិក

ក្រុងព្រះសីហនុ៖ វិស័យវិនិយោគនៅក្នុងខេត្តព្រះសីហនុ នៅតែបន្តបង្ហាញសញ្ញាវិជ្ជមានយ៉ាងខ្លាំងក្លា ខណៈដែលគម្រោងថ្មីៗចំនួន ៣៥ ត្រូវបានដាក់ឆ្លងកិច្ចប្រជុំពិភាក្សា ដើម្បីជំរុញការអនុវត្តឱ្យបានឆាប់រហ័ស ក្នុងគោលដៅប្រែក្លាយខេត្តជាប់មាត់សមុទ្រមួយនេះ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង។
កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាយ៉ាងម៉ត់ចត់លើសំណើគម្រោងទាំង ៣៥ ដែលមានទុនវិនិយោគសរុបប្រមាណ ១៥៦,៤ លានដុល្លារអាមេរិក។ គម្រោងទាំងនេះគ្របដណ្តប់លើវិស័យយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ រួមមាន៖
១ វិស័យផលិតកម្ម និងឧស្សាហកម្ម វិស័យនេះនៅតែជាឆ្អឹងខ្នងនៃកំណើនការងារ តាមរយៈការបង្កើតរោងចក្រផលិតកម្មចម្រុះរួមមាន រោងចក្រផលិតចំណីសត្វ និងសិប្បកម្មកែច្នៃប្រេងឆា រោងចក្រផលិតគ្រឿងសង្ហារិម កេសកាតុង និងបំពង់ទឹក។
២. បរិស្ថាន និងបច្ចេកវិទ្យាបៃតង ដើម្បីឆ្លើយតបទៅនឹងនិន្នាការសកល ខេត្តព្រះសីហនុកំពុងងាកមកចាប់យកការវិនិយោគដែលមិនប៉ះពាល់ដល់បរិស្ថាន រួមមាន រោងចក្រកែច្នៃសំណល់ ដើម្បីគ្រប់គ្រងបរិស្ថានក្រុងឱ្យបានល្អប្រសើរ និងការបង្កើតស្ថានីយសាករថយន្តអគ្គិសនី (EV Charging Stations) ដើម្បីគាំទ្រដល់ការប្រើប្រាស់ថាមពលស្អាត។
៣. អចលនទ្រព្យ និងសេវាកម្មទំនើប ពង្រឹងសក្តានុពលផ្នែកពាណិជ្ជកម្ម និងបដិសណ្ឋារកិច្ច តាមរយៈការសាងសង់អគារពហុមុខងារ (Mixed-use Buildings)។
គម្រោងសណ្ឋាគារលំដាប់ខ្ពស់ និងផ្សារទំនើបខ្នាតធំ ដើម្បីបម្រើដល់ការរស់នៅ និងទេសចរណ៍។
សូមបញ្ជាក់ថា ការហូរចូលនៃទុនវិនិយោគជាង ១៥៦ លានដុល្លារក្នុងពេលតែមួយនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីទំនុកចិត្តរបស់អ្នកវិនិយោគមកលើស្ថិរភាពនយោបាយ និងសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជា។ គម្រោងទាំងនេះ មិនត្រឹមតែជួយបង្កើតឱកាសការងាររាប់ពាន់កន្លែងជូនប្រជាពលរដ្ឋក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសង្វាក់ផលិតកម្មក្នុងស្រុកឱ្យកាន់តែសម្បូរបែបផងដែរ៕

រូបភាព ៖ រដ្ឋបាលខេត្តព្រះសីហនុ
អត្ថបទ ៖ មន្ទីរព័ត៌មានខេត្តព្រះសីហនុ